The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​សម្រេច​រៀបចំ​​បន្ថែម​នូវ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល




រដ្ឋាភិបាល​សម្រេច​រៀបចំ​​បន្ថែម​នូវ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល

Content image - Phnom Penh Post
រដ្ឋាភិបាល​សម្រេច​រៀបចំ​​បន្ថែម​នូវ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាលនៅក្នុង​រាជធានី​ភ្នំពេញ​ បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ស្រាប់​។ ហេង ជីវ័ន

រដ្ឋាភិបាល​សម្រេច​រៀបចំ​​បន្ថែម​នូវ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល

ភ្នំពេញៈ បន្ទាប់ពី​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ចូលក្នុង​សហគមន៍​ជា​លើក​ទី​ ៣ ដែល​ធ្វើឱ្យមាន​អ្នក​ឆ្លង​វីរុស​នេះ​មាន​ការកើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ រាជរដ្ឋាភិបាល​បាន​សម្រេច​រៀបចំ​បន្ថែម​នូវ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល នៅក្នុង​រាជធានី​ភ្នំពេញ ​បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ស្រាប់​។

មន្ត្រី​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា មកដល់​ពេល​នេះ​មាន​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​មាន​ចំនួន​ជាង​ ២០ ​កន្លែង​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ​ទាំង​កម្រិត​ស្រាល​ និង​ធ្ងន់ ខណៈ​ដែល​ក្រសួង​សុខាភិបាល​ក៏បាន​សម្រេច​ឱ្យ​មាន​ការសម្រាក​ព្យាបាល​ជំងឺ​នេះ​នៅ​តាម​ផ្ទះ​ផងដែរ​។

លោក​ ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៣ ខែកក្កដា ថា​នៅ​រាជធានី​ភ្នំពេញ​មាន​មន្ទីរពេទ្យ​រដ្ឋ និង​កន្លែង​ដែល​រៀបចំ​ជា​មណ្ឌល​សម្រាក​ព្យាបាល អ្នកជំងឺ​កូវីដ​ ១៩ មាន​សរុប​ចំនួន​ ២១ ​កន្លែង ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​ឈ្មោះ​របស់​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាក​ទាំងនោះ​លម្អិត​ទេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​ពី​មន្ត្រី​ក្រសួង​សុខាភិបាល​បានទេ នៅ​ថ្ងៃ​ម្សិលមិញ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ដឹកនាំ និង​បញ្ជា​ឱ្យ​រៀបចំ​នូវ​មន្ទីរពេទ្យ​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​កម្រិត​ស្រាល​សម្រាប់​ទទួល​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ក្នុងនោះ​លោក​បាន​សម្រេចយក​អតីត​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់ «The Great Duke» ប្រែក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ និង​បានសម្រេច​ប្រើប្រាស់​ថវិការដ្ឋ​ទិញយក​មន្ទីរពេទ្យ​ «​នគរទេព​» ហើយ​ប្តូរ​ឈ្មោះថា ជា​មន្ទីរពេទ្យ «​ហ្លួងម៉ែ​» សម្រាប់​រៀបចំ​ដាក់​អ្នកជំងឺ​កូវីដ​ផងដែរ​។

ទន្ទឹមនឹង​នោះដែរ ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​សាលារៀន​មួយចំនួន និង​កន្លែង​មួយចំនួន​ទៀត​ជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​លើកឡើងថា មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​ត្រូវបាន​រៀបចំ​ឡើង​ជា​បន្តបន្ទាប់​សម្រាប់​ដាក់​អ្នកជំងឺ​កូវីដ ក្រៅពី​មន្ទីរពេទ្យ​រដ្ឋ​រួមមាន វិទ្យាល័យ​ជាស៊ីម​សាមគ្គី​, អគារ​ម៉ូឌែន​ ១ និង​ ២, អគារ​នៅ​ពោធិ៍ចិនតុង​, អគារ​កោះពេជ្រ​, វិទ្យាល័យ​ជម្ពូវ័ន​, អគារ​វិមាន​ពិភពថ្មី​សែនសុខ​,​អគារ ដឺ ព្រេមៀ សេនធ័រសែនសុខ មណ្ឌល​ព្យាបាល​កូវីដ​កម្រិត​ស្រាល​ទួលពង្រ​, អគារ​សាល​កីឡា​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ និង​សាល​រៀប​អាពាហ៍ពិពាហ៍​ផ្សេងៗ​ទៀត​។ សម្រាប់​អ្នកជំងឺ​ដែលមាន​ស្ថានភាព​កម្រិត​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​, មណ្ឌល​សុខភាព​ចាក់អង្រែ​, មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺរបេង​ហង់សិន​, សណ្ឋាគារ ហ្គ្រេដឌូក​ភ្នំពេញ និង​មន្ទីរពេទ្យ​ហ្លួងម៉ែ ហើយ​ក្នុងនោះ​ក៏មាន​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ជាច្រើន​ទៀត​នៅតាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស​។

ជាមួយ​គ្នា​នេះ កាលពី​ចុងខែ​មេសា​កន្លងមក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ទាំងអស់ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ច្បាប់​មក​ក្រសួង និង​ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​។

បន្ទាប់ពី​មាន​ការប្រកាស​ឱ្យ​សេវា​ឯកជន​ទទួល​ព្យាបាល ថែទាំ​អ្នកជំងឺ​កូវីដ​នេះ រហូត​មកដល់​ពេលនេះ ក្រសួង​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន ៤ អាច​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ក្នុងនោះ មាន​មន្ទីរពេទ្យ​សង់ត្រាល់​, មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ មន្ទីរ​ពហុព្យាបាល​វិសាលសុខ និង​មន្ទីរ​ពហុព្យាបាល​ច្បារអំពៅ​។

ក្រៅពី​ការរៀបចំ​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ នាពេល​ថ្មីៗ​កន្លងមក​នេះ ក្រសួងសុខាភិបាល​បាន​បង្កើត​នូវ​នីតិវិធី និង​យន្តការ​នៃ​ការដាក់ឱ្យ​មានការ​ព្យាបាល​តាម​ផ្ទះ​ចំពោះ​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ផងដែរ​។

ការអនុវត្ត​ការដាក់ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​នេះ​បានចាប់ផ្តើម​កាលពី​ចុងខែ​មេសា ដែល​គិត​រហូតមក​ដល់ពេលនេះ​មាន​អ្នកជំងឺ​ជាង​ ១ ០០០ ​នាក់​ហើយ បាន​ស្ម័គ្រ​ព្យាបាល​នៅផ្ទះ ហើយ​ក្នុងនោះ​មាន​ជាង​ ២០០ ​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ផងដែរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍