ភ្នំពេញៈ ​ក្រោយ​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ បាន​ជិត​ ២ ​ម៉ឺន​នាក់ ក្នុងចំណោម​ជន​ជាប់ឃុំ​ទូទាំង​ប្រទេស​ជាង ៣៦ ០០០ ​នាក់ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​កំពុង​បន្ត​ជំរុញ​ដល់​ពន្ធនាគារ តាម​បណ្តា-ខេត្ដ​ឱ្យធ្វើ​លិខិតស្នើ​ទៅ​រដ្ឋបាល​ខេត្ដ ដើម្បី​សម្របសម្រួល​ជាមួយ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្នុងចំណោម​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ២៨ ​ទីតាំង​ទូទាំងប្រទេស​ដែលមាន​ជន​ជាប់ឃុំ​សរុប​ជាង ៣៦ ០០០ នាក់​ មាន​ជន​ជាប់ឃុំ​ជិត ២ ​ម៉ឺន​នាក់ ​ហើយ​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​នីតិវិធី​ឥឡូវ យើង​ជំរុញ​ឱ្យ​ពន្ធនាគារ​ខេត្ដ ឬ​មណ្ឌល​អប់រំ​កែប្រែ​ឱ្យ​គាត់​ធ្វើ​លិខិតស្នើ​ទៅ​រដ្ឋបាល​ខេត្ដ ដែលជា​ទីតាំង​ដែល​គាត់​ស្ថិតនៅក្រោម​នោះ​។ ពន្ធនាគារ​ខេត្ដ​ឱ្យ​ធ្វើ​លិខិតស្នើ​ទៅ​រដ្ឋបាល​ខេត្ដ​ថា មាន​ជនជាប់ឃុំ​ប៉ុន្មាន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​។ លិខិត​នេះ​ដាក់​ទៅ​ខេត្ដ ដើម្បីឱ្យ​រដ្ឋបាល​ខេត្ដ​សម្របសម្រួល​ជាមួយ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ធ្លាប់​ជជែក​ជាមួយ​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប​ដែរ​រឿងនេះ​ព្រោះ​សៀមរាប​កំពុង​ប្រឈម​ដែរ​។ យើង​ក៏​មិនដឹង​ច្បាស់​ថា ពេល​នេះ​គណៈកម្មការ​ចាក់​វ៉ាក់សាំង សម្របសម្រួល​យ៉ាងដូចម្ដេច​ទេ​។ កាល​មុន​យើង​ធ្វើតាម​យន្តការ​តាម​ពេទ្យ ១៦ ​ឧសភា​»​។

លោក នុត សវនា ​ថ្លែងថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ផ្តល់​ការគាំទ្រ ពី​សំណាក់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ទទួល​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ ដើម្បី​ចាក់ឱ្យ​ជន​ជាប់ឃុំ​ជិត ២ ​ម៉ឺន​នាក់ នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ១១ ​ទីតាំង​ក្នុងចំណោម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​សរុប​ចំនួន ២៨ នៅ​ទូទាំងប្រទេស​។

លោក​លើកឡើង​ថា តាម​ផែនការ​របស់​រាជរដ្ឋាភិបាល បាន​ផ្ដោត​ការចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ជាមុន ពិសេស​នៅ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​ស្មាន​បាន​ថា ពេលណា​អាច​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​បាន​អស់​ទេ​។ ប៉ុន្ដែ​យើង​កំពុងតែ​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​បញ្ចូល​ជន​ជាប់ឃុំ​ទៅក្នុង​ផែនការ​ចាក់​វ៉ាក់សាំង​នៅតាម​ខេត្ដ​ដែរ​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​លើកឡើង​ថា បច្ចុប្បន្ន​ស្ថានភាព​តាម​ពន្ធនាគារ​គឺជា​បញ្ហា​មួយ គួរឱ្យ​បារម្ភ​ខ្លាំង​ទាក់ទង​នឹង​ការរីករាលដាល ជំងឺ​កូវីដ​ ១៩ ពីព្រោះ​ពន្ធនាគារ​មាន​ស្ថានភាព​ចង្អៀត​ខ្លាំង ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​អង្គការ​លីកាដូ​ធ្លាប់​បានផ្តល់​អនុសាសន៍​លើ​ការពិចារណា ដោះលែង​អ្នក​ជាប់ឃុំ​បណ្តោះអាសន្ន​ចំពោះ​អ្នក​ដែល​បទល្មើស​ស្រាល និង​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ ពន្លឿន​ការជំនុំជម្រះ​ពិនិត្យ​លើ​ការដោះលែង​ជន​ជាប់ឃុំ​ដែល​ជិត​ផុត​ទោស​»​។

លោក​បញ្ជាក់ថា ជាពិសេស​ពិនិត្យ​ទៅលើ​អនីតិជន​ស្ត្រី​ជាប់ឃុំ​មានកូន ស្ត្រី​ជាប់ឃុំ​មាន​ផ្ទៃពោះ​ជន​ជាប់ឃុំ​មាន​ជំងឺ​រ៉ាំរ៉ៃ ជន​ជាប់ឃុំ​ជា​ជនពិការ ដែល​អាច​អនុញ្ញាតឱ្យ​ពួកគេ​នៅក្រៅ​ឃុំ​បាន​។

ក្នុងពេល​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​ជម្រាប​ជូន​គណៈអភិបាល​រាជធានី-ខេត្ត ស្ដីពី​ការចាត់​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​។

ក្រោម​ការជ្រោមជ្រែង​ពី​អាជ្ញាធរ​សុខាភិបាល អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​សម្រប​សម្រួល​ការពិនិត្យ​សំណាក​ជន​ជាប់ឃុំ​ទាំងអស់​ចំនួន ៣ ​លើក បន្ទាប់ពី​បាន​រកឃើញថា មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ​ និង​ពន្ធនាគារ​មួយចំនួន តាមរយៈ​មធ្យោបាយ PCR (Polymerasa Chain Reaction) និង​ឧបករណ៍​តេស្ត​រហ័ស​ (Rapid Test)​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​៕