ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ.ស.ម.ក) សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ (OHCHR) ប្រកាស​បើក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា​ចំនួន ៦០ ​លើក ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០២១ តទៅ​។

លោក កត្ដា អ៊ន អ្នកនាំពាក្យ គ.ស.ម.ក ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា សេចក្ដី​ព្រាងច្បាប់​នេះ គឺជា​ស្នាដៃ​ដំបូង​របស់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដូច្នេះ​ដើម្បីឱ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​កាន់​តែ​មាន​ធាតុ​ចូល ឆ្លុះបញ្ចាំង​ទៅលើ​ទិដ្ឋភាព និន្នាកា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទើប គ.ស.ម.ក បាន​សម្រេច​ដាក់​សេចក្ដី​ព្រាងច្បាប់​នេះ​ឱ្យ​មាន​ការពិគ្រោះ​យោបល់​ចាប់ពី​ខែកក្កដា​នេះ​រហូត​ដល់​ដំណាច់ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​ដំណើរការ​ពិគ្រោះ​យោបល់​នេះ គឺ​យើង​គ្រោង​នឹងធ្វើ​ឡើង​ប្រមាណ​ជា​ ៦០​ កិច្ច​ពិគ្រោះយោបល់​ជាមួយ​នឹង​គណបក្ស​នយោបាយ ក្រសួង ស្ថាប័ន រួមជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​គ្រប់​ប្រភេទ ដើម្បី​ធ្វើយ៉ាងណា​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​»​។

លោក​ អ៊ន ឱ្យដឹងថា សាធារណជន​ក៏​អាច​ផ្ដល់យោបល់ ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​តាមរយៈ Facebook Page និង Telegram Channel របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែលមាន​តំណ​ភ្ជាប់ ហ្វេសប៊ុក Cambodian Human Rights Committee និង តេឡេក្រាម Comment on NHRC Law (https://t.me/comment_on_NHRC_Law)​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ស.ម.ក កាលពី​ថ្ងៃទី​ ៨ ខែកក្កដា បានឱ្យ​ដឹងថា កិច្ច​ពិគ្រោះ​យោបល់​នឹង​បែងចែក​ជា​ក្រុម​ពិគ្រោះ​យោបល់​តាម​វិស័យ​សិទ្ធិមនុស្ស​នីមួយៗ​ហើយ​គ្រោង​នឹងធ្វើ​ឡើង តាមរយៈ​ការជួបប្រជុំ​ពិគ្រោះ​យោបល់​ដោយផ្ទាល់​ ឬ​/​និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference)​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ លើកឡើង​ថា កាលពី​ឆ្នាំ​ ២០០៥ និង​ ២០០៦ ក៏មាន​ការជជែក​ និង​រៀបចំ​បង្កើត​គណៈកម្មការ​ជាតិ​សិទ្ធិមនុស្ស និង​ច្បាប់​ក្នុង​ការបង្កើត​ស្ថាប័ន​នេះ​ម្តង​រួចមក​ហើយ​។ ប៉ុន្តែ​មិនអាច​បង្កើតបាន ​ដោយសារ​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​យល់ថា ការបង្កើត​ស្ថាប័ន​គណៈកម្មការ​ជាតិ​សិទ្ធិមនុស្ស​ពេលនោះ​មិន​មាន​ឯករាជភាព​។

លោក​ថ្លែងថា ក្នុង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ជាដើម គេ​មាន​គណៈកម្មការ​ជាតិ​សិទ្ធិមនុស្ស​ដែល​គេ​ជឿជាក់ថា ស្ថាប័ន​នេះ​ឯករាជ្យ​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​តាមរយៈ​គណៈកម្មកា​សិទ្ធិមនុស្ស​កម្ពុជា ដែល​មាន​កិច្ចសហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​បានចាប់ផ្តើម​ពិភាក្សា​ពី​ការបង្កើត​ច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​គណៈកម្មការ​ជាតិ​សិទ្ធិមនុស្ស​។

លោក​បន្តថា​៖ «​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស គឺ​ចង់ឃើញ​ស្ថាប័ន​មួយ​នេះ​បង្កើតឡើង​ដោយមាន​ឯករាជភាព​។ ការពិភាក្សា និង​ពិគ្រោះ​យោបល់ គឺ​ត្រូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ និង​ទទួលយក​យោបល់​​ដែល​ធ្វើឱ្យ​ស្ថាប័ន​នេះ​ជា​ស្ថាប័ន​ឯករាជ្យ ដូច​បណ្តា​ប្រទេស​ផ្សេងៗ​»​។ បណ្ដា​ប្រទេស​ផ្សេងៗ​បាន​បង្កើត​ស្ថាប័ន​នេះ ដោយ​មាន​ឯករាជភាព​ជួយ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ការពារ​ដល់​ជនរងគ្រោះ​ដែល​កើតចេញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​មាន​សិទ្ធិ​ក្នុង​ការស៊ើបអង្កេត​លើ​​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ពួកគេ​។

លោក​បន្ត​​ថា​៖ «​ខ្ញុំ​យល់ថា ប្រសិនបើ​ការពិភាក្សា និង​ការពិគ្រោះ​យោបល់​ហើយ​មិនអាច​ស្វែងរក​ការបង្កើត​ស្ថាប័ន​នេះ​ជា​ស្ថាប័ន​ឯករាជ្យ​ទេ អាច​នឹង​វិល​ទៅរក​លទ្ធផល​ដូច​ឆ្នាំ​ ២០០៥-២០០៦ ​គឺ​ការបង្កើត​ស្ថាប័ន​នេះ​មិនទាន់​អាចបង្កើត​បាន​»​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​មាន ៨ ជំពូក និង ៣២ មាត្រា​។ ក្នុង​មាត្រា​ ១ បាន​បញ្ជាក់ថា ច្បាប់​នេះ​មាន​គោលដៅ​បង្កើត និង​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស​ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និង​លិខិតូបករណ៍​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​។ សេចក្ដីព្រាង​ក្នុង​មាត្រា​ ១ ​ដដែល​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ និង​អព្យាក្រឹត​ក្នុង​ការបំពេញ​ការងារ​លើ​វិស័យ​សិទ្ធិមនុស្ស​»៕