កំពង់ធំៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ធំ ​គ្រោង​នឹង​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ម្នាក់​ទៅកាន់​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ នៅ​ថ្ងៃទី​ ១៤ ខែកក្កដា​ ​ក្រោយ​ពី​ចាប់​ខ្លួន​បាន ​២​ ថ្ងៃ​។​

លោក​ ជា​ ​ពឿ​ន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ បាន​ឱ្យដឹងថា​ បុរស​ជា​ជនសង្ស័យ​ឈ្មោះ មិ​ត ពុត ​អាយុ​ ៤០​ ឆ្នាំ បាន​កាប់​ឪពុកមា​សាច់ថ្លៃ​ម្នាក់​ស្លាប់ក្នុង​ទំនាស់​រឿង​ព្រំដី​ប្រព្រឹត្ត​នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ​ ស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ​។

លោក​បញ្ជាក់ថា ​ជនសង្ស័យ​ត្រូវបាន​ដឹក​មកដល់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ​នៅ​ថ្ងៃទី ​១៣ ​កក្កដា នឹ​ង​ត្រូវ​ពិនិត្យមើល​កំណត់ហេតុ​ពី​ស្រុក​បន្ថែមទៀត​ ទើប​ដាក់ជូន​លោកស្នងការ​ស៊ី​ញេដូច្នេះ​អាច​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​ ១៤​ កក្កដា​។​

លោក​ វ៉ន​ សុភ័ណ ​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោងបាន​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃទី​ ១៣​ កក្កដា​ថា ជនល្មើស​ឈ្មោះ មិ​ត ​ពុត​ បាន​ជុំគ្នា​ផឹក​ស្រាស​ស្រា​បៀរ​ជាមួយ​អ្នកភូមិ​ក្នុងនោះ​ក៏មាន​ជនរងគ្រោះ​ឈ្មោះ ឃ​ន ស៊ន់ អាយុ​ ៦៤​ ឆ្នាំ​ បាន​ចូលរួម​ផឹក​ស្រាស​ ស្រា​បៀរ​ជាមួយ​ដែរ​។​

ខណៈ​ពួកគេ​កំពុង​ផឹក​នោះ​ស្រាប់តែ​ជនល្មើស​និយាយ​ពី​ដី​ភូមិ​របស់ខ្លួន​ដែលមាន​ព្រំ​របង​ជាប់​នឹង​ដី​របស់​ជនរងគ្រោះ​។ នៅពេលនោះ​ឈ្មោះ មិ​ត ពុត ដែល​ត្រូវជា​ក្មួយ​សាច់ថ្លៃ​បាន​និយាយ​ទាក់​សម្តី​គ្នា​ជាមួយ​ជនរងគ្រោះ​ហើយ​ពួកគេ​បាន​យក​កែវ និង​ដប​ស្រា​គប់​គ្នា ដោយ​ភាគី​ម្ខាងៗ​ប្រកាន់យក​ត្រូវ​រៀងៗ​ខ្លួន​ក៏បង្ក​ជា​ហិង្សា​វាយតប់​គ្នា ពេលនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​ពូថៅ​ដែល​នៅក្បែរ​កន្លែង​ផឹកស៊ី​នោះមក​កាប់​ត្រូវ​ជនរងគ្រោះ​ចំ​ទ្រូង​ក្រោម​ឆ្អឹងដងកាំបិត​ខាងឆ្វេង​ជ្រៅ​កប់ ​១ ​ថ្លែ​ពូថៅ​បណ្តាលឱ្យ​ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

​លោក​ សុភ័ណ​ ថ្លែង​ថា​ក្រោយ​កើតហេតុ​កន្លះ​ម៉ោង នគរបាល​ស៊ើ​ប​អង្កេត​ចាប់បាន​ខ្លួន​ជនសង្ស័យ​​បាន​ ពេលកំពុងលាក់ខ្លួន​នៅក្នុង​ជង្រុក​ស្រូវ​មួយកន្លែង​នៅក្នុង​ភូមិ​៕