ភ្នំពេញៈ ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ​នឹង​ត្រូវ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ១៤ ខែកក្កដា​ស្អែក ខណៈ​អ្នកជំនាញ​បារម្ភ​អំពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​មាន​ការកើនឡើង​ខ្លាំង​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​។

ទំព័រ​ហ្វេសប៊ុក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន បាន​ឱ្យ​ដឹងថា ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​» ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​កម្មវិធី​អនឡាញ​ (ZOOM) នៅ​ថ្ងៃទី​ ១៤ ខែកក្កដា នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ និង​មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ចូលរួម​។

កម្មវិធី​ប្រកាស​ឱ្យ​ប្រើប្រាស់​ផែនការ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ គ.ជ.ប.ជ និង​ក្រសួងមហាផ្ទៃ​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ Terre des Homme Netherlands អង្គការ​ភ្លែន​អន្តរជាតិ អង្គការ ChildFund អង្គការ UNICEF អង្គការ APLE អង្គការ CPU និង​អង្គការ​ចាប់ដៃ​។

លោកស្រី ញ៉ោប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ កក្កដា ថា​ក្នុង​រយៈពេល​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ត្រូវ​បាន​រកឃើញថា បាន​កើនឡើង​ជា​លំដាប់​មិន​ថា បរិបទ​ក្នុងប្រទេស​កម្ពុជា ឬ​ពិភពលោក​នោះទេ​។

តាម​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ក្នុង​រៀងរាល់ ៥ ​នាទី​ម្តង អំពើ​ជួញដូរ​រូប​អាសអាភាស​របស់​កុមារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវបាន​កើតឡើង​ក្នុង​បរិបទ​ជា​សកល ខណៈ​កម្ពុជា​ក៏​មាន​សម្ទុះ​ខ្លាំង តាមរយៈ​ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​របស់​កុមារ​ក្នុងពេល​បច្ចុប្បន្ន​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​កុមារ​ដែល​ត្រូវគេ​ជួញដូរ គឺ​ពិបាក ព្រោះ​គាត់​លាក់ទុក​នៅក្នុង​ខ្លួន និង​គាត់​មាន​ផលពិបាក ហើយ​មិនដឹង​ប្រាប់​អ្នកណា​ដែល​ទុកចិត្ត ហើយ​នៅពេល​ប្រាប់​អាណាព្យាបាល​ក៏​អាចនឹង​ទទួល​បាន​ការស្តីបន្ទោស​ត្រឡប់​មក​វិញ ព្រោះ​ពួកគាត់​មិនទាន់​យល់ ហើយ​មិន​ជឿថា មាន​អំពើ​រំលោភ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។

ប៉ុន្តែ​យ៉ាងណា លោកស្រី ញ៉ោប សុភាព បាន​អះអាង​ថា អំពើ​រំលោភ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺមាន​ដល់​ទៅ ៦ ទម្រង់ ដូចជា​ការកាន់កាប់​រូបភាព​អាសអាភាស​របស់​កុមារ បង្ហោះ​រូបភាព​អាសអាភាស​របស់​កុមារ ការផលិត​រូបភាព​អាសអាភាស​កុមារ ការបង្ហោះ​រូបភាព​អាសអាភាស​ផ្សេងៗ និង​ការគំរាមកំហែង​តាម​ទម្រង់​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​កុមារ​ទទួល​រងគ្រោះ ហើយ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ពួកគាត់ និង​ឈានដល់​ការបាត់បង់​ស្មារតី​ជាដើម​។

លោកស្រី​បាន​បញ្ជាក់​បន្ថែមថា​៖ «​ការផ្ទុះ​ជំងឺ​រាតត្បាត បាន​ធ្វើឱ្យ​កុមារ ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើន ជាពិសេស​សម្រាប់​ការសិក្សា​។ ដូច្នេះ យើង​ជំរុញ​ដល់​ឪពុកម្តាយ​កុំឱ្យ​ទុក​កូន​ចោល ឱ្យ​គាត់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​មិនមាន​សុវត្ថិភាព​»​។

សូមជម្រាបថា ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៩ ហើយ​ដើម្បី​ឆ្លើយតប​នឹង​បរិបទ​ថ្មី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ការដាក់​ឱ្យ​អនុវត្ត​ជាថ្មីទៀត ដើម្បី​កៀរគរ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​អ្នកអនុវត្ត​ច្បាប់​ទូទាំងប្រទេស​ឱ្យ​បង្កើន​សកម្មភាព​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕