The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ស៊ីម៉ាក់​រកឃើញ​គ្រាប់បែក​ ៨០ ​គ្រាប់​បន្ថែមទៀត ​នៅជាប់​របង​វិទ្យាល័យ​ ១០ ​មករា




មន្ត្រី​ស៊ីម៉ាក់​រកឃើញ​គ្រាប់បែក​ ៨០ ​គ្រាប់​បន្ថែមទៀត ​នៅជាប់​របង​វិទ្យាល័យ​ ១០ ​មករា

Content image - Phnom Penh Post
មន្ត្រី​ស៊ីម៉ាក់​រកឃើញ​គ្រាប់បែក​ ៨០ ​គ្រាប់​បន្ថែមទៀត ​នៅជាប់​របង​វិទ្យាល័យ​ ១០ ​មករា កាលពី​ថ្ងៃទី​ ១២ ​កក្កដា​។ រូបថត ស៊ីម៉ាក់

មន្ត្រី​ស៊ីម៉ាក់​រកឃើញ​គ្រាប់បែក​ ៨០ ​គ្រាប់​បន្ថែមទៀត ​នៅជាប់​របង​វិទ្យាល័យ​ ១០ ​មករា

សៀមរាបៈ ​កងឯកភាព​កម្ចាត់មីន​ទី​ ៤ ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​ប្រចាំ​សៀមរាប ​កាលពី​ថ្ងៃទី​ ១២ ​កក្កដា ​បាន​បន្ត​រកឃើញ​គ្រាប់បែកដៃ​ប្រភេទ 36UK ផលិត​នៅ​ប្រទេស​អង់គ្លេស​ចំនួន​ ៨០ ​គ្រាប់​បន្ថែមទៀត​នៅជាប់​​របង​វិទ្យាល័យ​ ១០ ​មករា ស្ថិតនៅ​កណ្តាល​ទីក្រុង​សៀមរាប ដែល​ធ្វើឱ្យ​ចំនួន​គ្រាប់បែកដៃ​ដែល​រកឃើញ​បាន​កើន​ដល់ ៤០៥ ​គ្រាប់​។

លោក អ៊ាន សុធា ប្រធាន​កងឯកភាព​កម្ចាត់មីន​ទី​៤ របស់​ស៊ីម៉ាក់​ប្រចាំ​​ខេត្ត​សៀមរាប ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ១២ ខែកក្កដា ​ឆ្នាំនេះ ​កងឯកភាព​កម្ចាត់មីន​បាន​រកឃើញ​គ្រាប់បែកដៃ​ចំនួន​ ៨០ ​គ្រាប់​ទៀត​ បន្ទាប់ពី​មាន​ការប្រទះឃើញ​ ៣២៥ ​គ្រាប់​កាលពី​ថ្ងៃទី​ ១០ ខែកក្កដា​។

ទោះជា​យ៉ាងណា​លោក អ៊ាន សុធា បាន​បញ្ជាក់ថា សម្រាប់​ទីតាំង​នេះ​គឺមាន​សុវត្ថិភាព​ហើយ បន្ទាប់ពី​ក្រុមការងារ​របស់លោក​បាន​យក​គ្រាប់​ចេញ​អស់ ក៏ប៉ុន្តែ​នៅ​ទីតាំង​ជុំវិញ​តំបន់​នោះ​មិនទាន់​ដឹងថា​វា​នៅមាន​ទៀត​ឬ​យ៉ាងណា​។ ករណីនេះ​លោក​នឹង​ពិភាក្សា​គ្នា​បន្តទៀត​ ដើម្បី​ស្រាវជ្រាវ និង​រុករក​បន្ថែម ក្រែងលោ​មាន​រណ្តៅ​ថ្មី​បន្សល់ទុក​ទៀត​។

លោក​បន្តថា ជាមួយ​គ្នា​នេះ តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​ការប្រទះ​ឃើញ​គ្រាប់​មីនតោន​នៅ​ទីតាំង​ផ្សេងទៀត​ឆ្ងាយ​ពី​កន្លែង​ប្រទះឃើញ​គ្រាប់បែក​ដៃ​នេះ​។ ករណីនេះ​លោក​បានឱ្យ​មន្ត្រី​ចុះទៅ​សិក្សា និង​ពិនិត្យ​ជាក់ស្តែង​ថា តើ​ព័ត៌មាន​ទាំងអស់​នេះ​ពិត​ឬ​យ៉ាងណា​។ ប្រសិនបើ​ព័ត៌មាន​នេះ​ពិត​លោក​​នឹង​បញ្ជូន​មន្ត្រី​ឱ្យទៅ​ចុះ​យក​គ្រាប់​ទាំងនោះ​ចេញ​ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ ឬ​​បង្ក​ភាពភ័យខ្លាច​ដល់​ពលរដ្ឋ​។

ពាក់ព័ន្ធ​នឹង​ការរកឃើញ​គ្រាប់បែកដៃ​ ៤០៥ ​គ្រាប់​នេះ លោក អ៊ាន សុធា បាន​សន្និដ្ឋានថា ទីតាំង​នេះ កាលពី​សម័យ​សង្គ្រាម គេ​ប្រើប្រាស់​ជាឃ្លាំង​ស្ដុក​គ្រាប់​។ ​បន្ទាប់មក​ក្រុម​ទាហាន​មិនអាច​ប្រមូល​គ្រាប់​អស់ ទើបបាន​បន្សល់ទុក និង​កប់​ក្នុង​ដី​នៅ​ទីនោះ​។ គ្រាប់​ទាំងនេះ​នៅមាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ប្រសិន​បើ​ជីក​ប៉ះ​ ឬ​យកទៅ​ដុត​លេង​គឺអាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។

លោក សុធា បាន​បញ្ជាក់ថា​៖ «​គេ​ធ្វើ​របង​សាលារៀន​មុន អត់​ប៉ះ ប៉ុន្តែ​បើ​ធ្វើ​​របង​ហួស​ ១ ​តឹក​ទៀត អាច​ចំ ហើយ​អាច​មាន​គ្រោះថ្នាក់ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​សុវត្ថិភាព​ហើយ ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។ ខ្លាច​តែ​កាប់​គាស់​ដី​ទៅ​​វា​ចំ​កន្លែង​ផ្សេងទៀត ព្រោះ​គេ​ធ្វើ​ផ្លូវ​ថ្មី អាហ្នឹង​យើង​អត់​ដឹង​ទេ​»​។

បើតាម​លោក អ៊ាន សុធា គ្រាប់បែកដៃ​នេះ ផលិត​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩១៥ និង​បាន​នាំ​ចូលមក​ប្រើ​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ​ ៧០ ​មុន​ខ្មែរក្រហម​ចូលមក​ដល់​។ ជាមួយ​​គ្នា​នេះ ក្រុមការងារ​សាងសង់​ផ្លូវ​ទាំង​ ៣៨ ​ក៏​ធ្លាប់បាន​រាយការណ៍​មក​កង​អង្គភាព​ស៊ីម៉ាក់​ឱ្យ​ចុះទៅ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​មក​កម្ទេចចោល​ផងដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ក្រុម​ឯកភាព​កម្ចាត់មីន​ស៊ីម៉ាក់​ក្នុង​ខេត្ត​សៀមរាប​បាន​ប្រមូលយក​​ចេញ​អស់ហើយ កាលពី​ថ្ងៃទី​ ១២ ខែកក្កដា ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​ថា ក្រុម​អ្នកធ្វើ​ផ្លូវ​បាន​ប្រទះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទីតាំង​ផ្សេងទៀត និង​បាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ីម៉ាក់​រួចហើយ​។

លោក លីវ សុខុន បាន​អះអាង​ដែរ​​ថា​ទីតាំង​ដែល​រកឃើញ​គ្រាប់បែកដៃ​នេះ​​ត្រូវបាន​មន្ទីរ​ទូរគមនាគមន៍​ខេត្ត​សៀមរាប​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​កប់​ខ្សែកាប្លិ៍​ក្នុង​គម្រោង​ផ្លូវ​ ៣៨ ​ខ្សែ ហើយ​ក្រុមការងារ​ក្រុមហ៊ុន​ក៏បាន​ប្រទះឃើញ​ពី​ដំបូង​ចំនួន​ ៧ ​គ្រាប់​ហើយក៏​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំខេត្ត​សៀមរាប​ឱ្យមក​ពិនិត្យ​ក៏​ឃើញ​គ្រាប់បែក​រហូតដល់​ ៣២៥ ​គ្រាប់​ពីថ្ងៃ​ទី​ ១០ ខែកក្កដា​ហើយ​នៅ​ថ្ងៃទី​ ១២ ខែកក្កដា​ ក៏បាន​រកឃើញ​គ្រាប់បែក​ ៨០ ​គ្រាប់​ទៀត​។

លោក​ថា​៖ «​គ្រាប់​នេះ​ចាស់​ទេ គេ​ទុក​ក្នុង​ឃ្លាំង​យូរហើយ ប៉ុន្តែ​យើង​មិនអាច​ទុកចិត្ត​បានទេ ប្រសិនបើ​យើង​ប៉ះ​វា​ ឬ​​ក៏​ធ្លាក់​អី វា​អាច​គ្រោះថ្នាក់ ប៉ុន្តែ​ឥឡូវ​ស៊ីម៉ាក់​បាន​ប្រមូល​យក​ចេញទៅ​កម្ទេចចោល​ហើយ​»៕

អត្ថបទគួរចាប់អារម្មណ៍