The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​សង្ស័យ​ម្នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​នាថ្ងៃនេះ ពាក់ព័ន្ធ​ការបៀតបៀន​ផ្លូវភេទ​កូនស្រីចុង




បុរស​សង្ស័យ​ម្នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​នាថ្ងៃនេះ ពាក់ព័ន្ធ​ការបៀតបៀន​ផ្លូវភេទ​កូនស្រីចុង

Content image - Phnom Penh Post
បុរសជាជនសង្ស័យ ដែលពាក់ព័ន្ធ​ការបៀតបៀន​ផ្លូវភេទ​កូនស្រីចុង។ រូបថត ប៉ូលិស

បុរស​សង្ស័យ​ម្នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​នាថ្ងៃនេះ ពាក់ព័ន្ធ​ការបៀតបៀន​ផ្លូវភេទ​កូនស្រីចុង

ភ្នំពេញៈ នគរបាល​គ្រោង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៣ កក្កដា បន្ទាប់ពី​ចាប់ខ្លួនបាន​ ៣ ​ថ្ងៃ រឿង​បៀតបៀន​ផ្លូវភេទ​កូនស្រី​ចុង​របស់ខ្លួន​អាយុ​ ១៣ ​ឆ្នាំ ប្រព្រឹត្ត​ក្នុង​បន្ទប់ជួល​នៅ​ទឹកដី​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៩ ​កក្កដា​។

លោក​ ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១២ កក្កដា​ថា បុរស​សង្ស័យ​ឈ្មោះ​ ម៉ែន សុខុម អាយុ​ ៥០ ​ឆ្នាំ​។ រីឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ភ.ផ. អាយុ​ ១៣ ​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​ឪពុកចុង​ [​ជនសង្ស័យ​] និង​ម្តាយ នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​ជនសង្ស័យ​កំពុង​នៅ​អធិការដ្ឋាន​នគរបាល​ខ្ញុំ​នៅឡើយ​ទេ​។ តែ​ខ្ញុំ​បាន​បញ្ជូន​កំណត់ហេតុ​ទៅខាង​ព្រះរាជអាជ្ញា​មុន​រួចហើយ​។ រឿងនេះ​បើ​ខ្ញុំ​ចាត់ចែង​ទាន់​ខ្ញុំ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​ [​ថ្ងៃទី​ ១២ ​កក្កដា​]​។ តែបើ​មិនទាន់​ខ្ញុំ​បញ្ជូន​នៅ​ព្រឹក​ថ្ងៃស្អែក​ [​ថ្ងៃទី​ ១៣ ​កក្កដា​]»​។

បើតាម​លោក​អធិការ​កាលពី​វេលា​ម៉ោង​ ១១ ថ្ងៃទី​ ៩ កក្កដា មាន​បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពងទឹក​ថា មាន​ករណី​ឪពុកចុង​បៀតបៀន​ផ្លូវភេទ​កូនស្រី​ខ្លួន​នៅក្នុង​មូលដ្ឋាន​ខាងលើ​។

បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយការណ៍ នគរបាល​សង្កាត់​ពងទឹក​បាន​រាយការណ៍​មក​លោក ហើយ​លោក​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នើយោបល់​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អញ្ជើញ​ជនសង្ស័យ​សាកសួរ​។ ក្រោយពី​ការសាកសួរ​គឺ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​បៀតបៀន​ក្មេងស្រី​ជា​កូនចុង​របស់ខ្លួន​ពិតមែន​។ ហេតុនេះ​ហើយ​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​សង្ស័យ​តែម្តងទៅ​។

បុរស​ម្នាក់​ស្នើសុំ​មិនឱ្យ​បញ្ចេញឈ្មោះ ដែល​រស់នៅក្នុង​បរិវេណ​ផ្ទះជួល​កើតហេតុ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១២ កក្កដា ថា បុរស​សង្ស័យ​ឈ្មោះ​ ម៉ែន សុខុម មាន​របរ​ជា​កម្មករ​សំណង់​ធ្លាប់មាន​ប្រពន្ធ​ម្តង​ហើយ​។ ជនសង្ស័យ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ម្តាយ​ក្មេងស្រី​រងគ្រោះ និង​មានកូន​ប្រុស​ម្នាក់​អាយុ​ ៣ ​ឆ្នាំ​ជាមួយគ្នា​។ ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ជួល​បន្ទប់​លេខ​ ២ ​ស្នាក់​នៅក្នុង​ទឹកដី​សង្កាត់​ពងទឹក​ដែល​ស្ត្រី​ជា​ម្តាយ​មាន​របរ​ដើរ​លក់ដូរ​នំចំណី​បន្តិចបន្តួច ឯ​ក្មេងស្រី​រងគ្រោះ​ទូល​ត្រកួន​ដើរ​លក់​នៅតាម​ភូមិ​។

បុរស​រូប​នោះបាន​ស្រង់​សម្តី​ក្មេងរងគ្រោះ​ដែល​ប្រាប់​ក្មេង​ដូចគ្នា​ថា​៖ «​រាល់ថ្ងៃនេះ​យើង​ពិបាកចិត្ត មិនដឹង​ប្រាប់​អ្នកណា​ឱ្យជួយ​ទេ ព្រោះ​ឪពុក​ចេះតែ​ស្ទាប​ប្រដាប់ភេទ​គ្នា​។ ពេល​គាត់​លេង​ប្រដាប់ភេទ​គ្នា​ម្តងៗ​គាត់​ហាម​មិនឱ្យ​គ្នា​ប្រាប់​គេ​ទេ​។ ពេល​គាត់​ស្ទាប​លេង​ម្តាយ​គ្នា​អត់​នៅផ្ទះ​ទេ​»​។

លោក​បញ្ជាក់ថា ដោយសារ​តែ​ក្មេងស្រី​រងគ្រោះ​និយាយ​ប្រាប់​ក្មេងៗ​លក់​ត្រកួន​ដូចគ្នា ទើប​បែកធ្លាយ​រឿងនេះ​រហូត​ដឹង​ដល់​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ៩ កក្កដា តែម្តង​៕

អត្ថបទគួរចាប់អារម្មណ៍