ភ្នំពេញៈ វ៉ាក់សាំង AstraZeneca ប្រមាណ​ ១ ​លានដូស​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្តល់ជំនួយ​មក​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ ខណៈ​មកដល់​ពេល​នេះ​ប្រទេស​កម្ពុជា ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​បាន​ជាង​ ៥ ​លាន​នាក់​ហើយ​។

លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃទី​ ១៣ ខែកក្កដា បាន​ផ្ញើ​សារ​មួយ​ឱ្យដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់ជំនួយ​នូវ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​ ១ ​លានដូស​ដល់​កម្ពុជា​ដែល​ជំនួយ​នេះ​ធ្វើឡើង​ស្រប​តាម​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូវីដ​ ១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

លោក​បានលើកឡើង​ទៀតថា វ៉ាក់សាំង​ដែល​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុងប្រទេស​ជប៉ុន​ នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​ក្នុងពេល​ដ៏ឆាប់​ខាងមុខនេះ​ នៅពេល​ដែល​ការរៀបចំ​ភ័ស្តុភារ​ដោយ​មជ្ឈមណ្ឌល​កូវ៉ាក់​ (COVAX Facility) ​បាន​បញ្ចប់​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មាន​ប្រសាសន៍​ក្នុង​សារ​នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវីដ​ ១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា ហើយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​ ១៩ ដែលជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ​ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែលជា​មិត្ត​ដ៏សំខាន់​របស់​យើង​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា​ស្ថានភាព​នឹង​អាច​ល្អ​ប្រសើរឡើង​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះហើយ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​យើង​ទាំង​ ២ ក៏ដូចជា​ក្នុង​ពិភពលោក​នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​»​។

ប្រឈមមុខ​នឹង​ការរីករាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។

មកទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​សរុប​ប្រមាណ​ច្រើនជាង ៥០ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដែល​រួមមាន​ការផ្តល់​បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ តាម​ព្រំដែន ក៏ដូចជា​ការផ្តល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន​ និង​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​បាន​បញ្ជាក់ថា៖ «​យើង​ក៏បានផ្តល់​ជា​កម្ចី​ប្រមាណ ២២៧ ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​»​។

ចាប់តាំងពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ដល់​ថ្ងៃទី​ ១០ ខែ កក្កដា ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ប្រមាណ​ ១៧ ​លានដូស​រួចហើយ​ ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​ចិន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ និង​ជា​ជំនួយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើក​ឡើង​កាលពី​ថ្ងៃទី​ ១០ កក្កដា​ថា៖ «​វ៉ាក់សាំង​គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូវីដ​ ១៩​។ តាមរយៈ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួល​បានជា​បន្តបន្ទាប់ ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែនការ​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផងដែរ​»​។

ដោយឡែក ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ទី​ ៥ ​លាន ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​កាលពី​ព្រឹក​ថ្ងៃទី​ ១៣ ខែកក្កដា ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​​ឧត្តរមានជ័យ​។

លោក ហ៊ុន សែន បានប្រកាស​ពី​ការរកឃើញ​មនុស្ស​ទី​ ៥ ​លាន​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដោយ​លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ថា​៖ «​សូម​អបអរសាទរ​ចំពោះ​បងប្រុស​ ណុប មាន អាយុ​ ៧០ ​ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិ​សែនសំ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ទី​ ៥ ​លាន​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ​ខែ​កក្កដា ឆ្នាំ​ ២០២១ នេះ​»​។

លោក ហ៊ុន សែន បញ្ជាក់ទៀត​ថា លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​​កូវីដ​ ១៩ ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នឹង​នាំយក​ថវិកា​ចំនួន​ ១០ ​លាន​រៀល ព្រមទាំង​សម្ភារ​ផ្សេងទៀត​ដែលជា​ជំនួយ​ឧបត្ថម្ភ​ទៅ​ប្រគល់ជូន​ដោយផ្ទាល់​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ជនរួមជាតិ ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​កូវីដ​ ១៩ តាមរយៈ​ការទទួលយក​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ ដែល​មកដល់​ពេល​នេះ​កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ ៥០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​នឹងត្រូវ​ចាក់​ ១០ ​លាន​នាក់​ហើយ​។

តាម​ផែនការ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ ១០ ​លាន​នាក់​នៅក្នុង​ត្រឹម​ខែតុលា ឬ​ដើមខែ​វិច្ឆិកា​ឆ្នាំ​ ២០២១ ​នេះ បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​គ្រប់​ចំនួន​ ២០ ​លានដូស​រួចរាល់​នៅក្នុង​ខែសីហា ខាងមុខ​។

ដោយឡែក​នៅ​ថ្ងៃទី​ ១៣ ខែកក្កដា​ដដែល​នេះដែរ ស្ថានទូត​ចិន ប្រចាំ​កម្ពុជា បានប្រកាស​ថា វ៉ាក់សាំង​ចិន​​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់ បាន​ចូលក្នុង​បញ្ជី​ឈ្មោះ​នៃ​យន្តការ COVAX ដោយ​ជោគជ័យ​ហើយ​។ យោងតាម​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១២ ខែកក្កដា សម្ព័ន្ធ​ថ្នាំ​បង្ការ​សកល​ (GAVI) ​បាន​ប្រកាសថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​មុន​ (Pre Order) ​ជាមួយ​ក្រុមហ៊ុន China National Pharmaceutical Group Corporation និង​ក្រុមហ៊ុន Sinovac Biotech​។

ស្ថានទូត​ចិន​បាន​លើកឡើង​ថា​៖ «​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​បាន​ចូលក្នុង​បញ្ជី​ឈ្មោះ​នៃ​យន្តការ​ COVAX និង​ព្រមទាំង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​ដល់​យន្តការ COVAX ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដោយ​ចាប់ពី​ខែកក្កដា​នេះ​តទៅ​»​។

ស្ថានទូត​ចិន​បាន​បន្តថា យោងតាម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ចិន​ទាំង​ ២ ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ​ចំនួន ១១០ ​លានដូស​ទៅកាន់​យន្តការ COVAX មុន​ចុងខែ​តុលា​ឆ្នាំនេះ ហើយនឹង​បន្ត​ផ្គត់ផ្គង់​រយៈពេល​វែង​ជា​បន្តបន្ទាប់​។ ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ចិន​ទាំង​ ២ ​នេះ​ជាមួយ​នឹង​សម្ព័ន្ធ GAVI ជាការ​បង្ហាញ​ពី​លក្ខណៈ​សំខាន់​នៃ​ការអនុវត្ត​សកម្មភាព​ជាក់ស្តែង​របស់​ចិន​ក្នុង​ការចាត់ទុក​វ៉ាក់សាំង​ជា​ផលិតផល​សាធារណៈ​៕