ព្រះសីហនុៈ អាជ្ញាធរ​ក្រុង​ព្រះសីហនុ​បានដាក់​កំហិត​ដល់​​អាជីវករ​លក់ដូរ​តាម​រ៉ឺម៉ក តាម​រទេះ​មិន​ឱ្យ​ដាក់​តុ កៅអី និង​ឆត្រ លក់ដូរ លើ​ការ៉ូឡា​សងខាង​​ផ្លូវ តាម​បណ្តោយ​ឆ្នេរ វិថី​សម្តេច​តេជោ​ (​ផ្លូវ​ឆ្នេរ​ពយតាមូង​) ​ចាប់ពី​ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ​ ២០២១ តទៅ បន្ទាប់ពី​មាន​ករណី​អ្នកលក់ដូរ​មួយចំនួន​បាន​បាញ់ថ្នាំ​ដាក់​សញ្ញា​យក​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ប្រសិនបើ​ពលរដ្ឋ​លក់ដូរ​ចល័ត​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​ចំពោះ​ករណីនេះ​អាជីវករ​បានដាក់​កៅអី​នៅលើ​ការ៉ូឡា​ដែល​ជា​ផ្លូវ​ថ្មើរជើង​របស់​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ និង​ហាត់ប្រាណ​ផ្សេងៗ​។

លោក​បាន​បន្តថា ដូច្នេះ​អាជ្ញាធរ​ក្រុងព្រះសីហនុ​បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់​មិន​ឱ្យ​អាជីវករ​ទាំងនោះ​ចាប់​ទីតាំង​យក​ផ្លូវ​ថ្មើរជើង និង​ទីសាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដែល​បង្ក​ឱ្យ​មាន​ការបាត់បង់​សណ្តាប់ធ្នាប់ និង​សោភណភាព​ក្រុង និង​ផ្លូវ​សាធារណៈ​។

លោក ភារម្យ ថ្លែងថា​៖ «​គាត់​នាំគ្នា​លក់​នៅលើ​ផ្លូវ​ថ្មើរជើង​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ហើយ​ថែមទាំង​បាញ់ថ្នាំ​បញ្ជាក់​ថា មាន​ម្ចាស់ ដែល​ទង្វើ​បែបនេះ​វា​ហួសហេតុ​ពេក​។ អ្វីដែល​ចង់​បញ្ជាក់​នៅទីនេះ សមិទ្ធផល​ទាំងអស់​នេះ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​ផ្តាច់មុខ​របស់​ជនណា​​ម្នាក់​នោះទេ​»​។

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក ស្រេង វ៉ាន់ដេត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​តំបន់ឆ្នេរ​ជាធម្មតា​តែងតែ​មាន​ពលរដ្ឋ​ទៅលេង​កម្សាន្ត ហើយ​ការលក់ដូរ​ក៏មានដែរ​។

ចំពោះ​ករណី​ពលរដ្ឋ​យក​ផ្លូវ​សាធារណៈ​ដែល​ជា​ផ្លូវ​ថ្មី​នេះ​ ធ្វើជា​កន្លែង​លក់ដូរ​ចំណី​អាហារ​ដល់​ភ្ញៀវទេសចរ​ ឬ​ពលរដ្ឋ​ដែល​ទៅលេង​នៅ​ទីនោះ​វា​នឹង​ធ្វើឱ្យ​បាត់បង់​សោភណភាព។ ដូច្នេះ អាជ្ញាធរ​ក្រុង​ចុះទៅ​រៀបចំ​នេះ​ពិតជា​ត្រឹមត្រូវ​។

លោក​បាន​បន្តថា មួយទៀត​ការចុះ​ទៅ​ណែនាំ​ពលរដ្ឋ​លក់ដូរ​ឱ្យមាន​សណ្តាប់ធ្នាប់​នេះ​ក៏​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ឬ​រដ្ឋបាលខេត្ត​​កុំឱ្យ​មាន​ការប្រមូលផ្តុំ​មនុស្ស​អ៊ូអរ ដែល​អាច​បង្កឱ្យមាន​ការចម្លង​នូវ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។

ទោះជា​យ៉ាងណា លោក ស្រេង វ៉ានដេត ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុងព្រះសីហនុ ឬ​​អាជ្ញាធរខេត្ត​ឱ្យ​រៀបចំ​ទីតាំង​ណាមួយ​សមស្រប​ជូន​ដល់​អាជីវករ​ទាំងនោះ​ ដើម្បី​ឱ្យ​ពួកគាត់​អាច​លក់ដូរ​បាន ហើយ​ក៏​អាចឱ្យ​ភ្ញៀវទេសចរ​ដែល​ទៅ​​លេង​នៅ​ទីនោះ​ងាយ​ស្វែងរក​ទិញ​ចំណីអាហារ​បរិភោគបាន​ផងដែរ​។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១១ ខែ កក្កដា ឆ្នាំ​ ២០២១ បាន​​ចាត់​មន្ត្រី និង​ក្រុមការងារ​ចុះ​អប់រំ​ការពារ​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ផង​ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ចំពោះ​អ្នកលក់ដូរ​តាម​បណ្តោយ​ឆ្នេរ​វិថី​សម្តេច​តេជោ​ផង​ (​ផ្លូវ​ឆ្នេរ​ពយតាមូង​) ក្នុងនោះ​មន្ត្រី​បាន​ជូនដំណឹង​ដល់​អាជីវករ​លក់ដូរ​តាម​រ៉ឺម៉ក តាម​រទេះ មិនឱ្យ​ដាក់​តុ កៅអី ឆត្រ លក់ដូរ​លើ​ការ៉ូឡា​សងខាង​ផ្លូវ និង​ប្រកាស​បញ្ជាក់ថា ការហាមឃាត់​​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត ពីថ្ងៃ​ទី​ ១២ ខែ​ កក្កដា ឆ្នាំ​ ២០២១ តទៅ​ជា​កំហិត​។

លោក​អភិបាលក្រុង​ព្រះសីហនុ​បាន​បញ្ជាក់ថា ក្នុង​​ករណី​មិន​អនុវត្ត​តាម​រដ្ឋបាល​ក្រុង​នឹង​ចាក់​វិធានការ​រដ្ឋបាល ដូចជា​ពិន័យ ឬ​ដកហូតយក​សម្ភារ​លក់ដូរ​ជាដើម ដើម្បី​រក្សា​សោភណភាព សណ្តាប់ធ្នាប់​តាម​​ផ្លូវ​ធ្វើ​ថ្មី​នេះ​សម្រាប់​ការធ្វើ​ដំណើរ​ចេញចូល​ ឬ​កម្សាន្ត​របស់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​៕

វីដេអូ៖