ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកដំណើរការផ្សារកណ្តាល ខណៈខេត្តកំពង់ស្ពឺផ្អាកផ្សារកំពង់ស្ពឺបណ្តោះអាសន្ន បន្ទាប់ពីអាជីវករក្នុងផ្សារមានឆ្លងជំងឺកូវីដ ១៩ ចំណែកខេត្តតាកែវ និងខេត្តស្ទឹងត្រែង មានការបិទភូមិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរការផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ១ ខណ្ឌដូនពេញ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី ១៣ ខែកក្កដា រហូតដល់ ថ្ងៃទី ២៦ ខែកក្កដា ដោយសារតែមានករណីវិជ្ជមានកូវីដ ១៩ កើតឡើងថ្មីក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករផ្សារ។ តាមរយៈលិខិតសម្រេចផ្អាកផ្សារកណ្តាលចេញថ្ងៃទី ១២ ខែកក្កដា លោក ឃួង ស្រេង អភិបាលរាជធានីបានឱ្យសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតលោក ឃួង ស្រេង សរសេរថា៖ «គណៈកម្មការផ្សារកណ្តាលត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់» ។
អំឡុងពេលនៃការផ្អាកដំណើរការផ្សារនេះលោក ឃួង ស្រេង បញ្ជាឱ្យហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងមូលដ្ឋានផ្សារកណ្តាល លើកលែងតែមានករណីចាំបាច់មួយចំនួនដូចជាការចេញ-ចូល និងជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធនៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។ ក្នុងលិខិតសរសេរថា៖ «រាល់ការចេញ-ចូល និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងករណីលើកលែងត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍កាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យសម្លាប់មេរោគ វាស់កម្តៅ និងអនុវត្តវិធានការ ៣ការពារ ៣កុំ»។
លោក ឃួង ស្រេង ព្រមានថា សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ ១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យ អន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី ១ លានរៀល ដល់ ១០ លានរៀល ដូចបានកំណត់ក្នុងចំណុចទី ៤ និងទី ៥ ប្រការ ២ នៃអន្តរក្រសួងចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច។ ក្រៅពីពិន័យអន្តរការណ៍ គណៈកម្មការផ្សារនឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយនៅពេលផ្សារដំណើរការឡើងវិញ។
នៅថ្ងៃទី ១២ ខែកក្កដា ដដែលនេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានសម្រេចផ្អាក ផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន មានរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ កក្កដាតទៅ។ លោកថា សន្តិសុខ បុគ្គលិកកម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតសរសេរថា៖ «ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្តោះអាសន្នត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សក្នុងមូលដ្ឋានផ្សារកំពង់ស្ពឺលើកលែងតែករណីចាំបាច់មួយចំនួនដូចជាការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធនៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាដើម»។
ចំណែកអភិបាលខេត្តតាកែវលោក អ៊ូច ភា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិពោន ភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំងដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីម៉ោង ១៧ ល្ងាច ថ្ងៃទី ១២ ខែកក្កដា រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានសម្រេចបិទខ្ទប់ចំណុចភូមិវាលដេញនៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដជាច្រើននាក់កាលពីថ្ងៃទី ១១ កក្កដា។
ក្នុងលិខិតសរសេរថា៖ «បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ នៅចំណុចភូមិវាលដេញនៃឃុំអន្លង់ជ្រៃ មានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី ១២ ខែកក្កដាបានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី»៕