សៀមរាបៈ ប្រជាការពារ​ភូមិ​ម្នាក់​ស្លាប់​ ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង​ និង​ម្នាក់​គ្រាន់តែ​សន្លប់ ពេលដែល​កំពុង​បំពេញ​ការងារ​ជា​សន្តិសុខ​នៅ​ខាងក្រៅ ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​មួយកន្លែង នៅក្នុង​ភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក ម៉ៃ សំកុល មេភូមិ​មណ្ឌល​ ៣ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ ៤ ​រសៀល​ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ​ ២០២១ នៅ​ខាងក្រៅ​របង នាយកដ្ឋាន និង​សហប្រតិបត្តិការ ដែលជា​កន្លែង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក សំកុល បាន​បញ្ជាក់ថា ក្រោយ​ហេតុការណ៍ ក្រុម​គ្រូពេទ្យ​ពិនិត្យឃើញថា អ្នកដែល​ស្លាប់​នោះ គឺ​បណ្តាល​មកពី​ស្ទះ​សរសៃឈាម​បេះដូង ចំណែក​អ្នកសន្លប់​ម្នាក់ទៀត​គ្រាន់តែ​បណ្តាល​មកពី​អស់កម្លាំង ក្រោយមក​ក៏​ដឹងខ្លួន​វិញ​។

លោកមេភូមិបានឱ្យ​ដឹងថា ការស្លាប់​របស់​ប្រជាការពារ​ភូមិ​ម្នាក់នេះ​មិន​ជាប់​ពាក់ព័ន្ធ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នោះទេ​។

លោកមេភូមិបាន​ថ្លែងឱ្យដឹងថា​៖ «​ព្រោះ​មុន​ធ្វើ​កោសល្យវិច័យ ក្រុមគ្រូពេទ្យ​គាត់​បាន​ធ្វើ​តេស្ត​រក​កូវីដ​ ១៩ ដែរ អត់​មាន​ផ្ទុក​វីរុស​កូវីដ​ទេ​»​។

លោក មេភូមិ ថ្លែង​ថា ប្រជាការពារ​ម្នាក់​ដែល​ស្លាប់​ និង​ម្នាក់​ដែល​ដួលសន្លប់ ពួកគេ​ទាំង​ ២ ​នាក់​ត្រូវ​ឈរ​យាម​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ពី​ម៉ោង​ ៧ ​ព្រឹក​រហូតដល់​បញ្ចប់​ការងារ​ប្រមាណ​ជា​ម៉ោង ៥ ល្ងាច អាច​លើស​នេះ អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

លោក ម៉ៃ សំកុល បានឱ្យ​ដឹងថា ប្រជាការពារ​ភូមិ​ដែល​ស្លាប់ ភេទ​ប្រុស អាយុ ៤៤ ​ឆ្នាំ ដែលជា​ប្រជាការពារ​មកពី​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប​។ ប៉ុន្តែ​បច្ចុប្បន្ន​រូបគាត់​ស្នាក់នៅ​ផ្ទះជួល ក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

រដ្ឋបាល​ខេត្តសៀមរាប​បាន​រៀបចំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​ចំនួន​ ២ ​ដូស​តាម​ពេលវេលា​ដែល​ត្រូវ​បានកំណត់​នៅក្នុង​ខែកក្កដា នេះ​។

រដ្ឋបាលខេត្ត​សៀមរាប​ថា ត្រឹម​ថ្ងៃទី​ ១២ ខែកក្កដា នេះ​ខេត្ត​សៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន ២ ៥៥៣ ​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន ៩២៧ នាក់ ស្លាប់​ ២៥ ​នាក់ និង​ ១ ៥៩៦ ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប មណ្ឌល​​ចត្តាឡីស័ក​គរុកោសល្យ និង​​វិក្រឹតការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំដែក​៕