ស្វាយរៀង/កំពង់ស្ពឺៈ ​រដ្ឋបាលខេត្ត​ស្វាយរៀង​សម្រេច​បន្ត​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​ ៧ ​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​ ១២ កក្កដា ដល់​ថ្ងៃទី​ ១៨ ខែកក្កដា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ខណៈ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូវីដ​ក្នុង​​ខេត្ត​នេះ​នៅ​មិនទាន់​ទប់ស្កាត់បាន​ទាំងស្រុង ស្រប​ពេលដែល​ខេត្ត​កំពង់ស្ពឺ​មាន​ការផ្អាក​ការផ្ដល់​សេវា​ផ្នែក​បរិស្ថាន​​ ដោយសារ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​។

ការសម្រេច​នេះ​ធ្វើឡើង​តាមរយៈ​​សេចក្ដី​ណែនាំ​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដែល​បានចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃទី​ ១១ ខែ​​កក្កដា​ ឱ្យ​បន្ត​ផ្អាក​ការលក់ដូរ​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​បន្ថែមចំនួន​ ៧ ​ថ្ងៃ​ទៀត​គិត​ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៨ ​ខែកក្កដា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ​ផ្សេងៗ​ទៀត​ក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​។

នៅក្នុង​លិខិត​នោះ លោក ម៉ែន វិបុល បានឱ្យ​ដឹងថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ “​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​” ​នៅក្នុង​ខេត្តស្វាយរៀង នៅ​មិនទាន់​ទប់ស្កាត់បាន​ទាំងស្រុង​នៅឡើយ​។ ពេលនេះ​កំពុងមាន​ការឆ្លង​រាលដាល​ជា​បន្តបន្ទាប់​ទៀត ទើប​រដ្ឋបាលខេត្ត​ស្វាយរៀង​សម្រេច​បន្ត​វិធានការ​នេះ​បន្ថែម​ ដើម្បី​ធានា​ការពារ​អាយុជីវិត​បងប្អូន​ពលរដ្ឋ សុខភាព​សាធារណៈ ក៏ដូចជា​សណ្តាប់ធ្នាប់​សង្គម​។

លិខិត​ដដែល​បញ្ជាក់ថា «​គ្រប់​ផ្សាររដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​លក់​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ ទីតាំង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ និង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង ត្រូវ​ផ្អាក​នូវ​ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​ ១២ ខែកក្កដា​​ ដល់​ថ្ងៃទី​ ១៨ ខែ កក្កដា ឆ្នាំ​ ២០២១»​។

ជាមួយ​នេះ​ដែរ អភិបាលខេត្ត​ស្វាយរៀង​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ពលរដ្ឋ​ចំពោះ​ការជួបជុំ​ប្រមូលផ្តុំ​គ្នាច្រើន​ពី​ផ្ទះ​ ១ ​ទៅផ្ទះ​ ១ ដើម្បី​ពិសា​គ្រឿង​ស្រវឹង​គឺ​ត្រូវបាន​ហាមឃាត់​ជាដាច់ខាត​។

លោក​បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការ​ណែនាំ​ស្តីពី​ការហាមឃាត់ និង​ទប់ស្កាត់​ការជួបជុំ​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ​ចែកចាយ ម្ចាស់​ហាង ម្ចាស់​តូប​លក់ដូរ ក៏ដូចជា​ម្ចាស់​ទីតាំង អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​គ្រឿង​ស្រវឹង មិន​អនុវត្តតាម​ការណែនាំ​នេះ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ស្របតាម​វិធានការ​រដ្ឋបាល​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង លោក កែរ រដ្ឋា បាន​ថ្លែង​ពី​ម្សិលមិញ​ថា អភិបាលខេត្ត​ស្វាយរៀង​បាន​បញ្ជា​ឱ្យ​ផ្អាក​ការធ្វើដំណើរ​ចេញ-ចូល​របស់​ពលរដ្ឋ​ជាមួយ​ប្រទេស​វៀតណាម ដោយ​ទុកឱ្យ​ដំណើរការ​តែ​ការដោះដូរ​ទំនិញ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ឯកឧត្តម​អភិបាលខេត្ត លោក​ពង្រឹង​ឱ្យ​យើង​ត្រួតពិនិត្យ​តាម​ព្រំដែន ច្រករបៀង​ក៏​យើង​ត្រួតពិនិត្យ​ដែរ ហើយ​ប្រសិនបើ​មាន​ការលួច​ចូល​តាម​ចន្លោះ​ដែល​មិនមាន​ការត្រួតពិនិត្យ​ហ្នឹង​ក៏​ពេល​​មកដល់​អាជ្ញាធរ​គាត់​ចាប់បាន យក​​ទៅធ្វើ​ចត្តាឡីស័ក ព្រោះ​ពេលនេះ​យើង​មាន​មណ្ឌល​ចត្តាឡីស័ក​នៅ​គ្រប់​ស្រុក​ទាំងអស់ នៅ​ឃុំ​ក៏មានដែរ​។ អ្នក​ដែលមាន​ការប៉ះពាល់​ផ្ទាល់​គឺ​ត្រូវតែ​យកមក​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ថ្នាក់ស្រុក​»​។

បើតាម លោក កែរ រដ្ឋា គិត​មកទល់​ថ្ងៃទី​ ១២ ខែ​កក្កដា​នេះ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ជិត​ ៣ ៥០០ ​នាក់​ហើយ ខណៈ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ ៣៥ ​នាក់ និង​អ្នកស្លាប់​ដោយ​ជំងឺ​ផ្សេង ប៉ុន្តែ​មាន​ផ្ទុក​កូវីដ​ ១៩ ​មាន​ចំនួន​ ១៣ ​នាក់​។

ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ មន្ទីរ​បរិស្ថាន​ខេត្ត​បានប្រកាស​ជា​សាធារណៈ​ពី​ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​ការផ្តល់​សេវា​គ្រប់​ប្រភេទ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន ជូន​ដល់​ពលរដ្ឋ និង​សាធារណជន​ទាំងអស់​ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ២៦ ខែ​​កក្កដា​ផង​ដែរ​។

ក្នុង​សេចក្តី​ជូនដំណឹង​របស់​មន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ​ថ្ងៃទី​ ១២ ខែ​​កក្កដា​សរសេរថា​ «​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ត្រូវ​ត្រួតពិនិត្យ តាមដាន និង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​អញ្ជើញ​មក​ទទួល​សេវា​»៕