ភ្នំពេញៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមា រ(ក.ជ.ក) ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និងក្រសួងមហាផ្ទៃបានរៀបចំពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាព ដើម្បីបង្ការទប់ស្កាត់និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ ២០២១-២០២៥» តាមរយៈកម្មវិធីអនឡាញ ZOOM។

ពិធីប្រកាសនៅព្រឹកថ្ងៃទី ១៤ កក្កដានេះ មានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានចាត់ទុកកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់វិស័យកិច្ចការពារកុមារ អ្នកធ្វើការពាក់ព័ន្ធ ជាពិសេសសម្រាប់កុមារ និងយុវជនគ្រប់រូប នៅក្នុងប្រទេសដែលនឹងទទួលបានការការពារសុវត្ថិភាពកាន់តែប្រសើរ នៅពេលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប នាយុគសម័យឌីជីថលនេះ ។

សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងនេះបានលើកឡើងថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារគួរព្រួយបារម្ភ។

សេចក្តីប្រកាសព័ត៌មានរួមនេះបានសង្កត់ធ្ងន់ថា «ឆ្លើយតបនឹងបញ្ហាខាងលើ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការទប់ស្កាត់និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព»។

កាលពីឆ្នាំ ២០២០ របាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញពីចំនួនករណីនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញដែលកើនឡើងដល់ជាង ២១,៧ លានករណីក្នុងនោះ ជនល្មើសភាគច្រើនជាមនុស្សដែលកុមារមិនស្គាល់។ទន្ទឹមគ្នានេះរបាយការណ៍របស់សមាគមបណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE) ឆ្នាំ ២០២០ បានបង្ហាញថា ៧៦ ភាគរយនៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមានអាយុពី ៣ ទៅ ១៣ ឆ្នាំ, ១ ភាគរយ ជាកុមារមានអាយុពី ០ ទៅ ២ ឆ្នាំ និង ៩៣ ភាគរយជាក្មេងស្រី ។

ដោយឡែកនៅកម្ពុជា មិនទាន់មានទិន្នន័យផ្លូវការជាក់លាក់បញ្ជាក់ពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ នៅឡើយទេ។ប៉ុន្តែតាមរយៈការរាយការណ៍ពីសាធារណជនមកកាន់សមត្ថកិច្ចនិងបណ្តាញរាយការណ៍តាមអ៊ីនធឺណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង ១៥០ ករណី ក្នុង ១ ឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាព-សម្ភារអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទ ជាដើម។

យោងតាមការសិក្សាស្រាវជ្រាវស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជាឆ្នាំ ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានដឹកនាំនិងសម្របសម្រួល បានរកឃើញថា ប្រមាណ ៦០ ភាគរយនៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថា ធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត ដូចជា ការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម៕