រតនគិរីៈ អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​នៅ​ថ្ងៃទី​ ១៣ ​ខែ​កក្កដា បានធ្វើការ​ចោទប្រកាន់​បុរស​ខ្មែរ​ម្នាក់ និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១០ ​កក្កដា ពាក់ព័ន្ធ​គ្រឿងញៀន​ ៣ ​កញ្ចប់​។

លោក​ព្រះរាជអាជ្ញារង​លោក​ កែវ ភក្តី និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ​កក្កដា​ថា បុរស​ឈ្មោះ​ គ្រី សុខណាល់ អាយុ​ ៣៦ ​ឆ្នាំ និង​ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ​ វិន ទៀង អាយុ ២៨ ​ឆ្នាំ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃទី​ ១៣ ​កក្កដា​។

បុរស​ជនជាតិខ្មែរ ត្រូវ​ចោទ​ពី​បទជួញដូរ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​មាត្រា​ ៤០ និង​មាត្រា​ ៤៥ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ ចំណែក​ស្ត្រី​ជនជាតិ​វៀតណាម​ត្រូវ​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​រក្សាទុក​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​តាម​មាត្រា​ ៤០ និង​មាត្រា​ ៤៥ ​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖ «​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​បន្ទាប់ពី​ខាង​តំណាង​អយ្យការ​ចោទ គឺ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។ ឥឡូវនេះ​ពួកគេ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​»​។

ពាក់ព័ន្ធ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​នេះ ​ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទៅ​លោក សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ​កក្កដា ប៉ុន្តែ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

ទោះយ៉ាងណា បើតាម​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​អូរយ៉ាដាវ ដែល​ស្នើសុំ​មិន​ប្រាប់​ឈ្មោះ​ ១ ​រូប​ថ្លែងថា មុន​មាន​ការឃាត់​ខ្លួន​ជន​ ២ ​នាក់​នេះ​ គឺ​សមត្ថកិច្ច​បាន​តាមដាន​ពួកគេ​កន្លះ​ខែ​មកហើយ​។ លុះ​នៅ​រសៀល​ថ្ងៃទី​ ១០ ខែកក្កដា សមត្ថកិច្ច​បាន​ចុះ​ឃាត់​ពួកគេ នៅក្នុង​ចម្ការ​នៅ​ភូមិ​ប្លង់ ឃុំ​ប៉ាតេ​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​គ្រឿងញៀន ចំនួន​ ២ ​កញ្ចប់​ (​ធំ​ល្មម )​ និង​ ១ ​កញ្ចប់​តូច ព្រមទាំង ទូរស័ព្ទ​ ១ ​គ្រឿង​ផងដែរ​៕