The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​មួយចំនួន បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់​ទីហ្ស៊ែន​កូវីដ​ ១៩




ក្រសួង​មួយចំនួន បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់​ទីហ្ស៊ែន​កូវីដ​ ១៩

Content image - Phnom Penh Post
ឧបករណ៍​តេស្ដ​រហ័ស រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ​ដែល​នាំចូល​។ ហេង ជីវ័ន

ក្រសួង​មួយចំនួន បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់​ទីហ្ស៊ែន​កូវីដ​ ១៩

ភ្នំពេញៈ ក្រសួង​មួយចំនួន​បាន​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រាប់ពាន់​តេស្ត​សម្រាប់​ធ្វើតេស្ត​មន្ត្រី​របស់ខ្លួន ដើម្បី​ចូលរួម​កាត់ផ្តាច់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​ស្ថាប័ន ខណៈ​ក្រសួង​ប្រៃសណីយ៍​បាន​អះអាងថា បាន​លក់​តេស្ត​រហ័ស​នេះ​បាន​ជាង​រាប់ម៉ឺន​តេស្ត​។

កាលពី​ថ្ងៃទី​ ៧ កក្កដា ក្រសួង​សុខាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន ស្ថាប័ន និង​អង្គភាព​រដ្ឋ​មិនមែន​សុខាភិបាល បណ្តា​ច្រកទ្វារ​ចេញ-ចូល​ប្រទេស ក្រុមហ៊ុន​ឯកជន រោងចក្រ សហគ្រាស ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត និង​នៅតាម​ផ្ទះ ឬ​សម្រាប់​បុគ្គល​ឯកជន ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​​អង់ទីហ្ស៊ែន​កូវីដ​ ១៩​។

គិត​ត្រឹម​ថ្ងៃទី​ ៧ ខែកក្កដា ក្រសួង​សុខាភិបាល​បានទទួល​ស្គាល់ និង​អនុញ្ញាតឱ្យ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ចំនួន ៤ ​ប្រភេទ រួមមាន ABBOTT PANBIO COVID-19 Ag RAPID TEST DEVICE, ROCHE SARS-CoV-2 Rapid Antigen Test 25T, STANDARD Q COVID-19 Ag Test និង INDICAID COVID-19 Rapid Antigen Test​។

ឧបករណ៍​តេស្ត​រហ័ស ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅពេល​មាន​ការសង្ស័យ​ពី​ការចម្លង​មេរោគ​កូវីដ​ ១៩ និង​នៅពេល​មាន​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ជា​វិធានការ​ស្រាវជ្រាវ និង​រុករក​អ្នកមាន​វិជ្ជមាន​ដទៃទៀត តាមរយៈ​ការពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ពាក់ព័ន្ធ​ដោយ​ប្រយោល​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស (Rapid Test) ប្រមាណ​ ៩ ​ពាន់​តេស្ត​ពី​ប្រទេស​កូរ៉េ សម្រាប់​ប្រើប្រាស់​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​ការដ្ឋាន​ចាំបាច់​មួយចំនួន​។

លោក កែន រដ្ឋា អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១២ កក្កដា ថា តេស្ត​រហ័ស​ដែល​បាន​បញ្ជា​ទិញ​នេះ គឺ​បាន​មកដល់​ក្រសួង ដើម្បី​យកមកប្រើ​ប្រាស់ ចែកចាយ​រួចមកហើយ​ចំនួន ៤ ​ពាន់​តេស្ត និង​ចំនួន ៥ ​ពាន់​តេស្ត​ទៀត បាន​បញ្ជា​ទិញ​បន្ថែម​ដែល​នឹងត្រូវ​មកដល់​នៅ​ចុង​សប្តាហ៍​នេះ​។

លោក​បាន​បញ្ជាក់ថា ការដែល​ក្រសួង​សាធារណការ​បាន​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​យក​មក​ប្រើប្រាស់​ដោយ​ខ្លួនឯង គឺ​ដើម្បី​ជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ការស្វែងរក​ប្រភព​ចម្លង​។

លោក​ថ្លែងថា ការធ្វើ​តេស្ត​រហ័ស​នេះ​បាន​ជួយ​កាត់ផ្ដាច់​ឫសគល់​មេរោគ​​កូវីដ​ ១៩ ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​ការឆ្លង​រីករាលដាល​មកកាន់​មន្ត្រី​នៃ​ក្រសួង​សាធារណការ​ផ្ទាល់​តែម្តង​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​តេស្ត​នេះ គឺ​ស្រួល​មែនទែន ដែល​នាំឱ្យ​យើង​ដឹង​លទ្ធផល​បាន​រហ័ស និង​ងាយ​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ចូល​ក្រសួង​។ បើ​ប្រៀបធៀប​ទៅ​គឺ​ជួយ​ការងារ​ក្រសួង​បាន​ច្រើន ព្រោះ​បើ​មន្ត្រី​យើង​ណា​ម្នាក់ មក​ធ្វើការ​មាន​ជំងឺ​នេះ គឺ​នឹង​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​ផ្សេងទៀត​។ ដូច្នេះ យើង​ធ្វើតេស្ត​អ្នកពាក់ព័ន្ធ​ភ្លាមៗ ដែល​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការបំពេញ​ការងារ​របស់​មន្ត្រី​យើង​»​។

លោក សូ វិសុទ្ធី អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១២ កក្កដា​ថា ក្រសួង​បាន​លក់​ចេញ​នូវ​ឧបករណ៍​តេស្ត​រហ័ស​បាន​ចំនួន​រាប់ម៉ឺន​តេស្ត​រួចមកហើយៗ​ក៏​នៅមាន​ការបញ្ជាទិញ​ពី​ស្ថាប័នរដ្ឋ និង​ឯកជន រាប់ម៉ឺន​តេស្ត​បន្ថែមទៀត ដែល​មិនទាន់​ដឹក​មកដល់​កម្ពុជា​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​និយាយថា ជា​បទពិសោធ​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ គឺ​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស គឺជា​មធ្យោបាយ​មួយ​ក្នុង​ការត្រួតពិនិត្យ និង​ស្វែងរក​ជំងឺ​នេះ ដើម្បី​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​នេះ​គឺជា​រឿង​ល្អ ដែល​ក្រសួង​ស្ថាប័ន​ទាំងនោះ​បាន​បញ្ជា​ទិញ និង​នាំចូល​ឧបករណ៍​តេស្ត​មកកាន់​ស្ថាប័ន​របស់​ពួកគេ ដើម្បី​តាមដាន​រាល់​បញ្ហា​របស់​មន្ត្រី​»​។ «​សម្រាប់​ខ្ញុំ ដើម្បី​ធានា​អំពី​សុខ​សុវត្ថិភាព គឺ​ក្រសួង ក៏​ត្រូវ​ពិនិត្យ ​តាមដាន ឱ្យបាន​ហ្មត់ចត់​ដែរ ជាពិសេស​ធ្វើឱ្យ​ប្រាកដថា ក្រុមហ៊ុន​ឯកជន ពិតជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ពី​អ្នក​ផលិត ឬក៏​ពី​ប្រភព​ដែល​អាច​ទុកចិត្តបាន និង​តាម​ស្តង់ដា​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​។ ចំណែក​វិស័យ​រដ្ឋ​វិញ ត្រូវ​មាន​តម្លាភាព​ដើម្បី​ធានាថា លុយ​ដែល​បាន​ចំណាយ​ហ្នឹង ចំ​គោលដៅ​»៕

អត្ថបទគួរចាប់អារម្មណ៍