ភ្នំពេញ៖ ក្នុង​រយៈពេល​ជាង ១ ឆ្នាំ ដោយ​គិត​ចាប់ពី​ខែមិថុនា ​ឆ្នាំមុន​ រហូត​ដល់​ដើម​ខែ​កក្កដា ​ឆ្នាំ ២០២១ នេះមាន​ពលរដ្ឋ​ស្លាប់​ដោយ​សារ​ពុលស្រាស​និង​ស្រាថ្នាំ​មាន​ចំនួន​ ៧០ នាក់​នៅ​ទូទាំង​ប្រទេស។ នេះបើ​តាម​របាយ​ការណ៍រ​បស់ អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំនេះ។

របាយ​ការណ៍​នេះ​បញ្ជាក់​ថា នៅ​ខែមិថុនា ឆ្នាំ ​២០២០ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​ មាន​អ្នកស្លាប់​ចំនួន ​៧​ នាក់ ដោយ​សារ​ផឹក​ស្រា​ថ្នាំ​តាំង​កួយ។ ចំណែក​ខែវិច្ឆិ​កា ឆ្នាំ ២០២០ នៅ​ស្រុក​ទឹក​ផុស​ខេត្ត​កំពង់​ឆ្នាំង ​មាន​អ្នកស្លាប់​ដោយ​សារ​ផឹក​ស្រាស ចំនួន ១៥ នាក់ ។

រីឯក្នុង​ខែឧសភា ​ឆ្នាំ ២០២១​ នៅស្រុក​ល្វាឯម ខេត្ត​កណ្ដាល​ មាន​ស្លាប់​ ១៤ នាក់ ​ដោយ​សារ​ផឹក​ស្រាស​និង​ស្រា​ថ្នាំ ខណៈខែ​ឧសភា​ដដែល​ ក៏មាន​អ្នក​ស្លាប់​ចំនួន ​១០ នាក់​ នៅ​ស្រុក​កំពង់​ត្រាច ​ខេត្តកំពត ដោយសារ​ផឹកស្រា​ថ្នាំ ។ ចំណែក​នៅខែមិថុនា ឆ្នាំ​ ២០២១​ នៅ​ភូមិ​សាន​សរ និង​ភូមិ​ថ្កោល​ធំ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍​សាត់ មនុស្ស ៧ នាក់ ស្លាប់ដោយ​សារ​ផឹកស្រា ស និង​ស្រាថ្នាំ ហើយនៅ​ក្នុង​ខែមិថុនា​ដដែល​ នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង ក៏មាន​អ្នកស្លាប់​ចំនួន​ ៤ នាក់ ដោយសារ​ផឹក​ស្រាស និង​ស្រាថ្នាំ​ផង​ដែរ​​។

ដោយ​ឡែក​នៅ​ដើម​សប្តាហ៍​ខែ​ក​ក្កដា ឆ្នាំ ២០២១ នេះ មាន​អ្នក​ស្លាប់​ចំនួន ១០ នាក់ នៅ​ភូមិ​កោះ​ជ្វាំង ឃុំ​ស្វាយ​ទង​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត​ និងនៅ​ភូមិ​លើ​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ក៏​កើតមាន​ករណី​ពុល​ស្រាស​ ស្រាថ្នាំ បណ្តាល​ឲ្យ​ស្លាប់​បុរស​អ្នក​ផឹកស្រា​ថ្នាំ​នោះ​ចំនួន​ ៣​ នាក់​ផងដែរ​៕

វីដេអូ៖