បន្ទាយ​មាន​ជ័យៈ សាច់ជ្រូក និង​គ្រឿងក្នុង​ជ្រូកខូច​គុណភាព​ មាន​ទម្ងន់​សរុបជាង ២​ តោន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយ​មាន​ជ័យ បង្ក្រាប​ចាប់បាន​នៅ​ចំណុច ភូមិ​អូរជ្រៅ សង្កាត់-ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​ ១២ ​ខែ​កក្កដា​ ខណៈ​ម្ចាស់​ទំនិញ​​​ម្នាក់ ត្រូវ​បាន​​មន្ត្រី​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក អ៊ឹម សុភា​រៈ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​​ នៅ​ថ្ងៃ​ទី​ ១៣ កក្កដា​ថា កាលពី​ថ្ងៃទី ១២ ​ខែ កក្កដា ឆ្នាំ ២០២១ កំលាំង​សមត្ថកិច្ច​ចម្រុះ​ ខេត្តបន្ទាយមានជ័យ​ បាន​បើក​ប្រតិ​ប​ត្ត​ការចុះបង្ក្រាប​ និង​រឹបអូស សាច់ជ្រូក ​និង​គ្រឿងក្នុង​ជ្រូក សរុប​ទម្ងន់ ២១១៣ គីឡូក្រាម ដែល​ត្រូវបាន​គេ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​លក់​ចែកចាយ​បន្ត​ នៅលើ​ទីផ្សារ​ក្រុង​ប៉ោយ​ប៉ែត និងទីផ្សារ​មួយចំនួនទៀត ក្នុង​ទីប្រជុំជន​ខេត្តបន្ទាយ​មាន​ជ័យ។

លោក​បាន​បញ្ជាក់ថា៖ «ប៉ុន្តែ​អ្នក​ដែល​បាន​នាំចូល​នូវ​ផលិតផល​សាច់ជ្រូក និងគ្រឿងក្នុង​ជ្រូក​ទាំងនោះ មិនមាន​លិខិត​ធ្វើ​អាជីវកម្ម​នាំចូល​សាច់ជ្រូក និងគ្រឿង​ក្នុង​ជ្រូកពី​ស្ថាប័ន​ជំនាញ​នោះទេ»។

បើតាម​លោក សុ​ភារៈ ​ទំនិញ​សាច់​និង​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​រួមមាន ក្បាលជ្រូក​ចំនួន ២៨គីឡូក្រាម ជើង​ជ្រូក​ចំនួន ៥៦៤គីឡូ​ក្រាម ពោះវៀន​តាន់​ជ្រូក​ ចំនួន ​២៨៨ ​គីឡូក្រាម ក្រពះ​ជ្រូក​មាន​ទម្ងន់ ៤៥០ គីឡូក្រាម បេះដូង​ជ្រូក​ទម្ងន់ ១១៥ គីឡូក្រាម សាច់​លាយ​អណ្ដាត​ ទម្ងន់​ ១៣៦​ គីឡូក្រាម និង​គ្រឿងក្នុង (ហ៊ុន​ជ្រូក) លាយ​សាច់​ក្បាល​ទម្ងន់​ ៥៣២​ គីឡូក្រាម។ បច្ចុប្បន្ន​ទំនិញ​ទាំងនោះ ​ត្រូវបាន​មន្ត្រី​ជំនាញ​ចាប់​រឹបអូស​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយ​មានជ័យ។

ជុំវិញ​ករណីនេះ តំណាង​ម្ចាស់​ទីតាំង​នាំចូល​ និង​លក់​ចែកចាយ​បន្ត​នូវ​ផលិតផល​សាច់ជ្រូក និងគ្រឿងក្នុង​ជ្រូក គឺលោក​ ទេព សុភាព អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ផលិតកម្ម​សត្វ និងបសុសត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ខេត្តបន្ទាយមានជ័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់។ នេះ​បើតាម លោក​ ប៉ា​ង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយ​មាន​ជ័យ កាលពី​រសៀល​ថ្ងៃទី ១៣ ខែ​ កក្កដា ឆ្នាំ​ ២០២១។

លោក វណ្ណា​សេដ្ឋ បាន​ថ្លែងថា៖«ករណីនេះ យើង​បាន​កសាង​សំណុំ​រឿងនេះ បញ្ជូនទៅ​តុលាការ​ហើយ ដើម្បី​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។ ដោយ​ឡែ​ង​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស និង​រក្សា​ទុកជា​បណ្ដោះអាសន្ន​ នៅ​ការិយាល័យ​ផលិតកម្ម​សត្វ និងបសុសត្វ ដើម្បី​រង់ចាំ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ ព្រោះ​សាច់​និង​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​ ខូចគុណភាព​ហើយ»។

ជាមួយគ្នានេះ លោក វណ្ណា​សេដ្ឋ បាន​អំពាវនាវ​ដល់​ពាណិជ្ជករ​លក់​បោះ​ដុំ នូវ​ផលិតផល​សាច់សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ត្រូវ​ចុះបញ្ជី​ការធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាម​លក់ដូរ​នូវ​ផលិតផល​សាច់សត្វ ដែល​គ្មាន​ការត្រួតពិនិត្យ​គុណភាព និងសុវត្ថិភាព​ពី​មន្ត្រី​ជំនាញ​បសុសត្វ ឬពេទ្យសត្វ ទោះជា​ផលិតផល​សាច់សត្វ​ក្នុងស្រុក ឬ​នាំចូល​ពី​ក្រៅប្រទេស​ក៏ដោយ។ ការធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត ឬ​លិខិតបញ្ជាក់​ពី​ស្ថាប័ន​ជំនាញ ​គឺជា​អំពើ​ល្មើស​ច្បាប់៕

វីដេអូ៖