The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី៖ អនុក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត




មន្ត្រី៖ អនុក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត

Content image - Phnom Penh Post
ប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅវិទ្យាល័យចតុមុខ កាលពីថ្ងៃទី ២ កក្កដា។ ហេង ជីវ័ន

មន្ត្រី៖ អនុក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ចំនួន​ ២ រូប​ បាន​ផ្ញើលិខិត​រួម​ ១ ​ច្បាប់​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើឱ្យ​លុបចោល​អនុក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដែល​ពួកគេ​ចាត់ទុកថា​មាន​លក្ខណៈ​រំលោភសិទ្ធិ​មនុស្ស ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថ្លែងថា អនុក្រឹត្យ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​។

លិខិត​ ១ ​ច្បាប់​របស់​លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក Tlaleng Mofokeng អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជន​គ្រប់រូប​ក្នុង​ការទទួល​បាន​កម្រិត​ជីវភាព​រស់នៅ​ខ្ពស់បំផុត​ផ្នែក​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ត្រូវបាន​ចុះផ្សាយ​នៅលើ ទំព័រ​ហ្វេសប៊ុក​របស់ Special Rapporteur Cambodia នៅ​ថ្ងៃទី​ ១៣ កក្កដា​ថា ក្រុម​អ្នកជំនាញ​បាន​សម្តែង​កង្វល់​អំពី​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ សម្រាប់​មន្ត្រីរាជការ និង​បុគ្គលិក​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​នៅក្នុង​អង្គនីតិប្រតិបត្តិ ប្រជាពលរដ្ឋ​ដែល​កាន់តំណែង​សាធារណៈ តាមរយៈ​ការបោះឆ្នោត និង​មន្ត្រី​សាធារណៈ​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ និង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​ដទៃទៀត​នៅក្នុង​ស្ថាប័ន​តុលាការ​។

ក្រុម​អ្នកជំនាញ​ក៏​បាន​សម្តែង​កង្វល់​ផងដែរ ចំពោះ​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​សម្រាប់​បុគ្គល​ម្នាក់ៗ​ដោយ​ផ្អែកលើ​វិជ្ជាជីវៈ និង​ហានិភ័យ​នៃ​ការឆ្លង​ដែល​ទាក់ទង​នឹង​ពួកគេ ដូច​ដែល​បានកំណត់​ដោយ​ក្រសួង​សុខាភិបាល​។

ការបារម្ភ​ទាំងនេះ ព្រោះ​ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​មើលឃើញ​ថា​៖ «​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ អាចមាន​លក្ខណៈ​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​ហៅ​កាត់​ថា (ICESCR) ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​»​។

ដូច្នេះ​ពួកគេ​បាន​សរសេរ​ក្នុង​លិខិត​ដោយ​ស្នើ​យ៉ាងទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​លើ​ការដកហូត​អនុក្រឹត្យ ឬ​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​ធានា​ភាពស្រប​គ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែងថា ដើម្បី​កំណត់ថា ជាការ​បំពាន​លើ​សិទ្ធិមនុស្ស ឬ​អត់​គឺ​ត្រូវ​មើល​ទៅលើ​ការអនុវត្ត​ជា​អន្តរជាតិ និង​មើល​ទៅលើ​បទប្បញ្ញត្តិ​ជា​អន្តរជាតិ​។ លោក​ថ្លែងថា យោងតាម​ការអនុវត្ត​ជា​ហូរហែ​រួចមកហើយ នៅលើ​បណ្តា​ប្រទេសមួយ​ចំនួន​ទាំង​នៅ​អាស៊ី និង​អឺរ៉ុប គេ​បានកំណត់​កាតព្វកិច្ច​វ៉ាក់សាំង​នេះ​ចំពោះ​បុគ្គល ចំពោះ​សកម្មភាព​ការងារ កន្លែង និង​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ពាក់ព័ន្ធ​នឹង​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បន្ត​ថា ចំពោះ​ច្បាប់​អន្តរជាតិ គឺ​មាន​ការអនុញ្ញាត​ក្នុង​គោលដៅ​មួយ​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ ដែល​វា​ពាក់ព័ន្ធ​នឹង​ការការពារ​សុខភាព និង​អាយុជីវិត​របស់​ពលរដ្ឋ ហើយ​ការអនុវត្ត​ក្នុង​ពេលនេះ សម្រាប់​កម្ពុជា គឺ​ការអនុវត្ត​បណ្តោះអាសន្ន​ស្របពេល​វិបត្តិ​ជំងឺ​រាតត្បាត​នេះ គឺ​បណ្តាលឱ្យ​មនុស្ស​ឆ្លង និង​ស្លាប់​រៀងរាល់ថ្ងៃ​។

«​ការកំណត់​នេះ​ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​អ្វី​នោះទេ​ហើយ​ទី​១ ​គឺ​អនុញ្ញាត​ដោយ​ច្បាប់​ជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ បើ​មើល​ទៅលើ​ច្បាប់​អន្តរជាតិ​ទាក់ទង​នឹង​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក៏​គេ​អនុញ្ញាត​ដែរ ក្នុង​គោលដៅ​មួយ​បម្រើ​ផលប្រយោជន៍​សាធារណៈ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា ក្នុងនាម​រដ្ឋាភិបាល គឺ​មាន​សិទ្ធិ​ដាក់ចេញ​វិធានការ​គ្រប់បែបយ៉ាង​ ដើម្បី​ការពារ​អាយុជីវិត និង​ផលប្រយោជន៍​របស់​ពលរដ្ឋ ហើយ​ការដាក់ចេញ​វិធានការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ក៏បាន​ធ្វើឱ្យ​កម្ពុជា ទប់ស្កាត់​ជំងឺ​រាតត្បាត​បាន​យ៉ាង​ល្អ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជា​ទស្សនៈ​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ការផ្តល់​យោបល់​ទេ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​នេះ អាច​មិន​ធ្វើតាម ...»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍