
រដ្ឋាភិបាលសម្រេចរៀបចំបន្ថែមនូវមន្ទីរពេទ្យ និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅក្នុងរាជធានីភ្នំពេញ បន្ថែមពីលើមន្ទីរពេទ្យរដ្ឋដែលមានស្រាប់។ ហេង ជីវ័ន
ភ្នំពេញៈ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ជាលើកទី ៣ ដែលធ្វើឱ្យមានអ្នកឆ្លងវីរុសនេះមានការកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ រាជរដ្ឋាភិបាលបានសម្រេចរៀបចំបន្ថែមនូវមន្ទីរពេទ្យ និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល នៅក្នុងរាជធានីភ្នំពេញ បន្ថែមពីលើមន្ទីរពេទ្យរដ្ឋដែលមានស្រាប់។
មន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា មកដល់ពេលនេះមានមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដមានចំនួនជាង ២០ កន្លែងសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដទាំងកម្រិតស្រាល និងធ្ងន់ ខណៈដែលក្រសួងសុខាភិបាលក៏បានសម្រេចឱ្យមានការសម្រាកព្យាបាលជំងឺនេះនៅតាមផ្ទះផងដែរ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដា ថានៅរាជធានីភ្នំពេញមានមន្ទីរពេទ្យរដ្ឋ និងកន្លែងដែលរៀបចំជាមណ្ឌលសម្រាកព្យាបាល អ្នកជំងឺកូវីដ ១៩ មានសរុបចំនួន ២១ កន្លែង ប៉ុន្តែលោកមិនបានប្រាប់ពីឈ្មោះរបស់មន្ទីរពេទ្យ និងមណ្ឌលសម្រាកទាំងនោះលម្អិតទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំព័ត៌មានបន្ថែមពីមន្ត្រីក្រសួងសុខាភិបាលបានទេ នៅថ្ងៃម្សិលមិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំ និងបញ្ជាឱ្យរៀបចំនូវមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលសម្រាប់ទទួលព្យាបាលប្រជាពលរដ្ឋដោយក្នុងនោះលោកបានសម្រេចយកអតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់ «The Great Duke» ប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ និងបានសម្រេចប្រើប្រាស់ថវិការដ្ឋទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះថា ជាមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្រាប់រៀបចំដាក់អ្នកជំងឺកូវីដផងដែរ។
ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញបានរៀបចំសាលារៀនមួយចំនួន និងកន្លែងមួយចំនួនទៀតជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលធ្លាប់បានលើកឡើងថា មណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាល ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់សម្រាប់ដាក់អ្នកជំងឺកូវីដ ក្រៅពីមន្ទីរពេទ្យរដ្ឋរួមមាន វិទ្យាល័យជាស៊ីមសាមគ្គី, អគារម៉ូឌែន ១ និង ២, អគារនៅពោធិ៍ចិនតុង, អគារកោះពេជ្រ, វិទ្យាល័យជម្ពូវ័ន, អគារវិមានពិភពថ្មីសែនសុខ,អគារ ដឺ ព្រេមៀ សេនធ័រសែនសុខ មណ្ឌលព្យាបាលកូវីដកម្រិតស្រាលទួលពង្រ, អគារសាលកីឡាក្នុងពហុកីឡដ្ឋានជាតិ និងសាលរៀបអាពាហ៍ពិពាហ៍ផ្សេងៗទៀត។ សម្រាប់អ្នកជំងឺដែលមានស្ថានភាពកម្រិតធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ, មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេងហង់សិន, សណ្ឋាគារ ហ្គ្រេដឌូកភ្នំពេញ និងមន្ទីរពេទ្យហ្លួងម៉ែ ហើយក្នុងនោះក៏មានមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជាច្រើនទៀតនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
ជាមួយគ្នានេះ កាលពីចុងខែមេសាកន្លងមកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ប៉ុន្តែសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង និងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ។
បន្ទាប់ពីមានការប្រកាសឱ្យសេវាឯកជនទទួលព្យាបាល ថែទាំអ្នកជំងឺកូវីដនេះ រហូតមកដល់ពេលនេះ ក្រសួងបានប្រកាសអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ៤ អាចផ្តល់សេវាពិនិត្យព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងនោះ មានមន្ទីរពេទ្យសង់ត្រាល់, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពហុព្យាបាលវិសាលសុខ និងមន្ទីរពហុព្យាបាលច្បារអំពៅ។
ក្រៅពីការរៀបចំការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនានា និងមណ្ឌលព្យាបាលជំងឺកូវីដ ១៩ នាពេលថ្មីៗកន្លងមកនេះ ក្រសួងសុខាភិបាលបានបង្កើតនូវនីតិវិធី និងយន្តការនៃការដាក់ឱ្យមានការព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដកម្រិតស្រាល និងគ្មានរោគសញ្ញាសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។
ការអនុវត្តការដាក់ឱ្យព្យាបាលនៅតាមផ្ទះនេះបានចាប់ផ្តើមកាលពីចុងខែមេសា ដែលគិតរហូតមកដល់ពេលនេះមានអ្នកជំងឺជាង ១ ០០០ នាក់ហើយ បានស្ម័គ្រព្យាបាលនៅផ្ទះ ហើយក្នុងនោះមានជាង ២០០ នាក់បានព្យាបាលជាសះស្បើយផងដែរ៕
វីដេអូ៖