ភ្នំពេញៈ យ៉ាងហោចណាស់​មាន​ជនពិការភ្នែក​ ៣៦ ​នាក់ ក្នុង​ចំណោម​គ្នា​ ៥៨ ​នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​សមាគម​តន្ត្រី​សំនៀង​ជនពិការ​បាន​ឆ្លង​កូវីដ​ ១៩ បើទោះជា​បាន​ប្រឹងប្រែង​អនុវត្ត​នូវ​វិធានការ​ ៣កុំ ៣ការពារ​យ៉ាងណា​ក៏ដោយ​។ ​នេះ​បើតាម​ការអះអាង​របស់​លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​កាលពី​ថ្ងៃទី​ ១១ ខែកក្កដា​។

លោក​បាន​បន្តថា​៖ «​យើង​ពិតជា​មាន​ក្ដីព្រួយ​កង្វល់​ខ្លាំងណាស់​នៅពេល​ដែល​លទ្ធផល​តេស្ត​បាន​បង្ហាញថា​​សមាជិក​របស់​យើង​ ៣៦ ​នាក់ មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ហើយ​ក្នុង​ចំនួន​នេះ​មាន​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​មាន​បុរស​ម្នាក់​មាន​ជំងឺ​បេះដូង​»​។

បើតាម​លោក ចាប តូ ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លងមកនេះ គ្មាន​សមាជិក​ណា​ម្នាក់​ដែល​ស្នាក់​នៅក្នុង​មណ្ឌល​របស់​សមាគម​តន្ត្រី​សំនៀង​ជនពិការភ្នែក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ទៅ​ច្រៀង​នៅ​ខាងក្រៅ​នោះទេ​។ ​ការសុំ​ទៅលេង​បងប្អូន​នៅផ្ទះ​ត្រូវយក​សំណាក​ទៅ​តេស្ត​រក​ជំងឺ​កូវីដ​ ១៩ និង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ពេល​ត្រឡប់​ចូលក្នុង​មណ្ឌល​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​​រៀបចំ​អនាម័យ​ពាក់​ម៉ាស់ លាង​ទឹក​អាល់កុល ប្រើ​ម៉ាស៊ីន​បាញ់​កម្ដៅ និង​រក្សា​គម្លាត​ព្រមទាំង​ហាមឃាត់​ការចេញ​ទៅ​ច្រៀង​នៅ​ខាងក្រៅ​ម្លឹង​ហើយ នៅតែ​មាន​សមាជិក​យើង​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​បាន​ទៀត​»​។

លោក​បានឱ្យ​ដឹងថា ពេលនេះ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​ទាំង​ ៣៦ ​នាក់​នោះ​ ត្រូវ​បានដាក់​នៅក្នុង​អគារ​ស្នាក់នៅ​មួយ​ដាច់ដោយឡែក​ដើម្បី​ការពារ​ការឆ្លង​រីករាលដាល​ដល់​អ្នកផ្សេង​។

បើតាម​លោក ចាប តូ បច្ចុប្បន្ន​នៅក្នុង​សមាគម​មាន​បុគ្គលិក​ដែលមាន​កាយសម្បទា​មាំមួន និង​មិនមែន​ជា​ជន​មាន​ពិការភាព​ចំនួន​ ៥ ​នាក់​ ជា​អ្នក​មើលថែទាំ​បងប្អូន​ជា​ជន​មាន​ពិការភ្នែក​ទាំងនោះ​ផង និង​ជា​អ្នក​បណ្ដុះបណ្ដាល​ពួកគេ​ឱ្យ​ចេះ​ច្រៀង និង​លេងភ្លេង​ផង​។

ទោះជា​បែបណា​ក្ដី លោក ចាប តូ បាន​ប្រាប់​ឱ្យដឹងថា​៖ «​បច្ចុប្បន្ន​សមាគម​យើងខ្ញុំ​មាន​ការខ្វះខាត​ស្បៀងអាហារ និង​ថ្នាំសង្កូវ សម្រាប់​ផ្គត់ផ្គង់​ដល់​បងប្អូន​ជនពិការ និង​កំពុង​ជំពាក់​ថ្លៃ​ទឹក ភ្លើង ព្រោះ​សមាគម​មិនអាច​ចេញ​ច្រៀង​រកប្រាក់​ចំណូល​ដូច​មុន​បាន​​ទេ​។ ​ជីវភាព​របស់​បងប្អូន​ក្នុង​សមាគម​យើងខ្ញុំ​នៅពេលនេះ​គឺ​ពឹង​អាស្រ័យ​លើ​ជំនួយ​ឧបត្ថម្ភ​ពី​ខាង​អាជ្ញាធរ​មន្ទីរ​សង្គមកិច្ច ព្រមទាំង​សប្បុរសជន​មួយចំនួន​ប៉ុណ្ណោះ​»​។

ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដល់​ជនពិការភ្នែក​នៅក្នុង​មណ្ឌល​សមាគម​តន្ត្រី​សំនៀង​ជនពិការភ្នែក​ទាំងនោះ​ត្រូវបាន​លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ទទួលបន្ទុក​វិស័យ​ពិការភាព អះអាង​ថា បណ្ដាល​មក​សាច់ញាតិ​ចេញ​ចូលទៅ​ផ្សារ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយក៏​បាន​ចម្លង​មេរោគ​ជំងឺ​កូវីដ​ ១៩ ​ពី​ខាងក្រៅ​មកដល់​ពួកគេ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​វា​ពិតជា​សង្វេគ​ខ្លាំងណាស់​នៅពេល​ដែល​ជនពិការភ្នែក​ស្នាក់​នៅតែ​ផ្ទះ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ពី​សាច់ញាតិ​របស់ខ្លួន​ដែល​ជា​មនុស្ស​ភ្នែក​ភ្លឺ​។ ​ឥឡូវ​យើង​កំពុង​បារម្ភ​ស្ត្រី​ពិការភ្នែក ដែល​មាន​ផ្ទៃពោះ និង​អ្នកមាន​ជំងឺ​បេះដូង​គ្រប់គ្នា​សុទ្ធតែ​ងងឹតភ្នែក​ហេតុនេះ​ពួកគាត់​ភ័យ​ណាស់​គ្រាន់តែ​ឮសូរ​ថា​មាន​មេរោគ ក៏​នាំគ្នា​ស្រែកយំ​តែម្ដង​»​។

លោកស្រី​បាន​បន្តថា កន្លងមកនេះ ទាំង​ក្រសួង​សុខាភិបាល​ក្រសួង​សង្គមកិច្ច រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​ព្យាបាល​ផ្ដល់​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់ ទឹក​អាល់កុល ម៉ាស់ ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ ដើម្បី​ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព ពិសេស​អ្នក​ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​សាច់ញាតិ​ដែល​​មាន​ភ្នែក​ភ្លឺ បង្កើន​ការយកចិត្ត​ទុកដាក់​ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ គឺ​ ៣ កុំ ៣​ ការពារ​ ឱ្យបាន​ជា​ប្រចាំ​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ឆ្លង​មេរោគ​ដ៏កាច​សាហាវ​នេះ​ដល់​សមាជិក​​គ្រួសារ​ដែលជា​ជន​មាន​ពិការភាព​។

យោងតាម​ទិន្នន័យ​របស់​សមាគម​តន្ត្រី​សំនៀង​ជនពិការភ្នែក​បានបង្ហាញ​ថា ជនពិការភ្នែក​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៦២៨ ​នាក់ ដែល​ពួកគេ​ទាំងនោះ គឺជា​សមាជិក​របស់​សមាគម​តន្ត្រី​សំនៀង​ជនពិការភ្នែក​៕