ភ្នំពេញៈ មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​ នៃ​រាជធានី​ភ្នំពេញ ​និយាយ​ថា ​នៅ​ព្រឹក​ថ្ងៃទី ​១២ ​កក្កដា​ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន ​២ លើក​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​បាន​បណ្ដាល​ឲ្យឆេះ​ខូច​ខាត​ទាំង​ស្រុង​នូវ​ឃ្លាំងស្តុក​ ​គ្រឿង​បរិក្ខារ​អគ្គិសនី​ចំនួន១​និង​បន្ទប់​ផ្ទះ​ល្វែង ២ ​ដែល​ធ្វើ​ពី​ឈើ​នៅ​ជាន់​ទី៥។

លោក​ ព្រំ យ៉ន ​ប្រធាន​ការិយាល័យ​បង្ការ ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា ​ករណី​គ្រោះ​អគ្គិភ័យ​លើកទី១ ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​ ៣:៣០ នាទី​ព្រឹក​ទៀប​ភ្លឺ នៅ​ចំណុច​ឃ្លាំង​លេខ​ ២២៩​ ផ្លូវ​បេតុង​ក្រុមទី៣ ​ភូមិ​អូរ​បែកក្អម​ សង្កាត់​អូរ​បែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ ឃ្លាំង​នោះ​មាន​ទំហំ​ ១០ ម៉ែត្រ​ គុណ​នឹង ១២ ម៉ែត្រ​ ជាប្រភេទ​សំណង់​ថ្ម​បេតុង ​ប្រក់​ស័ង្កសី ​និង​ផ្ទុក​ពេញ​ទៅ​ដោយ​គ្រឿង​បរិក្ខារ​អគ្គិសនី​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ​លី ប៉ាវ ​អាយុ ​៤៥ ឆ្នាំ។ ​

លោក​ថ្លែងថា​៖ «ទាំង​សំណង់ ​និង​គ្រឿង​បរិក្ខារ​អគ្គិសនី ​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង ​ប៉ុន្តែ​មិន​បង្កការ​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​ដទៃ​ឡើយ​ ហើយ​ក៏​មិនបង្ក​គ្រោះថ្នាក់​ដល់​អ្នកណា​ម្នាក់​ឡើយ។ គ្រោះ​អគ្គិភ័យ​នេះ ​បង្កឡើង​ដោយ​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី»។

លោក​បន្តថា ​ករណី​គ្រោះ​អគ្គិភ័យនេះ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បង្ការ ​និង​ពន្លត់​អគ្គិភ័យ​ រាជធានី​ភ្នំពេញ ​រួមសហ​ការ​ពី​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៃ​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ​បាន​ចំណាយ​ពេល​ប្រមាណ​១ម៉ោង ​ទើប​អាច​ពន្លត់​អគ្គិ​ភ័យ​នោះ​ទាំងស្រុង​បាន​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​១៦គ្រឿង ​និង​ប្រើប្រាស់​ទឹក​អស់​១៣២​ម៉ែត្រ​គុប។

​លោក​ ព្រំ យ៉ន ​បានបន្តថា ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ​គឺ​នៅ​វេលាម៉ោង ​១០:១៥ នាទី​ព្រឹក​ក៏មាន​គ្រោះ​អគ្គិភ័យ​មួយ​ទៀត​ បាន​កើត​ឡើង ​នៅ​ចំណុច​ផ្ទះ​លេខ ​១៩ ​ផ្លូវ ​១១៨ ​ភូមិ ៥ ​សង្កាត់​ដេប៉ូទី៣ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ ករណី​នេះ​ បាន​បណ្ដាលឲ្យ​ផ្ទះ​ល្វែង​ទំហំ ​៤ ម៉ែត្រ​គុណ​ ៦ ម៉ែត្រ ​មាន ​២ បន្ទប់​ធ្វើ​ពី​ឈើ ​នៅជាន់​ទី៥ ​ដែលមាន​ម្ចាស់​ឈ្មោះ​ ឱ សំអាត​ អាយុ ​៦៧ ឆ្នាំ ​ជាស្ត្រី​មេផ្ទះ ​បាន​រងការ​ឆេះ​ខូចខាត​ទាំង​ស្រុង។

លោក​បញ្ជាក់​ថា​៖ «យោង​តាម​ការរៀបរាប់​របស់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​ករណី​អគ្គិភ័យ​នេះ ​បង្កឡើង​ដោយ​ផ្ទុះ​កំប៉ុង​ហ្គាស​ដាំ​ស្ល។ ព្រោះ​អ្នក​ជិតខាង​បានឮ​សូរ​សំឡេង​ផ្ទុះ​មុន​ពេល​ឃើញ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ​នៅក្នុង​បន្ទប់​ផ្ទះ​ល្វែង​នោះ។ ករណី​នេះ​ក៏គ្មាន​អ្នកណា​ម្នាក់​រង​របួស​នោះ​ដែរ​ ព្រោះ​ពេល​កើតហេតុ​ម្ចាស់​ផ្ទះ​មិន​នៅ»។

យ៉ាង​ណាក៏ដោយ ​ករណីនេះ​សមត្ថកិច្ច​បានប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន​ ៥ គ្រឿង ​ប៉ុន្តែ​បានបាញ់​ទឹក​អស់​ត្រឹមតែ​៣​គ្រឿង​ប៉ុណ្ណោះ ​ក៏រលត់​អស់​ទៅវិញ ​ដោយសារ​តែ​អ្នកជិត​ខាង​ ដែលនៅ​អគារ​ខ្ពស់ៗ​ក្បែរ​នោះ ជួយ​បាញ់​ទឹក​ពី​លើ​មក​ពន្លត់​ផង​ដែរ ​មុន​ពេល​កម្លាំង​អន្តរាគមន៍​បាន​ទៅ​ដល់៕