តាកែវៈ ​នគរបាល​ស្រុក​គិរីវង់​ខេត្តតាកែវ​កំពុង​ធ្វើ​កំណត់ហេតុ​ និង​ស្វែងរក​ម្ចាស់​ម៉ូតូ ដែល​ពាក់ព័ន្ធ​ករណី​បង្ក្រាប​កន្លែង​ភ្នាល់ល្បែង​បញ្ជល់មាន់​តាម​អនឡាញ​ចំនួន​ ២ ​ទីតាំង​កាលពី​ថ្ងៃទី​ ១០ កក្កដា ហើយ​មាន​ម៉ូតូ​ ៣៩ ​គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​រឹបអូស​។

លោក យ៉ាង តារា អធិការរង​នគរបាល​ស្រុក​គិរីវង់​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ករណី​ភ្នាល់​​ការបញ្ជល់មាន់​តាម​អនឡាញ​​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​គិរីវង់​បង្ក្រាប​ពីថ្ងៃ​ទី​ ១០ កក្កដា​នោះ ​គឺ​ខាង​ជំនាញ​ស្រុក​កំពុង​ដំណើរការ​តាម​នីតិវិធី ដោយហេតុថា មនុស្ស​ដែល​ចូល​លេង​ភ្នាល់​នោះបាន​រត់គេចខ្លួន​អស់​។

លោក​ថា​៖ «​រឿងនេះ​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការខេត្ត​ និង​កំពុង​រក​អ្នកពាក់ព័ន្ធ​»​។ លោក​បាន​ឱ្យដឹងទៀតថា ការបង្ក្រាប​ទីតាំង​ល្បែងភ្នាល់​តាម​អនឡាញ​នេះ​គឺ​សមត្ថកិច្ច​នគរបាល​ស្រុក​គិរីវង់​រួមជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តតាកែវ​បាន​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ​។ កិច្ចការ​នេះ​ក៏មាន​ការសម្របសម្រួល​ពី​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ផងដែរ​។

លោក​បន្តថា ដោយ​មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​គិរីវង់​ដឹងថា មានការ​លួច​លេងល្បែង​ភ្នាល់​បញ្ជល់​មាន់​តាម​អនឡាញ​ខុសច្បាប់​នេះ ទើប​នៅវេលា​ម៉ោងជាង ១២ ​រសៀល​ថ្ងៃទី​ ១០ ​កក្កដា លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន​ ២ ​ទីតាំង​។ ​ក្នុងនោះ​ទីតាំង​ទី​១ ​ស្ថិត​​នៅផ្ទះ​របស់​ឈ្មោះ សំនួច អាយុ​ ៤៧ ​ឆ្នាំ ក្នុង​ភូមិ​អណ្តូងធំ ឃុំ​គោកព្រេច ស្រុក​គិរីវង់​។ ប៉ុន្តែ​អ្នកលេង​ល្បែងភ្នាល់​ទាំងនោះ​បាន​ដឹងខ្លួន​មុន ហើយ​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ដោយ​បន្សល់​តែ​វត្ថុតាង​ម៉ូតូ​ចំនួន​ ១៨ ​គ្រឿង​។

លោក​បន្តទៀតថា ចំពោះ​ទីតាំង​ទី​២ ស្ថិតនៅ​ផ្ទះ​របស់​ឈ្មោះ កឹម ធូ ភេទ​ប្រុស អាយុ​ ៥០ ​ឆ្នាំ​នៅក្នុង​ភូមិ​ដីក្រហម ឃុំ​ព្រៃរំដេង ស្រុក​គិរីវង់​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​ ២១ ​គ្រឿង រីឯ​អ្នកលេង​ក៏បាន​រត់គេចខ្លួន​អស់​ដែរ​។ ចំពោះ​វត្ថុតាង​ម៉ូតូ​ដែល​ដកហូត​បាន​រហូត​ដល់​ថ្ងៃទី​ ១២ កក្កដា បាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​នីមួយៗ​ក្នុង​ ២ ​ទីតាំង​ខាងលើ​ក្នុង​ស្រុក​គិរីវង់​៕