ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​លោក ​ប្រាក់ សុខុន ​នឹង​ថ្លែង​ការណ៍​អំពី​មធ្យោ​បាយ​និង​របៀប​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​សកល​នានា​រួមនឹង​ជំហរ​របស់​កម្ពុជា ​ចំពោះ​ពហុ​ភាគី​និយម​ក្នុង​សន្និ​សីទ​ពាក់​កណ្ដាល​អាណត្តិ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ចលនា​មិនចូល​បក្សសម័្ពន្ធ​ (NAM) ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ទី ១៣-១៤​ ខែកក្កដា​នេះ​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាគូ​សាធារ​ណរដ្ឋ​អាស៊ែ​បៃ​ហ្សង់។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​កាលពី​ថ្ងៃទី​ ១២ ​ខែ​កក្កដា ​បាន​បញ្ជាក់​ថា ​ការ​ចូលរួម​សន្និសីទ​របស់​លោក​ប្រាក់ សុខុន ​គឺ​តប​តាម​ការអញ្ជើញ​របស់​លោក ​Jeyhun Bayramov​ រដ្ឋ​មន្រ្តី​ការបរទេស​នៃ​សាធារណរដ្ឋ ​អាស៊ែ​បៃហ្សង់​ (Azerbaijan)។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​ បាន​ឱ្យដឹង​ថា ​សន្និសីទ​នេះ​នឹង​ធ្វើឡើង​ក្រោម​មូលបទ​ «ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពហុ​ភាគី ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​សកល»។

សន្និ​សីទ​តាម​ប្រព័ន្ធ​វីដេអូ​នេះ ​នឹង​ផ្តល់​ឱកាស​ដល់​រដ្ឋ​សមាជិក​ NAM ​ពិនិត្យ​មើល​វឌ្ឍនភាព ​ដែល​សម្រេច​បាន​លើ​បញ្ហា​ផ្សេងៗ ​ពាក់ព័ន្ធ​នឹង​របៀប​វារៈ​នៃ​ចលនា​មិនចូល​បក្ស​សម្ព័ន្ធ ​ចាប់​តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បាគូ​ឆ្នាំ​ ២០១៩​ ក៏ដូច​ជា​ធ្វើ​ការពិភាក្សា ​និង​ផ្លាស់ប្តូរ​យោបល់​គ្នា ​អំពី​តួនាទី​របស់ ​NAM​ ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​បញ្ហា​ប្រ​ឈម​នានា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​

បើ​តាម​ក្រសួង​ការបរទេស​ លោក ​ប្រាក់ សុខុន ​នឹង​ថ្លែង​ការណ៍​ផ្តោត​លើ​មធ្យោបាយ ​និង​របៀប​ដើម្បី​ធ្វើ​ការឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​សកល​នានា ​តាម​រយៈ​កិច្ច​ខិត​ខំប្រឹង​ប្រែង​សហ​ប្រតិបត្តិ​ការពហុ​ភាគី។ ពង្រឹង​គុណ​តម្លៃ​នៃ​ពហុភាគី​និយម​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ សម្រេច​បាន​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព ​និង​វិបុល​ភាព​សម្រាប់​មនុស្ស​ជាតិ ​នៅ​ក្នុង​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី៤ ​និង​ជំហរ​របស់​កម្ពុជា ​ចំពោះ​ពហុភាគី​និយម​សម្រាប់​សន្តិភាព៕