កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានណែនាំឱ្យអាជ្ញាធរក្រុង និងស្រុកចុះធ្វើបច្ចុប្បន្នភាពគម្រោងដីឡូត៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរកម្ចាស់ទីតាំងដីឡូត៍ដែលគ្មានច្បាប់អនុញ្ញាតឱ្យចូលខ្លួនមកបំពេញនីតិវិធីឱ្យបានត្រឹមត្រូវ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងកាលពីថ្ងៃទី ១២ ខែកក្កដាថា រដ្ឋបាលខេត្តបានប្រជុំពិនិត្យ និងពិភាក្សាជាមួយអភិបាលក្រុងស្រុកទាំងអស់លើករណីអាជីវកម្មពុះដីឡូត៍ដែលគ្មានច្បាប់អនុញ្ញាតនៅព្រឹកថ្ងៃទី ១២ ខែកក្កដា។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយខ្លឹមសារច្បាប់ និងគោលការណ៍នានា ដើម្បីឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយម្ចាស់អាជីវកម្មដីឡូត៍ ជាពិសេសជំរុញការធ្វើបច្ចុប្បន្នភាពចំពោះគម្រោងអាជីវកម្មដីឡូត៍នៅទូទាំងខេត្ត។
លោកថ្លែងថា៖ «ពេលនេះគឺជាដំណាក់កាលមួយដែលរដ្ឋបាលខេត្តកំពុងតែស្ថិតក្នុងដំណើរការចុះធ្វើបច្ចុប្បន្នភាព ដើម្បីស្រង់ស្ថិតិទូទាំងខេត្ត ហើយកិច្ចការនេះខ្ញុំបានចាប់ផ្តើមធ្វើពីពេលឥឡូវនេះទៅ ហើយសង្ឃឹមថាមិនយូរទេ យើងនឹងទទួលបានព័ត៌មានអំពីចំនួនអាជីវកម្មដីឡូត៍នៅក្នុងខេត្ត»។
លោក សាន់ យូ បានបន្តថា ក្រោយពីទទួលបានរបាយការណ៍ពីក្រុង និងស្រុក លោកនឹងចុះទៅពិនិត្យនៅតាមមូលដ្ឋានជាក់ស្តែង ហើយនឹងរៀបចំផែនការរួម ដើម្បីបន្តអនុវត្តការងារទៅថ្ងៃខាងមុខ។ ក៏ប៉ុន្តែជាគោលការណ៍ រដ្ឋបាលខេត្តចង់ឱ្យពលរដ្ឋដែលមានអាជីវកម្មដីឡូត៍ចូលរួមអនុវត្តតាមច្បាប់ដើម្បីជាប្រយោជន៍ទាំងអស់គ្នា។
បើតាមលោក សាន់ យូ រដ្ឋបាលខេត្តក៏មានគោលបំណង ដើម្បីពង្រឹងអាជ្ញាធរជំនាញពាក់ព័ន្ធឱ្យអនុវត្តភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពចំពោះការងារគ្រប់គ្រងដីឡូត៍ផងដែរ។
លោកថ្លែងថា៖ «ក្នុងនោះដែរយើងក៏មានផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតាមរយៈការពន្លឿននៃការរៀបចំប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុង ស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ផងដែរ»។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានសម្តែងការគាំទ្រចំពោះអាជ្ញាធរខេត្តដែលបានរៀបចំឱ្យមានការធ្វើបច្ចុប្បន្នភាពគម្រោងដីឡូត៍គ្មានច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែលោកបានស្នើសុំឱ្យអាជ្ញាធរខេត្តធ្វើដោយស្មោះត្រង់កុំធ្វើឡើងក្នុងនាមគំរាមកំហែងដើម្បីផលប្រយោជន៍។
លោកថ្លែងថា៖ «ប្រសិនបើយើងក្តាប់បានពីក្រុមហ៊ុនពុះដីឡូត៍ហ្នឹង ទី១ យើងនឹងអាចប្រមូលបានពន្ធពីការលក់ពីអីហ្នឹងហើយ។ ចំណែកទី២ ជាទំនុកចិត្តសម្រាប់អ្នកទិញ ព្រោះកន្លងមកអ្នកទិញបានរងគ្រោះច្រើន ដូចយើងឃើញជាបន្តបន្ទាប់គេបង្ហោះតាមបណ្តាញសង្គមអ៊ីចឹងការធ្វើបែបនេះក៏ជាការធានាដល់អ្នកទិញដែរ»។
ឆ្លើយតបចំពោះបញ្ហានេះអភិបាលរងខេត្តលោក សាន់ យូ បានថ្លែងថា រដ្ឋបាលខេត្តខិតខំធ្វើកិច្ចការនេះ ដើម្បីជាប្រយោជន៍ទាំងអស់គ្នា មិនមានការរឹតត្បិតចំពោះការវិនិយោគលើវិស័យដីឡូត៍នោះទេ។
លោកបានបញ្ជាក់ថា៖ «ជាទូទៅគឺយើងមិនមានការទៅបិទគាត់ទេ មានតែផ្ទុយពីការបិទយើងបង្វែរគាត់ឱ្យទៅបំពេញនីតិវិធីផ្លូវច្បាប់ព្រោះខ្ញុំគិតថារឿងដីឡូត៍នេះជាចលនាសេដ្ឋកិច្ចមួយសំខាន់ ហើយរដ្ឋបាលខេត្តនឹងមានការគាំទ្រនូវការអភិវឌ្ឍនៅលើវិស័យនេះ។
តែទោះយ៉ាងណាក៏ដោយយើងខិតខំធ្វើម៉េចឱ្យបងប្អូនបានចូលរួមទាំងអស់គ្នាក្នុងការបំពេញឱ្យស្របតាមអ្វីដែលច្បាប់បានកំណត់»៕