ក្រចេះៈ កម្លាំង​នគរបាល​ជំនាញ​ស្រុក​ព្រែក​ប្រសព្វ កំពុង​បន្ត​ស្រាវជ្រាវ​ ដើម្បី​ឈានដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដែល​គេ​ជឿថា ជា​អ្នក​លួច​ដាក់ពង្រាយ​អន្ទាក់​​អគ្គិសនី ​ចាប់​សត្វព្រៃ ​ហើយ​បាន​បង្ក​ឲ្យ​ឆក់​ប្រជាកសិករ​ម្នាក់​ស្លាប់ ​កាលពី​ចុង​សប្ដាហ៍​មុន។

លោក ច័ន្ទ សុ​ផល្លា អធិការ​ស្រុក​ព្រែក​ប្រសព្វ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១២ ខែ​ កក្កដា ​ឆ្នាំ ២០២១ ថា ជន​រង​គ្រោះ ឈ្មោះ ស៊ា​ង សុខ អាយុ ​៥៥ ​ឆ្នាំ ជា​កសិករ​នៅ​ឃុំ​ជ្រោយ​បន្ទាយ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ ប្រទះឃើញ​ស្លាប់​នៅក្បែរ​មាត់​បឹង​មួយ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ពី​ភូមិ បន្ទាប់ពី​គាត់​បានចេញ​រក​ឆ្លុះ​ចាប់​ត្រី និង កង្កែប​នៅតាម​វាល​ស្រែ ជាប់​មាត់បឹង ​កាលពី​ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ ហើយ​បាន​បាត់​ខ្លួន​ពេញ​មួយ​យប់ មិន​ឃើញ​ត្រឡប់ទៅផ្ទះ​វិញ។

លោក​ថ្លែងថា៖ «តាម​ការពិនិត្យ​ទៅលើ​ស្លាកស្នាម​នៅ​កន្លែង​កើត​ហេតុ ជន​រង​គ្រោះ មាន​ស្នាម​ឆេះ​រលាក​លើ​រាងកាយ ជាច្រើន​កន្លែង ដែល​អាច​បណ្ដាលមកពី​រង​ការ​ឆក់​ដោយ​អន្ទាក់​អគ្គិសនី ដែល​ត្រូវបាន​ជនខិលខូច​លួច​ដាក់ពង្រាយ​ដើម្បី​ចាប់​សត្វព្រៃ​ដោយ​ខុស​ច្បាប់»។

បើតាម​ លោក សុ​ផល្លា ការស្លាប់​របស់​ជនរ​ង​គ្រោះ​ គឺជា​ករណី «មនុស្សឃាត​ដោយ​អ​ចេតនា» ហើយ​នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ និង​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ដែល​បាន​លួច​ដាក់​ពង្រាយ​អន្ទាក់​អគ្គិសនី​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​នោះ​ហើយ ប៉ុន្តែ​លោក​បាន​ស្នើសុំ​មិន​ផ្ដល់​អត្ត​សញ្ញាណរ​បស់ជន​ស​ង្ស័​យ​រហូត​ដល់ មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូបនោះ​បាន​សម្រេច​សិន​។

លោក​​បញ្ជាក់ថា៖«ជាការ​ពិត នៅពេលនេះ​ កម្លាំង​នគរបាល​ជំនាញ​យើង​ បានកំណត់​មុខសញ្ញា​ជនសង្ស័យ​នោះបាន​ហើយ ប៉ុន្តែ​ដោយសារ​ករណីនេះ កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត ហើយ​ជន​នោះ​ គ្រាន់តែ​ជា​ជនសង្ស័យ ដូច្នេះ​ខ្ញុំ​សូម​មិន​ប្រាប់​ពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​នោះទេ រហូត​ជន​នោះ​ត្រូវបាន​ឃាត់ខ្លួន​បានសម្រេច​ទៅតាម​នីតិវីធី​ច្បាប់»។

ទោះយ៉ាងណា​ មន្ត្រីនគរបាល​មូលដ្ឋាន​ម្នាក់ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ជនសង្ស័យ ជា​មុខសញ្ញា ដាក់​អន្ទាក់​អគ្គិសនី​ ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​នោះ គឺជា​អ្នក​រស់នៅក្នុង​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ហើយ​ជននេះ​ ជា​មុខសញ្ញា​ចាស់​។

ប្រភព​ដដែល​នោះបាន​អះអាងថា នៅពេលនេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ឃ្លាំមើល​សកម្មភាព​របស់​ជន​មុខសញ្ញា​នោះ​យ៉ាង​ស្ងប់ស្ងាត់​បំផុត ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម និង ដើម្បី​ឈានដល់​ការស្នើសុំ​ដីកា ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​នោះ ទៅតាម​ផ្លូវ​ច្បាប់៕