ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន​បាននិង​កំពុង​តែ​បន្ត​ចុះ​តាមដាន​ការបញ្ជាក់​លិខិត​ទិញ​លក់​ដី​រដ្ឋ ​ផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ ទីតាំង​ដី​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បាន​ចុះ​ហត្ថលេខា​កន្លងមក រំលោភ​ចូល​ដី​រដ្ឋ​។

កាលពី​ខែឧសភា ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត ១ ច្បាប់ បញ្ជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដី លិខិត​ទិញ-លក់​ដី​រដ្ឋ ឬ​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​។ ក្នុងនោះ​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ធ្វើ​មោឃភាព​រាល់​ហត្ថលេខា ឬ​លិខិតបញ្ជាក់ ដែល​បានធ្វើ​កន្លងមក​ផងដែរ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ កក្កដា​ថា មួយរយៈ​ចុងក្រោយ​នេះ​ឃើញ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​តំបន់​ការពារ​ធម្មជាតិ​បាន​ចូលរួម​អនុវត្ត​វិធានការ​នេះ​យ៉ាងសកម្ម និង​បាន​ចេញ​ការណែនាំ ដល់​មន្ត្រី​ក្រោមបង្គាប់​របស់ខ្លួន​ឱ្យ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​​ផងដែរ​។

បើទោះជា​មាន​ការចូលរួម​យ៉ាងដូច្នេះ​លោក នេត្រ ភក្ត្រា ក៏បាន​អះអាងថា មន្ត្រី​បរិស្ថាន​នៅ​តែ​បន្តសកម្មភាព​ចុះ​តាមដាន​សកម្មភាព​អាជ្ញាធរ​ដែនដី ដែល​ស្ថិតក្នុង​តំបន់​ការពារ​ទាំងនេះ ដើម្បី​ទប់ស្កាត់ និង​មាន​ចំណាត់ការ​ណាមួយ​នៅពេល​ពួកគេ នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ល្មើស​។

លោក ព្រមាន​ថា ចំពោះ​ចំណាត់ការ​នេះ គឺ​មិន​ត្រឹមតែ​ជនល្មើស​ដែលជា​មេខ្យល់​នោះទេ សូម្បី​អាជ្ញាធរ​ដែនដី ដែលជា​មេភូមិ មេឃុំ​ផង​នោះ​ក៏​នឹងត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន សុំ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​ចាញ់បោក​មេខ្យល់ ឬ​អ្នក​ទិញដូរ​ដី​ខ្យល់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ គ្មាន​នរណាម្នាក់​អាច​លក់​ដី នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​បានទេ ហើយ​សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់ ដែល​នាំឱ្យ​បាត់បង់ ឬ​ប៉ះពាល់​ដល់​ផលប្រយោជន៍​។ យើង​កំពុងតែបន្ត​ស៊ើបអង្កេត​រក​មេខ្លោង ដែល​ប្រើប្រាស់​ប្រជាពលរដ្ឋ​ក្នុង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​»​។

លោក កែវ សុភ័ក្ដ្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ កក្កដា តាមរយៈ​ការចុះ​អង្កេត​បាន​ឱ្យ​ដឹងថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​បាន​ចូលរួម​អនុវត្ត​សកម្មភាព​បាន​យ៉ាង​ល្អ ដោយ​ក្នុង​នោះ​ថ្នាក់​ខេត្ត ក៏បាន​ចេញ​លិខិត​ណែនាំ​បន្តទៅ​​ថ្នាក់ក្រោម ដើម្បី​ឱ្យ​បញ្ឈប់​សកម្មភាព និង​ចូលរួម​មោឃភាព​លិខិត​ដែល​ពួកគេ​បានបញ្ជាក់​ផងដែរ​។

លោក សុភ័ក្ដ្រ បាន​អះអាង​ថា​៖ «​យើង​បន្ត​ចុះ​ឃ្លាំមើល និង​ស៊ើបអង្កេត នៅក្នុង​តំបន់​ការពារ​ធម្មជាតិ បន្តទៀត ព្រោះ​ក្រែង​នៅតែ​មាន​ការប្រព្រឹត្ត​បទល្មើស ចេញ​លិខិតបញ្ជាក់ ឬ​ចុះហត្ថលេខា​ណាមួយ​ពី​អាជ្ញាធរ​ភូមិ ឃុំ​»​។

កាលពី​ខែឧសភា មាន​មេឃុំ-មេភូមិ​មួយចំនួន​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​មន្ត្រី​បរិស្ថាន អញ្ជើញ​ឱ្យមកធ្វើ​កិច្ចសន្យា​ក្នុងការ​បញ្ឈប់​ការបញ្ជាក់​លិខិត​ទិញ​លក់​ដី​រដ្ឋ ផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី នៅក្នុង​ដែន​ឧទ្យាន​ជាតិ ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ និង​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ​។ សកម្មភាព​ទាំងនេះ​ក៏​កើតមាន​ចំពោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ដែល​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ជីវចម្រុះ​ផងដែរ រហូត​ដល់​ពួកគេ ចេញ​លិខិត​មោឃភាព និង​និរាករណ៍​រាល់​ហត្ថលេខា និង​លិខិត​ដែល​ពួកគេ​បាន​បញ្ជាក់​នាពេល​កន្លងមក​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៨ កក្កដា​ថា ប្រសិនបើ​ករណី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងនោះ​នៅ​តែ​ប្រព្រឹត្តល្មើស​ទៅ​នឹង​បម្រាម​នេះ ក្រសួង​បរិស្ថាន គួរតែ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​តាមរយៈ​ការដាក់​ទោសទណ្ឌ​តាម​ផ្នែក​រដ្ឋបាល ឬក៏​មាន​ការបណ្តេញចេញ​ជាដើម បើ​ប្រព្រឹត្ត​ទង្វើ​ធ្ងន់ធ្ងរ​។

លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា​៖ «​ធ្វើទៅ​តាមច្បាប់​ដែលមាន​ទៅ បើ​មាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស បើទោះជា​ក្រសួង​មហាផ្ទៃ អាច​អនុវត្ត​វិធានការ​រដ្ឋបាល ឬ​ក៏​ធ្វើការ​ផ្លាស់ប្តូរ​មន្ត្រី​ណាមួយ​។ ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​ជា​ស្ថាប័ន​ខ្សែ​បណោ្តយ​របស់​រាជរដ្ឋាភិបាល មាន​សិទ្ធិ​សម្រេច​ផងដែរ ព្រោះ​អភិបាលខេត្ត​មួយៗ មិនមែន​អភិបាលខេត្ត​របស់​ក្រសួងមហាផ្ទៃ​ទេ គឺជា​អភិបាល​តំណាង​របស់​រាជរដ្ឋាភិបាល ហើយ​ក្រសួង​នីមួយៗ គឺអាច​ដាក់ចេញ​វិធានការ​តាមច្បាប់​»៕

វីដេអូ៖