ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក​ប្រទេស​តួកគី​បាន​ក្លាយជា​ទិសដៅ​កំពូល​សម្រាប់​និស្សិត​កម្ពុជា ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ថ្នាក់​ឧត្តមសិក្សា ឬ​ថ្នាក់ក្រោម​ឧត្តមសិក្សា​។ ចំនួន​និស្សិត​កំពុង​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ក្នុងនោះ​មាន​និស្សិត​ខ្មែរ​ជាង​ ៥០០ ​នាក់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​តួកគី​លើ​មុខជំនាញ​ផ្សេងៗ​។

ទន្ទឹមនឹង​ការផ្តល់​ឱកាស​ដល់​និស្សិត​ខ្មែរ​ឱ្យទៅ​សិក្សា​នៅ​ប្រទេស​តួកគី រដ្ឋាភិបាល​តួកគី​ក៏បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​នៅ​កម្ពុជា ដោយ​ផ្អែកលើ​តម្រូវការ និង​សមត្ថភាព​សិក្សា​។ បទសម្ភាស​ចុងក្រោយ​នៃ​បេក្ខជន​ដែល​ជាប់​ការជ្រើសរើស​ទាំង​ ៨ ​នាក់​ត្រូវ​បាន​ធ្វើឡើង​នៅ​ស្ថានទូត​តួកគី​សម្រាប់​អាហារូបករណ៍ «Türkiye Scholarships» ហើយ​ការប្រកាស​លទ្ធផល​នឹងត្រូវ​ធ្វើ​នៅ​ខែ​សីហា​។ អ្នកទទួលបាន​អាហារូបករណ៍​នឹង​ចាប់ផ្តើម​ការសិក្សា​របស់​ពួកគេ​នៅក្នុង​ប្រទេស​តួកគី​នៅ​ពាក់កណ្តាល​ខែកញ្ញា​។

ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា លោកជំទាវ Ayda Ünlü បាន​មានប្រសាសន៍​ថា​៖ «​ជាមួយ​នឹង​អាហារូបករណ៍​ទាំងនេះ គោលបំណង​របស់​យើង​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន និង​បន្ត​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា ដើម្បី​សិក្សា​ និង​ទទួល​បទពិសោធ​ពី​ប្រទេស​តួកគី​។

កម្មវិធី​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នេះ គឺ​ត្រូវបាន​ផ្តល់ជូន​និស្សិត​ឆ្នើម និង​អ្នកស្រាវជ្រាវ ដើម្បី​បន្ត​ការសិក្សា​ពេញ​ម៉ោង ឬ​រយៈពេល​ខ្លី នៅ​សាកលវិទ្យាល័យ​កំពូលៗ​ក្នុង​ប្រទេស​តួកគី​។ គោលបំណង​នៃ​អាហារូបករណ៍ Türkiye Scholarships គឺ​បង្កើត​បណ្តាញ​មេដឹកនាំ​ពេលអនាគត​ដែល​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​សង្គម​។

ទន្ទឹមនឹង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ថ្លៃ​សិក្សា បង់ថ្លៃ​កន្លែង​ស្នាក់នៅ​ និង​ធានារ៉ាប់រង​សុខភាព កម្មវិធី អាហារូបករណ៍ Türkiye Scholarships ក៏​ផ្តល់​កន្លែង​សិក្សា​ផ្នែក​សង្គម និង​វប្បធម៌​នៅ​គ្រប់​កម្រិត​នៃ​កម្រិត​ឧត្តមសិក្សា​ផងដែរ​។

ការដាក់​ពាក្យ​សម្រាប់​ថ្នាក់ PhDs និង​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ គឺ​ចាប់ផ្តើម​នៅ​ខែមករា​ និង​ខែកុម្ភៈ ជា​រៀងរាល់ឆ្នាំ ដែល​ការសម្ភាស​នឹងត្រូវ​ធ្វើឡើង​នៅ​ខែមិថុនា និង​ខែកក្កដា​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ស្ថានទូត​តួកគី ឬ​ទំព័រ​ហ្វេសប៊ុក,Twitter ឬ Instagram៕