ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​ ១២ ខែកក្កដា បាន​ជម្រាប​ទៅ លោក លោកស្រី​ប្រធាន ឬ​តំណាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ផ្អាក​ការធ្វើ​ដំណើរ​ចេញ-ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​បណ្តោះអាសន្ន ចំពោះ​បុគ្គលិក​កម្មករ​ជនជាតិ​វៀតណាម​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ វេង សាខុន បាន​បញ្ជាក់ថា សំណើ​ផ្អាក​ការចេញចូល​នេះ គឺ​យោងតាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១១ ខែ កក្កដា ឆ្នាំ​ ២០២១ ដែល​បានស្នើ​សុំឱ្យ​បណ្តា​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុងមាន​វត្តមាន​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់​ពី​កម្ពុជា​ទៅ​វៀតណាម និង​ពី​វៀតណាម​មក​កម្ពុជា​វិញ​ជា​បណ្ដោះអាសន្ន​។

ការស្នើ​នេះ​ គឺ​ធ្វើ​ចំពោះ​បុគ្គលិក​កម្មករ​ជនជាតិ​វៀតណាម​ទាំងអស់​ ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីករាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​សូម​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ដែលជា​ប្រធាន ឬ​តំណាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ជ្រាប​ និង​ចាត់​វិធាន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​»​។

លោក រស់ ផារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ស្វាយរៀង បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋបាល​ខេត្ដ​បាន​អនុវត្ដ​តាម​ការណែនាំ​ និង​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ ចំពោះ​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ចំណែក​ការផ្អាក​ការចេញចូល​ចំពោះ​បុគ្គលិក​កម្មករ​ជនជាតិ​វៀតណាម​ទាំងអស់​នេះ គឺ​រដ្ឋបាល​ខេត្ដ​ស្វាយរៀង​បាន​ជូនដំណឹង​ដល់​គ្រប់​ស្រុក​ដែល​មាន​ច្រកចេញចូល​តាម​ព្រំដែន​ឱ្យ​អនុវត្ដ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​រួចហើយ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​មិនទាន់​មាន​ទិន្នន័យ​តួលេខ​ច្បាស់​ទេ ចំពោះ​ការចេញចូល​ជាប្រចាំ​គ្រាន់តែ​កន្លងមក​ការចេញចូល​តាម​ច្រកព្រំដែន​ភាគច្រើន គឺជា​ការដោះដូរ​គ្នា​រវាង​ទំនិញ និង​បន្លែ​ជាដើម ហើយ​ការចេញចូល​ភាគច្រើន​គឺ​តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត​»​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋបាល​ខេត្ដ​យើង បាន​អនុវត្ដ​ជាប់​ជានិច្ច​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ពិសេស​ចំពោះ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ យើង​មិនអាច​ធ្វេសប្រហែស​បានទេ ក្នុង​ដំណាក់កាល​នេះ ដូច្នេះ​គឺ​យើង​ត្រូវតែ​រឹតបន្តឹង​តាម​បទបញ្ជា​ដែល​ថ្នាក់ដឹកនាំ​បានដាក់ចុះ​»​។

លោក​ លី សាវេត អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​តាកែវ បានឱ្យដឹងថា កន្លងមក​ទាក់ទង​នឹង​ការចេញចូល​តាម​ច្រកព្រំដែន​កម្ពុជា-វៀតណាម នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​តាកែវ គឺ​ភាគី​ទាំង​ ២ បាន​រឹតបន្តឹង​ជាប់​ជាប្រចាំ ហើយ​បន្ទាប់ពី​មានការ​ណែនាំ​បន្ថែម​ពី​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្ដ​នឹង​បន្ត​អនុវត្ដ​តាម​ការណែនាំ​នេះ​ជា​បន្តទៅទៀត​។

លោក​ថ្លែងថា​៖ «​កន្លងមក​នៅ​ច្រក​អន្តរជាតិ​តំបន់​ ១ គឺ​យើង​បាន​ពង្រឹង​លើ​ការចេញចូល​សម្រាប់​ភាគី​ទាំង​ ២ ​ជាប់លាប់​ជានិច្ច​។ នៅ​ច្រកព្រំដែន​យើង​ភាគច្រើន​គឺ​ចេញចូល​ដឹក​ទិន្នផល​ស្រូវ​ និង​ទំនិញ​ប្រើប្រាស់​នៅក្នុង​ខេត្ដ​មួយចំនួន​។ បច្ចុប្បន្ន ការដឹកជញ្ជូន​ទិន្នផល​ស្រូវ​ក៏បាន​ផុត​រដូវ​ប្រមូលផល​ទៀត ដូច្នេះ​មិនសូវ​មាន​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ទេ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​អនឡាញ កាលពី​ថ្ងៃទី​ ៩ ខែកក្កដា ឆ្នាំ​ ២០២១ ដោយបាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅតាម​ព្រំដែន​ប្រទេស​វៀតណាម ដោយសារ​តែ​ជនជាតិ​វៀតណាម​មួយចំនួន​នៅតែ​បន្ត​ឆ្លងដែន​ចេញ-ចូល​ប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ តាមរយៈ​ការថ្លែង​សារ​ពិសេស​ទៅ​កាន់​ប្រជាពលរដ្ឋ លោក ហ៊ុន សែន បាន​ណែនាំ​ម្តង​រួចមកហើយ​ក្នុង​ការទប់ស្កាត់​កុំឱ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន ចេញ-ចូល​។ ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៩ ​ខែកក្កដា លោកនាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា តាម​របាយការណ៍ គឺ​នៅតែមាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ចេញ-ចូល​ប្រទេស​កម្ពុជា​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​នៅតាម​ព្រំដែន​វៀតណាម យើង​សង្កេតឃើញថា បើ​យោងទៅតាម​របាយការណ៍​ដែល​បាន​បញ្ចូល​ទៅក្នុង​ក្រុមប្រឆាំង​កូវីដ ១៩ នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម អាណិកជន​វៀតណាម នៅតែ​ចេញចូល​។

អ៊ីចឹង​ទេ សូម​សម្ដេច​ក្រឡាហោម​ (​ស ខេង​) ណែ​នាំទៅ​បណ្ដា​ខេត្ដ​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ​ដោយសារ​រឿងនេះ​ខ្ញុំ​បាន​ជជែក​ជាមួយ​នាយករដ្ឋមន្ដ្រី​វៀតណាម នៅ​ហ្សាការតា​ផង ហើយ​ថ្ងៃមុន ក៏​ជួបគ្នា​តាម​ទូរស័ព្ទ​ថា ឱ្យ​ពង្រឹង​ការគ្រប់គ្រង​តាម​ទល់ដែន​។ ពេលដែល​ខ្ញុំ​ជួប​ជាមួយ​អគ្គរដ្ឋទូត​វៀតណាម ដែល​ស្នើសុំ​លា​ទៅ​ក៏បាន​លើក​ពី​បញ្ហា​នេះ​»៕