ភ្នំពេញៈ ក្រសួងបរិស្ថាន​សម្រេច​យក​ឈើ​ប្រមាណ​ ១ ៣៤៧ ​ម៉ែត្រគុប ដែល​រឹបអូស​បាន​ពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២១ ​ដើម្បី​ផលិត​ក្ដារ​មឈូស​សម្រាប់​អ្នកទទួល​មរណភាព​ ដោយសារ​​ជំងឺ​កូវីដ​មឈូស​ផ្តល់ជូន​អាជ្ញាធរ​​ពាក់ព័ន្ធ​ប្រើប្រាស់​សម្រាប់​តម្កល់​​សព​អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​បានទទួល​មរណភាព​។

ការសម្រេច​យ៉ាង​ដូច្នេះ​គឺ​ដើម្បី​ចូលរួម និង​អនុវត្តតាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃទី​ ១ កក្កដា​ ដោយបាន​បញ្ជា​ឱ្យ​ប្រមូល​ទិញ​ក្ការមឈូស​ដែលមាន​ដាក់លក់​ទាំងអស់​នៅលើ​ទីផ្សារ​ឱ្យ​​បាន​ ៨០ ​ភាគរយ ដើម្បី​ស្ដុក​ទុក​តាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​សម្រាប់​ដាក់​សព​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ក្រសួងបរិស្ថាន​បាន​យក​ឈើ​ដែល​មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​រឹបអូស​បាន​ពី​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​ធ្វើ​ក្តារមឈូស​ផ្តល់ជូន​គណៈកម្មការ​ជាតិ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​ដើម្បី​ប្រើប្រាស់​ដាក់​តម្កល់សព​អ្នកជំងឺ​កូវីដ​ ១៩ ដែល​បានទទួល​មរណភាព​។

លោក​បាន​បន្តថា គម្រោង​នេះ​នឹង​យក​ឈើ​សរុប​ប្រមាណ ១ ៣៤៧ ​ម៉ែត្រគុប ដែល​រឹបអូស​បានមកពី​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ​នេះ មក​ផលិត​ជា​ក្តារ​មឈូស ហើយ​តាម​ការប៉ាន់ស្មាន ឈើ​ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ក្រសួងបរិស្ថាន​អាច​ផលិត​ក្តារមឈូស​បាន​ប្រមាណ​ជាង​ ១ ០០០​។

លោក​បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ១១ ខែ កក្កដា ឆ្នាំ​ ២០២១ មន្ទីរបរិស្ថាន​ខេត្ត​ចំនួន​ ១២ ដែលមាន​ឈើ​ស្រាប់​បាន​ផលិត​ក្តារមឈូស​បាន​ចំនួន​ ៤០៥ និង​បាន​កំពុង​បន្ត​ការផលិត​បន្ថែមទៀត​។ បច្ចុប្បន្ននេះ​​ក្តារមឈូស​ដែល​ផលិត​បាន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ខ្លះៗ​ហើយ​»​។

លោក នេត្រ ភក្ត្រា បានឱ្យ​ដឹងថា ក្តារ​មឈូស​ដែល​ផលិត​រួច ត្រូវបាន​ប្រគល់ជូន​អនុគណៈកម្មការ​គ្រប់គ្រង​សព​អ្នកជំងឺ​កូវីដ​ ១៩ ​ដើម្បី​ចាត់ចែង​ និង​ចែកចាយ​ទៅ​អនុគណៈកម្មការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ថ្នាក់​ខេត្ត ដើម្បី​ប្រើប្រាស់​ដាក់​សព​អ្នកជំងឺ​កូវីដ​ ១៩​។

លោក​បាន​បន្ថែមថា​៖ «​នេះ​គឺជា​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​​ ហើយ​នេះ​គឺជា​ការរក្សា​កិត្តិយស និង​តម្លៃ​ជា​មនុស្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ពលរដ្ឋ​ខ្មែរ​ហើយ​ជា​ប្រពៃណី​ទំនៀម​ខ្មែរ​ក្នុង​ការគោរព​ចំពោះ​សព និង​ការជូន​ដំណើរ​ជា​ចុងក្រោយ​ចំពោះ​ពលរដ្ឋ​អ្នកជំងឺ​​កូវីដ​ ១៩ ដែលជា​អកុសល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​បរិបទ​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ទាំងនេះ​គឺជា​ការចូលរួមចំណែក និង​បន្ថែម​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​បាន​ចាត់ទុក​ការចូលរួម​នេះ​ថា​៖ «​នេះ​ជា​ការខិតខំ​រក​ដំណោះស្រាយ ដើម្បី​ទុកដាក់​សព​ដែលមាន​វីរុស​កូវីដ​ ១៩ បាន​ត្រឹមត្រូវ​ដែល​ជា​ភារកិច្ច​របស់​អនុគណ:កម្មការ​គ្រប់គ្រង​សព​ផងដែរ​»​។

គិត​មកទល់​ថ្ងៃទី​ ១១ ខែកក្កដា​​ឆ្នាំ​ ២០២១ មាន​អ្នកជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៩០២ ​នាក់​ហើយ ដែល​បាន​បាត់បង់​ជីវិត​ចាប់តាំងពី​កម្ពុជា​មាន​ករណី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ខណៈ បច្ចុប្បន្ន​អត្រា​ស្លាប់​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស គឺ​មាន​ចន្លោះ​ពី ២០ ទៅ​ជាង​ ៣០ ​នាក់​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែងថា ការត្រៀម​ក្ការ​មឈូស​សម្រាប់​អ្នករងគ្រោះ​ដល់​ជីវិត​ ដោយសារ​ជំងឺ​កូវីដ​ ១៩ គឺជា​កាយវិការ​មួយ​ក្នុង​ការយកចិត្ត​ទុកដាក់​បំពេញ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

ក៏ប៉ុន្តែ​លោក​ថា បើ​មើល ១ ​ជ្រុង​ទៀត ការប្រកាស​យ៉ាង​ដូច្នេះ ហាក់ដូចជា​យន្តការ​មួយ​ក្នុង​ការបំភ័យ និង​ការបំបាក់ទឹកចិត្ត​ពលរដ្ឋ​មួយផ្នែក​ដែរ ដែល​បញ្ហា​នេះ រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​រិះរក​គ្រប់​មធ្យោបាយ ជាពិសេស​យុទ្ធសាស្ត្រ ឬ​យន្តការ​ថ្មីៗ ដើម្បី​ទប់ស្កាត់​ការរីករាលដាល និង​ការព្យាបាល​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

ចំណែក​ករណី​ក្រសួងបរិស្ថាន​​ប្រើប្រាស់​ឈើ​ដែល​រឹបអូស​បាន​យក​​មក​ធ្វើជា​ក្ដារមឈូស​នេះ លោក ប៉ា ច័ន្ទរឿន បាន​ថ្លែងថា នេះ​ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ ក៏ប៉ុន្តែ​វា​មិនមែន​ជា​ការល្អ និង​ជា​ចំណាត់ការ​ដ៏មាន​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​នោះទេ ប្រសិនបើ​យក​ឈើ​ប្រណីត​ដែល​រឹបអូស​បាន​ទៅ​ធ្វើ​មឈូស​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា ឈើ​ដែល​រឹបអូស​ភាគច្រើន គឺ​សុទ្ធតែ​ជា​ឈើ​ប្រណីត ប្រសិន​បើ​យក​ឈើ​ធម្មតា​ទៅ​ធ្វើ​មឈូស​នោះ គឺ​មិន​ចោទ​ជា​បញ្ហា​ ឬ​ខុស​អី​ទេ​។ ប៉ុន្តែ​បើ​យក​ឈើ​ប្រណីត ដែល​រឹបអូស​បាន​យក​ទៅ​ធ្វើ​មឈូស​គឺ​ខ្ញុំ​គិត​ថា​ជា​ការខាតបង់​មួយ​។ គួរតែ​យក​ឈើ​ប្រណីត​ទាំងនោះ​ទៅ​​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គម​អ្វី​ផ្សេង ដូចជា​ការសាងសង់​សាលារៀន​នៅតាម​តំបន់​ដាច់ស្រយាល​ជាដើម​»​។

ជាមួយ​នឹង​ការត្រៀម​ក្ដារមឈូស​នេះដែរ លោក ប៉ា ច័ន្ទរឿន បាន​លើកឡើង​ថា តាម​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ពេលនេះ គឺអាច​ធ្វើបាន​ដោយ​ខ្លួនឯង គ្រាន់តែ​ផលិត​ក្ការមឈូស សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ប្រទេស ដោយ​ពុំ​ចាំបាច់​បញ្ជា​ទិញ ឬ​នាំចូល​ពី​ប្រទេស​ជិតខាង​នោះទេ​៕