ភ្នំពេញៈ ខណៈ​កំពុង​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី កម្មករ​ប្រមូល​សំរាម​ ៣ ​នាក់ ត្រូវបាន​យុវជន​វ័យក្មេង​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង បុក​ពេញ​ ១ ​ទំហឹង បណ្ដាល​ឱ្យ​ស្លាប់​ ២ ​នាក់​នៅនឹង​កន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២:១៥ ​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​ ១២ ខែកក្កដា​ឆ្នាំ​ ២០២១ ស្ថិតនៅ​ចំណុច​ទល់មុខ​ផ្សារ​ពោធិ៍ចិនតុង ក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក សែម រតនា ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ទាំង​ ៣ ​នាក់ គឺជា​កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន MizudaGroup Co Ltd ដែល​រួមមាន​ឈ្មោះ សាន់ ឆៃ អាយុ​ ២៨ ​ឆ្នាំ ប៉ែន ចាន់ អាយុ​ ៤១ ​ឆ្នាំ អ្នក​ទាំង​ ២ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ​ ដួង គង់ អាយុ​ ៤២ ​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវ​បាន​នគរបាល​មូលដ្ឋាន ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​។

ចំណែក ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ​ នេត្រ នីសា អាយុ​ ១៧ ​ឆ្នាំ​ភេទ​ប្រុស​ត្រូវបាន​ឃាត់ខ្លួន និង​នាំយកមក​សាកសួរ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី-ភ្នំពេញ​។

លោក​ថា​៖ «​យោងតាម​កំណត់ហេតុ​របស់​មន្ត្រីនគរបាល​មូលដ្ឋាន ក្រោយពី​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​កម្មករ​ប្រមូល​សំរាម​ ២ ​នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ជនបង្ក​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​»​។

តាមរយៈ​កំណត់ហេតុ​ដដែល​នោះ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ព្រោះ​ក្រោយពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល ឃើញ​មាន​កម្រិត​ ០,៧ ​ភាគរយ​។

បើតាម​លោក រតនា នៅពេល​នេះ ជនបង្ក​កំពុង​ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ចំណែក​សាកសព ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្កហេតុ ម៉ាក CRV ត្រូវបាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី-ភ្នំពេញ​ដើម្បី​រង់ចាំ​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​។

លោក ហេង ឌីម៉ង់ តំណាង​ក្រុមហ៊ុន Mizuda Group Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​កន្លែង​រៀបចំ​ពិធី​បុណ្យសព​ជនរងគ្រោះ​នៅក្នុង​ខេត្ត​ស្វាយរៀង​ថា នៅពេលនេះ លោក​ និង​ក្រុមការងារ​បាន​នាំយក​ថវិកា​មួយចំនួន​មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជួយ​ដោះស្រាយ​ក្នុង​ពិធី​បុណ្យសព​។

លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​នេះ ក្រុមហ៊ុន​ក៏បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដែលជា​ដៃគូ​ឱ្យ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​អំឡុងពេល​បំពេញ​ការងារ​»​។

លោក​បន្ថែមថា ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ដែល​រងបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល និង​សម្ភព​សែនជ័យ ថ្លៃ​ព្យាបាល​ទាំងអស់​ជា​បន្ទុក​របស់​ក្រុមហ៊ុន​។

បើតាម​លោក ឌីម៉ង់ សំណង​ផ្សេងៗ​ដែល​ត្រូវ​ទាមទារ​ពី​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​គឺជា​កាតព្វកិច្ច​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ចាំបាច់​ត្រូវដាក់​ពាក្យ​ប្ដឹង​ដោយ​ផ្ទាល់​ទៅកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ឱ្យជួយ​ស្វែងរក​យុត្តិធម៌ សម្រាប់​សាច់ញាតិ ឬ ប្ដី​ដែល​បាន​ស្លាប់ និង​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​។

ជាមួយ​គ្នា​នេះ លោក​ ហេង ឌីម៉ង់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​និយម​ដើរ​កម្សាន្ត ក្នុងពេល​រាត្រី មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដោយ​កុំ​ព្យាយាម​បើកបរ​ក្នុងពេល​ដែល​ខ្លួន​កំពុង​ស្រវឹង ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ក្រុមកម្មករ​ដែល​កំពុង​ប្រមូល​សំរាម​នៅលើ​ដងផ្លូវ និង​ត្រូវ​ចូលរួម​វេចខ្ចប់​សំរាម​ដាក់​ក្នុង​ធុងសំរាម នៅតាម​ទីតាំង​ដែល​បានកំណត់​ឱ្យបាន​ត្រឹមត្រូវ​៕