ភ្នំពេញៈ ​តាម​លទ្ធ​ផល​ជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រទេស ​លើក​ទី៣​ ឆ្នាំ​នេះ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​បរិស្ថាន ​និង​ក្រុម​ការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា ​បាន​កត់ត្រា​វត្ត​មាន​សត្វត្មាត​បាន​ចំនួន ១២១ ​ក្បាល​ ខណៈ​ការ​ជំរឿន​នេះ​នឹង​ត្រូវធ្វើ​ ២ ​លើក​ទៀត​ ដើម្បី​សន្មត់​​ពី​ចំនួន​សត្វ​ត្មាត​ឆ្នាំនេះ ​តើ​ធ្លាក់​ចុះ​ឬ​កើន​ឡើង។

យោង​តាម​របាយការ​ណ៍​ស្ដីពី​លទ្ធ​ផល​ជំរឿន​ សត្វត្មាត​របស់​ក្រសួង​បរិស្ថាន ​ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍ ​ទទួល​បាន​នៅ​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា ​បាន​ឱ្យដឹង​ថា ក្រុម​ការងារ​អភិ​រក្ស​សត្វ​ត្មាត​កម្ពុជា​ កាល​ពីថ្ងៃ​ទី ២០​ ខែ មិនថុនា ​ឆ្នាំ ២០២១​ បាន​ធ្វើជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រ​ទេស​នៅ​ក្នុង​ទីតាំង​អាហារ​ដ្ឋាន​ត្មាត​ចំនួន​ ៤ ​គឺ​អាហារ​ដ្ឋាន​ត្មាត​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃសៀម​ប៉ាង​ ក្នុង​ខេត្ត​​ស្ទឹង​ត្រែង អាហារ​ដ្ឋាន​ត្មាត​ ដែន​ជម្រក​សត្វ​ព្រៃឆែប​ក្នុង​ខេត្ត​ព្រះវិហារ ​អាហារដ្ឋាន​ត្មាត​ ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ក្នុង​ខេត្ត​ក្រចេះ ​និង​អាហារ​ដ្ឋាន​ត្មាត​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ក្នុង​ខេត្ត​មណ្ឌល​គិរី​។

ក្រុម​ការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បាន​កត់ត្រា​វត្ត​មាន​សត្វ​ត្មាត​បាន​ចំនួន ​១២១ ​ក្បាល​ ក្នុង​នោះ​មាន​ត្មាត​ភ្លើង ​២០ ​ក្បាល ​ត្មាត​ផេះ ​៦៦​ ក្បាល ​និង​ត្មាត​ត្នោត​ ៣៥ ​ក្បាល។ ​

ដោយ​ឡែក​លទ្ធ​ផល​នៃ​ការ​ធ្វើ​ជំរឿន​ កាល​ពី​ថ្ងៃទី​ ១០ ​ខែ មិថុនា ​ឆ្នាំ ​២០២១ ​ក្រុម​ការងារ​រាប់​ឃើញ​សត្វ​ត្មាត​ចំនួន ​៨២ ​ក្បាល ​ក្នុង​នោះ​ មាន​ត្មាត​ភ្លើង​ ១៣​ ក្បាល​ ត្មាត​ផេះ ​៤២​ ក្បាល ​និង​ត្មាត​ត្នោត ​២៧​ ក្បាល​។ នេះ​បើតាម​របាយ​ការណ៍​បញ្ជាក់​។

លោក ​នេត្រ ភក្ត្រា មន្រ្ដី​នាំពាក្យ​ ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​​នៅ​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​​ថា ​ជំរឿន​សត្វ​ត្មាត​កម្ពុជា​នា​ថ្ងៃទី​ ២០ ខែ ​មិថុនា​ ឆ្នាំ​ ២០២១ ​ជា​ជំរឿន​លើក​ទី៣ ​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​ ដែល​ត្មាត​ចំនួន ​១២១​ ក្បាល ​ត្រូវ​បាន​កត់​ត្រា​។​

ការ​ធ្វើជំ​រឿន​សត្វ​ត្មាត​កម្ពុជា ​ធ្វើ​ឡើង​ចំនួន ​៥ ​ដង​ក្នុង​ ១ ឆ្នាំ ​គឺ​នៅ​ថ្ងៃទី ​១០ ​ខែ មីនា​ ថ្ងៃទី ​១០​ ខែ មិថុនា​ ថ្ងៃ​​ទី ២០ ខែ ​មិថុនា​ ថ្ងៃទី ២០ ​ខែកញ្ញា ​និង​ថ្ងៃទី ២០​ ខែធ្នូ ​ជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​ចំនួន​មួយ ​ដែល​មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​នឹង​ការ​ធ្វើ​ជំរឿន​ កាល​ពីថ្ងៃទី​ ១០​ ខែ មិថុនា​ ឆ្នាំ ​២០២១ ​កន្លង​ទៅ ​មាន​សត្វត្បាត​ចំនួន​ ៨២ ​ក្បាល​ត្រូវ​បាន​កត់ត្រា​»។

សមាស​ភាព​ក្រុម​ការងារ​អភិ​រក្ស​សត្វ​ត្មាត​កម្ពុជា​រួម​មាន​ ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ (Bird Life) ​អង្គការ​មូល​និធិ​សកល​សម្រាប់​ធម្មជាតិ ​(WWF) ​មជ្ឈ​មណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈ​ចម្រុះ ​(ACCB) ​អង្គ​ការសមា​គម​អភិរក្ស​សត្វ​ព្រៃ ​(WCS) ​អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​ (NLC) ក្រុម​ហ៊ុន​ Rising Phoenix ​អង្គការ​ CBGA ​ក្រុមហ៊ុន ​SVC Tour ​និង ​មជ្ឈ​មណ្ឌល​អភិរក្ស​ជីវៈ​ចម្រុះ​ (CBC)​។

លោក ​ភក្ត្រា បាន​ថ្លែង​អំណារ​គុណ​ចំពោះក្រ​សួង​ស្ថាប័ននិង​អង្គ​ការ​ដៃ​គូ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​ជំរឿន​សត្វ​ត្មាត​កម្ពុជា​ឆ្នាំ​នេះ​។​ ការ​ធ្វើជំរឿន ​រាប់​ចំនួន​សត្វ​ត្មាត​នេះ ​គឺមាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ឱ្យ​បាន​ដឹង​ពី​ចំនួន​ពិត​នៃ​សត្វ​ត្មាត​នៅ​កម្ពុជា ​និង​ស្ថាន​ភាព​នៃ​ការ​វិវត្ត​ជុំវិញ​ចំនួន​សត្វ​ត្មាត​។

លោក​បន្តថា​៖ «​នេះ​ជា​ការ​អង្កេត​តាម​ដាន​ជីវៈ​ចម្រុះ​នៅ​ក្នុង​តំបន់​ការពារធម្ម​ជាតិ​នៅ​ក​ម្ពុជា ដើម្បី​ដឹង​ថា ​តើនៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​មាន​វត្ត​មាន​សត្វ​ព្រៃ​ ជីវៈ​ចម្រុះ​អ្វីខ្លះ​ដើម្បី​​ងាយ​ស្រួល​ក្នុង​ការរៀប​ចំផែន​ការការពារ​ និង​អភិ​រក្ស​ឱ្យមា​ន​ប្រសិទ្ធ​ភាព​ខ្ពស់​ សំដៅ​ថែរក្សា​ឱ្យ​បាន​នូវ​ជីវៈ​ចម្រុះ​ដែល​កម្ពុជា​មាន​»។

បើតាម​លោក​ ភក្ត្រា ​លទ្ធ​ផល​ជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​ ២០២០ ​គឺ​បាន​កត់​ត្រា​ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត​ មាន​តែ​ ​១២៩ ​ក្បាល​ប៉ុណ្ណោះ​។

លោក​ កែន ​សេរីរដ្ឋា​ នាយក​កម្មវិធី​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) ​បាន​ឱ្យដឹង​ថា ប្រភេទ​សត្វ​ត្មាត​ជិត​ផុត​ពូជ​បំផុត​ ដែល​មាន​វត្ត​មាន​នៅ​កម្ពុជា គឺត្មាត​ផេះ ត្មាត​ភ្លើង និង​ត្មាត​ត្នោត។ អង្គការ WCS បាន​រៀបចំ​ផ្តល់​ចំណី​បន្ថែម​ តាម​រយៈ​ការ​ធ្វើ​អាហារ​ដ្ឋាន​ត្មាត ដើម្បី​តាម​ដាន​ពី​ចំនួន​សត្វ​ត្មាត​។

លោក​ថ្លែង​ថា​៖«អង្គការ​ WCS សហការ​ជាមួយ​ក្រសួង​បរិស្ថាន អនុវត្ត​នូវ​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការ​ពារធ​ម្មជាតិ​តាម​រយៈ​ការ​ផ្តល់​ចំណីប​ន្ថែម និង​ការការ​ពារ​សម្បុក​ពង​កូន​ អភិវឌ្ឍការ​យល់​ដឹង​ស៊ី​ជម្រៅ​ នៃកត្តា​ប្រឈម​ដល់​សត្វ​ត្មាត​នៅក្នុង​ខេត្ត​ព្រះ​វិហារ​»។

លោក​ថ្លែង​ថា អង្គការ WCS សហការ​ជាមួយ​ក្រសួង​បរិស្ថាន និងអង្គការ អភិរក្ស ផ្សេង​ទៀត អនុវត្ត​នូវ​សកម្មភាព​អភិរក្ស​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ តាម​រយៈ​ការ​ផ្តល់​ចំណី​បន្ថែម​ និង​ការការពារ​សម្បុក​ពង​កូន​ អភិវឌ្ឍ​ការយល់​ដឹងស៊ី​ជម្រៅ នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​៕