ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សា​របឹង​កេងកង ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​ ១៣ ខែ កក្កដា ឆ្នាំ​ ២០២១ តទៅ ក្រោយពី​បាន​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ត្រឹមត្រូវ និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែងដែលអាចដំណើរការឡើងវិញបាន ប៉ុន្តែ​បន្តអនុវត្ត​នូវ​វិធានការការពារ​ចាំបាច់​នានា​។​

ផ្សា​របឹង​កេងកង ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ប្រកាស​បិទ​បណ្តោះអាសន្ន​មួយរយៈ បន្ទាប់​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ជា​បន្ត​បន្តា​ប់​។​

សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១២ កក្កដា​នេះ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ការចាប់ផ្ដើម​បើក​ដំណើរការ​ផ្សារ​ឡើងវិញ គណៈកម្មការ​ផ្សា​របឹង​កេងកង ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩​ ដោយ អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​​ទៅយក​សំណាក​វិភាគ រក​មេរោគ​កូ​វីដ​ ១៩ លើក​ទី​២ តាម​កាលកំណត់​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​ត្រូវ​បង្ហាញ​លទ្ធផល តេស្ត​អវិជ្ជមាន ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់បុគ្គលម្នាក់ៗ និង​ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ជាថ្មី ក្នុង​មូលដ្ឋាន​អាជីវកម្ម​​។​

សាលា​រាជធានីបាន​បញ្ជាក់ថា​៖ «​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​សកម្មភាព ការងារ មុខរបរ អាជីវកម្ម និង​ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ត្រូវ​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ​ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង​ផ្សារ ដើម្បី​រក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​សុវត្ថិភាព​បុគ្គល​-​សង្គម​»​។​

បន្ថែម​ពីនេះ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​តម្លា​ត​សុវត្ថិភាព គឺជា​ករណី​ជា​ចាំបាច់ ដែល​ត្រូវអនុវត្ត​គ្រប់ពេល ហើយ​ក្នុងករណី​មិន​ពាក់​ម៉ាស គឺ​ត្រូវ​ផាកពិន័យ​ប្រាក់​ជា​អន្តរការណ៍​ចន្លោះ​ពី ២០០.០០០​ រៀល ដល់ ១.០០០.០០០ ​រៀល ដោយ​គ្មាន​ការលើកលែង​។​

លោក ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ថ្លែង​ក្នុង​សេចក្តីសម្រេចរបស់លោក​ថា ​ក្នុងការ​បំពេញ​វិធានការ និង​ភាពចាំបាច់​នានា ត្រូវបាន​ប្រគល់ជូនរ​ដ្ឋ​បាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​ផ្សា​របឹង​កេងកង សំដៅ ធានា​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។​

លោកបាន​បញ្ជាក់ថា​៖ «​ក្នុងករណី​រកឃើញថា គណៈកម្មការ​ផ្សារ បុគ្គល​ណា​ម្នាក់ មិន​ព្រម​សហការ មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​ទេ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​»៕

វីដេអូ៖