
ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ ១៩ បន្ថែមចំនួន ៥ ០០០ តេស្ត សម្រាប់ប្រើប្រាស់តាមអង្គភាពក្រោមឱវាទក្រសួង និងការដ្ឋានចាំបាច់មួយចំនួន ក្រោយពីឧបករណ៍ធ្វើតេស្តរហ័ស ចំនួន ៤ ០០០ ទៀត ត្រូវបានបញ្ជាទិញយកមកប្រើប្រាស់រួចរាល់។
កាលពីដើមសប្តាហ៍មុន ក្រសួងសាធារណការ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលពីរបៀបធ្វើតេស្តរហ័ស (Rapid Test) ជូនដល់មន្ត្រីរាជការជាជនបង្គោលទាំង ២៥ រាជធានី-ខេត្ត ជាមួយនឹងឧបករណ៍តេស្តរហ័ស ដែលបានបញ្ជាទិញចំនួន ២ ០០០ តេស្ត និង ២ ០០០ តេស្តទៀត បានប្រគល់ជូនទៅឲ្យមន្ទីរពេទ្យកាល់ម៉ែត។
លោក កែន រដ្ឋា អគ្គនាយកនៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការស្វែងរកប្រភពចម្លង និងអាចមានលទ្ធភាពកាត់ផ្ដាច់ឫសគល់មេរោគកូវីដ ១៩ នេះ ប្រកបដោយប្រសិទ្ធភាព ក្រសួងបានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័សជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់តាមអង្គភាពក្រោមឱវាទក្រសួង និងការដ្ឋានចាំបាច់មួយចំនួន។
លោកបានបញ្ជាក់ថា៖«យើងបានបញ្ជាទិញបន្ថែមចំនួន ៥ ០០០ ទៀត ដែលនឹងមកដល់នៅចុងសប្តាហ៍នេះ បន្ទាប់ពីចំនួន ៤ ០០០ តេស្ត បានយកមកប្រើប្រាស់រួចរាល់ហើយ។ យើងមានតេស្តនេះ គឺស្រួលមែនទែន ដែលនាំឲ្យយើងដឹងលទ្ធផលបានរហ័ស និងងាយទប់ស្កាត់ កុំឱ្យឆ្លងចូលក្រសួង»។
ក្រៅពីបញ្ជាទិញឧករណ៍តេស្តរហ័សនេះ លោក កែន រដ្ឋា បានអះអាងថា ក្រសួងក៏បានបញ្ជាទិញ និងបម្រុងទុកឱសថចិន (LIANHUA QINGWEN JIAONANG)មួយចំនួនសម្រាប់ផ្តល់ជូនដល់បុគ្គលិក មន្ត្រីរាជការណាដែលមានហានិភ័យឆ្លង ឬបានឆ្លងជំងឺកូវីដ ១៩ ប្រើប្រាស់ផងដែរ៕