ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) បានចេញ​របាយការណ៍​កាលពី​ម្សិលមិញ ឱ្យដឹងថា ប្រជាពលរដ្ឋ​ ៧០ ​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រាស និង​ស្រាថ្នាំ នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​។

លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ ២០២១ បានឱ្យដឹងថា តាម​ការវាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ឱ្យដឹងថា ការប្រើប្រាស់ ស្រា​ឬ គ្រឿង​ស្រវឹង​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​ប្រហែល​ជាង​ ៣ ​លាន​នាក់​នៅលើ​ពិភពលោក​ក្នុង​ ១ ​ឆ្នាំ​។

ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​ក៏មាន​ផងដែរ​ បណ្ដាល​មកពី​ការពុល​ស្រា​ដោយសារ​មេតាណុល ដែល​កើតចេញពី​ការផលិត​ស្រា​ក្លែងក្លាយ​ដោយ​មាន​លាយ​បញ្ចូល​នូវ​អាល់កុល ដែល​មិនមែន​ជា​អេទីលអាល់កុល​។

លោក ឌឹម ថេង ថ្លែងថា បញ្ហា​ពុល​មេតាណុល​នៅក្នុង​ស្រា​បាន​កើត​មាន​ជា​ញឹកញាប់​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក និង​បាន​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខុមាលភាព និង​សេដ្ឋកិច្ចសង្គម ដោយឡែក​ករណី​ពុលស្រា​នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​កើតឡើង​ជា​ញឹកញាប់​ផងដែរ ជាពិសេស​នៅតាម​តំបន់​ជាយក្រុង​។

លោក ឌឹម ថេង បានឱ្យដឹងថា មាន​សេណារីយ៉ូ​ចំនួន​ ២ ដែល​អាច​បណ្ដាល​ឱ្យ​មាន​ស្រា​ពុល រួមមាន ការប្រើប្រាស់ មេស្រា ដើម្បី​លាយ​ធ្វើ​ស្រា​សម្រាប់​លក់​បង្កើន​ប្រាក់ចំណេញ និង ការចរាចរ​អាល់កុល​ក្លែងក្លាយ​ក្នុង​បរិបទ​កូវីដ​ ១៩​។

យោងតាម​របាយការណ៍​របស់ ក.ប.ប. ចេញផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែកក្កដា ឆ្នាំ​ ២០២១ ដោយ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២០ រហូត​ដល់​ដើមខែ​កក្កដា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២០ ប្រជាពលរដ្ឋ ៧ នាក់​ស្លាប់ នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដោយសារ​ផឹកស្រា​ថ្នាំ​តាំងកួយ​។ នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២០ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​មាន​អ្នកស្លាប់​ចំនួន ១៥ ​នាក់ ដោយសារ​ផឹក​ស្រាស​។

នៅ​ខែឧសភា ឆ្នាំ​ ២០២១ នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ស្លាប់ ១៤ ​នាក់​ដោយសារ​ផឹក​ស្រាស និង​ស្រ​ថ្នាំ​។ នៅ​ខែឧសភា ឆ្នាំ​ ២០២១ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ក៏មាន​អ្នកស្លាប់​ចំនួន​ ១០ ​នាក់​ដោយសារ​ផឹកស្រា​ថ្នាំ​។

នៅ​ខែមិថុនា ឆ្នាំ​ ២០២១ នៅ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មនុស្ស​ ៧ ​នាក់​បាន​ស្លាប់ ដោយសារ​ផឹក​ស្រាស និង​ស្រាថ្នាំ​។ នៅ​ខែមិថុនា ឆ្នាំ​ ២០២១ ​ដដែល​នេះ​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង មាន​អ្នកស្លាប់​ចំនួន ៤ ​នាក់ ដោយសារ​ផឹក​ស្រាស និង​ស្រាថ្នាំ​។

នៅ​ដើម​សប្តាហ៍​ខែ​កក្កដា ឆ្នាំ ២០២១ ថ្មីៗ​នេះ​មាន​អ្នកស្លាប់​ចំនួន ១០ ​នាក់​នៅ​ភូមិ​កោះជ្វាំង ឃុំ​ស្វាយទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត និង​នៅ​ភូមិ​លើ ឃុំ​កោះចូរ៉ាម ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ក៏​កើតមាន​ករណី​ពុល​ស្រាស​ស្រាថ្នាំ បណ្តាល​ឱ្យ​ស្លាប់​បុរស​អ្នក​ផឹកស្រា​ថ្នាំ​ចំនួន​ ៣ ​នាក់​ដែរ ដោយ​សរុប​ទាំងអស់ ៧០ ​នាក់​។

តាម​របាយការណ៍​របស់ ក.ប.ប. កាលពី​ថ្ងៃទី ​៣១ ខែឧសភា ឆ្នាំ ២០២១ បង្ហាញថា ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២០ មាន​កើតឡើង​ករណី​ពុលស្រាស ជា​បន្តបន្ទាប់​ចំនួន​ ៤ ​លើក​នៅ​ខេត្ត​ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និង​កំពង់ឆ្នាំង ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ២៨ ​នាក់ ស្លាប់​បាត់បង់​ជីវិត និង​មាន​ជនរងគ្រោះ​រាប់រយ​នាក់​ផ្សេងទៀត រង​ផលប៉ះពាល់​ដល់​សុខភាព​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

របាយការណ៍​នេះ​បញ្ជាក់ថា ស្រា គឺជា​សារធាតុ​ស្រវឹង​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ជាប្រចាំ និង​ហួស​កម្រិត ពិសេស​ជាងនេះទៀត​នឹង​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត ប្រសិនបើ​ស្រា​នោះ​ពុំបាន​ផលិត​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឬ​យក​សារធាតុ​ផ្សេងទៀត​មក​បន្ថែម​មាន​ដូចជា​មេតាណុល ឬ​សារធាតុពុល​ផ្សេងទៀត​ជាដើម​៕