The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល​ស្នើ​ឥណទាន​ពី​ចិន​ ដើម្បី​សង់​ផ្លូវ​ និង​ស្ពាន​វែង​ជាងគេ​ឆ្លងកាត់​ទន្លេសាប




រាជរដ្ឋាភិបាល​ស្នើ​ឥណទាន​ពី​ចិន​ ដើម្បី​សង់​ផ្លូវ​ និង​ស្ពាន​វែង​ជាងគេ​ឆ្លងកាត់​ទន្លេសាប

Content image - Phnom Penh Post
លោក ហេង រត្នពិសិដ្ឋ ក្នុង​កិច្ចប្រជុំ​កាលពី​កន្លងមក​។ រូបថត ក្រសួង​សាធារណការ

រាជរដ្ឋាភិបាល​ស្នើ​ឥណទាន​ពី​ចិន​ ដើម្បី​សង់​ផ្លូវ​ និង​ស្ពាន​វែង​ជាងគេ​ឆ្លងកាត់​ទន្លេសាប

ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ដាក់សំណើ​ទៅ​រដ្ឋាភិបាល​ចិន​ ដើម្បី​ស្នើ​ឥណទាន​ក្នុង​ការសាងសង់​ផ្លូវ​ និង​ស្ពាន​ដ៏វែង​ជាងគេ​នៅ​កម្ពុជា ដោយ​ឆ្លងកាត់​ទន្លេសាប តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ឆ្ពោះទៅ​ខេត្ត​កំពង់ធំ បន្ទាប់ពី​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​ជា​​បន្តបន្ទាប់ ក្រោយពី​មាន​ការប្រកាស​ជា​ផ្លូវការ​ពី​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​ ២០១៩​។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយក​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាមរយៈ​ក្រសួង​សាធារណការ​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្មីៗ​នេះ​បាន​ដាក់​សំណើ​រួចហើយ​ទៅ​រដ្ឋាភិបាល​ចិន​។ សំណើ​នេះ​គឺ​ដើម្បី​ស្នើ​ឥណទាន​ពី​ចិន​មក​សាងសង់​ផ្លូវ​ថ្មី​ និង​ស្ពាន​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ ២០០ ​លាន​ដុល្លារ តភ្ជាប់​​ពី​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តកំពង់ធំ​។

ទោះជា​យ៉ាងណា​លោក ហេង រត្នពិសិដ្ឋ បាន​អះអាងថា សំណើ​នេះ​មិនទាន់មាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​ចិន​ទេ ខណៈ​កម្ពុជា​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ចម្លើយ​នេះ ដើម្បី​ឈាន​ទៅរក​កិច្ចសហប្រតិបត្តិការ​ថ្មី​បន្ថែមទៀត​ក្នុង​​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុងតែ​ដាក់​ស្នើសុំ​ឥណទាន​ពី​រដ្ឋាភិបាល​ចិន​​ហើយ​យើង​មិនទាន់​បាន​ចុះកិច្ចសន្យា​លើ​ឥណទាន​ទាំងនេះ​ទេ​។ សំណើ​នេះ គឺ​ស្នើសុំ​ធ្វើ​ផ្លូវ​ថ្មី​ជាមួយ​ស្ពាន​ឆ្លងកាត់​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​»​។

តាម​គម្រោង​ស្ពាន​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​នេះ​នឹងត្រូវ​សង់​ឆ្លងកាត់​ដៃទន្លេ​ចំនួន ៣ រួមមាន ទន្លេ​ផ្សារក្រោម ទន្លេ​ជល់មុខ និង​ទន្លេ​កំពង់ហាវ​ដែល​មាន​ប្រវែង​ ៣ ៩០០ ​ម៉ែត្រ​។ រីឯ​ការសាងសង់​ផ្លូវ​គឺមាន​ប្រវែង​ ៥៧,៣ ​គីឡូម៉ែត្រ ដែល​នឹងត្រូវ​សាងសង់​ចាប់ពី​ស្រុក​កំពង់លែង ក្នុង​​ខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​ស្ទឹងសែន​ក្នុង​ខេត្តកំពង់ធំ​។

គម្រោង​នេះ​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ កាលពី​ឆ្នាំ​ ២០១៩ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០០ ​លានដុល្លារ​។ ប៉ុន្តែ​យ៉ាងណា​គម្រោង​នេះ​​ត្រូវបាន​ពន្យារពេល​ការសាងសង់​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន​។

លោក​ ស៊ុន សុវណ្ណារិទ្ធ អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា គម្រោង​សាងសង់​ផ្លូវ​ និង​ស្ពាន​នេះ គឺជា​ដំណឹង​ល្អ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ មិន​ថា​​តែ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ប៉ុណ្ណោះ​នោះទេ ដែល​តែង​ទន្ទឹងរង់ចាំ​ចង់ឱ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង​។

លោក​បន្តថា ការសាងសង់​ផ្លូវ​ស្ពាន​​ឆ្លងកាត់​ទន្លេសាប​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ ជាពិសេស​ទេសចរ​ខេត្ត​កំពង់ឆ្នាំង​ និង​កំពង់ធំ រួមទាំង​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ផ្សេងៗ​ផងដែរ​។

លោក​ថា​៖ «​នេះ​ដោយសារតែ​គម្រោង​នេះ គឺជា​របស់​ក្រសួង​សាធារណការ ដូច្នេះ អាជ្ញាធរខេត្ត​មិនទាន់​ដឹង​ពី​ប្លង់​មេ​ពិតប្រាកដ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​ដូច​អ្វីដែល​បានដឹង​មុន​មែន ហើយ​ចំ​គោលដៅ​ដែល​បានរៀបចំ​ទុក​នោះ គឺ​ខេត្ត​បាន​ត្រៀម​រួចជាស្រេច​ហើយ​ និង​ចូលរួម​សហការ​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​នានា​ផងដែរ​»​។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​ថ្លែង​​ថា ធម្មតា​ការផ្តល់​ឥណទាន គឺ​ខុសពី​ការផ្តល់​ជំនួយ​ឥតសំណង ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​សង្គម និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ទាំង​ ២​។ យ៉ាងណា​លោក ជឿ ថា សំណើ​នេះ​​នឹង​ត្រូវបាន​រដ្ឋាភិបាល​ចិន​អនុម័ត​ក្នុង​​ពេល​ឆាប់ៗ ព្រោះ​ថ្មីៗ​នេះ ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​គឺ​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​ប្រសើរឡើង​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ប្រហែលជា​អាច​នឹង​មាន​ការអនុម័ត​តាម​សំណើ​នេះ​បាន ព្រោះ​កន្លងមក ឃើញ​រដ្ឋាភិបាល​ចិន​ហ្នឹង​គាត់​ជួយ​កម្ពុជា​ច្រើន​ដែរ រឿង​ស្ពាន រឿង​ថ្នល់ រឿង​អី​ទៀត​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​បច្ចេកទេស​គឺ​គិត​អំពី​សុវត្ថិភាព និង​គុណភាព​នៃ​វិស្វកម្ម​ស្ពាន​ថ្នល់​ហ្នឹង​ថា​មាន​សុវត្ថិភាព មុនពេល​សាងសង់ អំឡុងពេល​សាងសង់ និង​ក្រោយពេល​សាងសង់​កម្រិតណា​?»​។

លោក គង់ សុវណ្ណ រំពឹង​ថា​នៅពេល​គម្រោង​នេះ ចាប់ផ្តើម​អនុវត្ត​ការសាងសង់ រាជរដ្ឋាភិបាល​នឹង​គិតគូរ​ពី​គុណភាព​ទាំងអស់​នេះ ជាពិសេស​ការផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ និង​ផលប៉ះពាល់​ដែល​កើត​នានា ដែល​កើតមានឡើង​ក្នុង​គម្រោង​ឱ្យបាន​ល្អប្រសើរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍