ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន ថ្លែងការណ៍​អំពី​មធ្យោបាយ​ និង​របៀប​ ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​នានា​រួម​នឹង​ជំហរ​របស់​កម្ពុជា ចំពោះ​ពហុភាគី​និយម​ក្នុង​សន្និសីទ​ពាក់កណ្ដាល​អាណត្តិ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ (NAM) ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ១៣-១៤ កក្កដា​នេះ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាគូ​សាធារណរដ្ឋ​អាស៊ែបៃហ្សង់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែកក្កដា បាន​បញ្ជាក់ថា ការចូលរួម​សន្និសីទ​របស់លោក​ប្រាក់ សុខុន គឺ​តបតាម​ការអញ្ជើញ​របស់​លោក Jeyhun Bayramov រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ អាស៊ែបៃហ្សង់​ (Azerbaijan)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹងថា សន្និសីទ​នេះ​ធ្វើឡើង​ក្រោម​មូលបទ «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពហុភាគី​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​»​។

សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​នេះ​នឹង​ផ្តល់ឱកាស​ដល់​រដ្ឋ​សមាជិក NAM ពិនិត្យមើល​វឌ្ឍនភាព ដែល​សម្រេចបាន​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បាគូ​ឆ្នាំ​ ២០១៩ ​ក៏ដូចជា​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​តួនាទី​របស់​ NAM ក្នុង​ការឆ្លើយតប​ទៅនឹង​កំណើន​នៃ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

បើតាម​ក្រសួង​ការបរទេស​លោក​ ប្រាក់ សុខុន នឹង​ថ្លែងការណ៍​ផ្តោតលើ​មធ្យោបាយ និង​របៀប​ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​នានា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​ពហុភាគី​។ ពង្រឹង​គុណ​តម្លៃ​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្រាប់​មនុស្សជាតិ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ និង​ជំហរ​របស់​កម្ពុជា ចំពោះ​ពហុភាគី​និយម​សម្រាប់​សន្តិភាព​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​លើក​ឡើង​ថា វត្ដមាន​របស់​កម្ពុជា ឬ​ការចូលរួម​របស់​កម្ពុជា​ក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ហៅ​កាត់​ថា NAM នេះ​គឺជា​នយោបាយ​ការបរទេស​របស់​កម្ពុជា​ដែល​បាន​បន្ត​មកពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ តាំងពី​សម័យ​សង្គម​រាស្ដ្រនិយម ដែល​ព្រះអង្គ​បាន​ចូលរួម​ជា​សហស្ថាបនិក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នេះ​។

លោក​ថ្លែងថា​៖ «​ទិដ្ឋភាព​ទី​១ ​ចលនា​នេះ គឺជា​មរតក​នយោបាយ​មួយ​ដែលជា​និច្ចកាល​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​។ ទិដ្ឋភាព​ទី​២ គឺ​ទិដ្ឋភាព​រដ្ឋធម្មនុញ្ញ​របស់​យើង ដែល​បានកំណត់​ច្បាស់​អំពី​ជំហរ​គោលនយោបាយ​ការបរទេស គឺ​អព្យាក្រឹត អចិន្រៃ្តយ៍ និង​មិន​ចូលបក្សសម្ព័ន្ធ​។ ដូច្នេះ​វា​មាន​សង្គតិភាព​ជា​មរតក​នយោបាយ​ផង និង​ជា​ជំហរ​គោលនយោបាយ​ការបរទេស​កម្ពុជា ដែលមាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​ផង​»​។

ការចូលរួម​ក្នុង​ចលនា​នេះ​របស់​កម្ពុជា គឺជា​ភាពចាំបាច់​ក្នុង​ការសម្រប ដើម្បី​រក្សា​នូវ​វត្ដមាន​របស់ខ្លួន​នៅក្នុង​ចលនា​នេះ ពីព្រោះ​ពិភពលោក​បច្ចុប្បន្ន​បាន​វិល​ត្រឡប់​មក​ចន្លោះ​នៃ​សង្គ្រាមត្រជាក់​ដែល​បាន​ប្រទាញប្រទង់​គ្នា​ ដើម្បី​បង្កើត​សម្ព័ន្ធមិត្ដ ឆ្វេង​ស្ដាំ មាន​ច្រើន​នាពេល​ថ្មីៗ​នេះ​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ គិន ភា​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រទេស​តូច​ដូច​កម្ពុជា ជម្រើស​ក្នុង​ការរក្សា​នូវ​អព្យាក្រឹតភាព​របស់ខ្លួន​នៅក្នុង​គោលនយោបាយ​ការបរទេស​ជា​ជម្រើស​មួយ​ដែល​ល្អ​ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​។ ប៉ុន្ដែ​មិនមែន​មានន័យថា​កម្ពុជា​ត្រូវបដិសេធ​មិនមាន​ចំណង​មិត្ដភាព​ជាមួយ​ប្រទេស ឬ​តំបន់​ណាមួយ​នោះទេ​គឺ​ត្រូវមាន​ តែ​ត្រូវ​ឈរលើ​ជំហរ​អព្យាក្រឹត​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា​»​។

លោក​បាន​បន្តថា គោលការណ៍​ពហុភាគី​និយម​របស់​កម្ពុជា គឺ​កម្ពុជា​តែង​រួមចំណែក​គ្រប់​យន្តការ​ទាំង​តំបន់ និង​ពិភពលោក​។ ព្រោះ​បច្ចុប្បន្ន​នៅក្នុង​តំបន់​ និង​ពិភពលោក​មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​ការដោះស្រាយ​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោកប៉ា ចន្ទរឿន លើកឡើងថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បានចែង​ច្បាស់​ថា​ប្រទេស​កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​ខាង​ណាមួយ​ឡើយ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ការបន្ត​ចូលរួម​នៅក្នុង​សន្និសីទ​ទាំងឡាយ ដែល​រក្សា​នូវ​ជំហរ អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ ឬក៏​ប៉ូល​នយោបាយ​ពិភពលោក​ណាមួយ គឺជា​អ្វីដែល​កម្ពុជា​គួរ​ធ្វើ​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ប៉ុន្ដែ​មិន​ត្រឹមតែ​ជាការ​គោរព​នូវ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ត្រូវ​អនុវត្ដ​ឱ្យបាន​ដូច​អ្វីដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​»៕