ភ្នំពេញៈ ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​រយៈពេល​ជាង ១ ​ឆ្នាំ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បាន​រកឃើញ និង​បង្ក្រាប​ករណី​ឆបោក​តាម​បណ្តាញ​សង្គម​មាន​ ១០ ​ករណី និង​ករណី​មួយចំនួន​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែកក្កដា ថា ករណី​ឆបោក​តាម​បណ្តាញ​សង្គម​មិនមាន​ច្រើន​នោះទេ​ហើយ​ខាង​នាយកដ្ឋាន​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

ក្នុងអំឡុង​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ពលរដ្ឋ​ភាគច្រើន គឺ​សម្រាក​នៅផ្ទះ និង​បាន​ប្រើប្រាស់​បណ្តាញសង្គម​ច្រើន​ដោយពេល​ខ្លះ បាន​បញ្ជា​ទិញ​ទំនិញ​តាម​អនឡាញ ខណៈ​ការដឹកជញ្ជូន​មាន​ភាពយឺតយ៉ាវ​ក៏​គាត់​គិតថា គេ​បោកប្រាស់​ដែរ ប៉ុន្តែ​មិនមែន​ដូច្នោះ​ទេ ព្រោះ​ពេលនោះ​កម្ពុជា​មាន​ការរឹតត្បិត​ក្នុង​ការធ្វើដំណើរ ដែល​បណ្តាលឱ្យ​អ្នក​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ មាន​ភាពយឺតយ៉ាវ​។

ពលរដ្ឋ​មួយចំនួន បញ្ជា​ទិញ​ទំនិញ តាម​អនឡាញ​ដោយ​មិនមាន​ភាពច្បាស់លាស់​ដោយ​ខ្លួនឯង ហើយ​បាន​វេរ​លុយ​ចូលទៅ​អ្នកផ្សេង​ក៏​ត្រូវបាន​ចាត់ទុកថា គេ​បោកប្រាស់​គាត់ ប៉ុន្តែ​នៅពេលដែល​មន្ត្រី​ប្រាប់​គាត់​ពី​មូលហេតុ ពួកគាត់​ក៏​អស់ចិត្ត និង​ពេលខ្លះ​ក៏​ទទួលបាន​លុយ​មកវិញ​ដែរ​។

លោក​ ពៅ បញ្ជាក់ថា​៖ «​ដូច្នេះ មុននឹង​សម្រេចចិត្ត​ទិញ​ទំនិញ​តាម​អនឡាញ​ខ្ញុំ​ស្នើសុំ ថា​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ទំនិញ​។ មុននឹង​វេរ​លុយ​ជូន ត្រូវតែ​សួរ ឈ្មោះ​អ្នកលក់​អីវ៉ាន់ ហ្នឹង​មែន​អត់​»​។

លោក​ ពៅ បញ្ជាក់ទៀតថា ចំពោះ​ករណី​ឆបោក​តាម​បណ្តាញ​សង្គម តាមរយៈ​ការបរិច្ចាគ​សាច់ប្រាក់ ឬ​សុំ​ខ្ចីលុយ​ក៏​មិនសូវ​កើតឡើង​ដែរ​។ ទោះជា​យ៉ាងណា លោក​បាន​ស្នើឱ្យ​ពលរដ្ឋ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវ​ពិនិត្យមើល​លើ​ទំព័រ​ផេច​ផ្លូវការ​របស់​ក្រុមហ៊ុន ផេច​ផ្លូវការ​របស់​អង្គការ និង​​ផេច​ផ្លូវការ​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​ជាដើម មុននឹង​បរិច្ចាគ​ធនធាន​របស់ខ្លួន​។

លោក អ៊ឹម សុធី នាយកប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា (YCC) ឱ្យដឹងថា តាម​លោក​ពិនិត្យ​មើល​ជាក់ស្តែង​ករណី​ឆបោក​តាម​បណ្តាញ​សង្គម​មាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រូបភាព​បង្កើត​អាខោន​ក្លែងក្លាយ ស្របពេល​ដែល​ពលរដ្ឋ​កម្ពុជា មិនទាន់​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បណ្តាញសង្គម​។

ក្នុងករណីនេះ​រដ្ឋាភិបាល​តាមរយៈ​ស្ថាប័ន​ជំនាញ​គួរតែ មានច្បាប់​ (Cyber Law) ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា ក៏​ដូច​បណ្តាញសង្គម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ពលរដ្ឋ​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​។ មួយវិញទៀត​អាជ្ញាធរ​ក៏​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​ណាមួយ​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​ពី​ការប្រើប្រាស់​បណ្តាញសង្គម​ក៏ដូចជា​អ៊ីនធឺណិត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការកើតឡើង​នៃ​ការឆបោក​តាម​បណ្តាញ​សង្គម​។

លោក សុធី ​ថ្លែងថា​៖ «​ករណី​បោកប្រាស់​តាម​បណ្តាញ​សង្គម​នេះ ឮ​ច្រើន​មែន​...​ទាល់តែ​យើង​ទៅប្តឹង​ទៅ​អាជ្ញាធរ ជាពិសេស​អាជ្ញាធរ​នៅ​ក្រសួងមហាផ្ទៃ គេ​មាន​ជំនាញ គេ​គ្រប់គ្រង​ទៅលើ​បច្ចេកវិទ្យា គេ​ចាប់បាន​ទាំងអស់ អត់​ដូច​មុន​ទេ​»៕