កណ្តាលៈ ប្រជាពលរដ្ឋ​ ៣២៦ ​គ្រួសារ ដែល​តវ៉ា​កាលពីដើម​ខែមិថុនា ពាក់ព័ន្ធ​នឹង​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ស្ថិតនៅ​ចម្ការ​បារាំង ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បានទទួល​បណ្ណ​បង្កាន់ដៃ​សម្គាល់​ដី ដើម្បី​រង់ចាំ​ទទួល​ការដោះស្រាយ​គោលនយោបាយ​ពី​រដ្ឋាភិបាល ខណៈ​អភិបាលខេត្ត​ថា ការចេញ​បង្កាន់ដៃ​នេះ ដើម្បី​សម្គាល់​ពី​ការរុករាន​ដី​របស់​រដ្ឋ​។

លោក ជីក សុភា មេ​ប៉ុស្តិ៍​ឃុំ​ទួលព្រេជ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១៣ ខែកក្កដាថា ពលរដ្ឋ​ដែល​តវ៉ា​ពាក់ព័ន្ធ​នឹង​ដីចម្ការ​បារាំង​នេះ​មិនទាន់​ទទួល​បាន​សំណង ឬ ដោះស្រាយ​យ៉ាងម៉េច​នៅឡើយ​ទេ​។ ប៉ុន្តែ​គ្រាន់តែ​ថ្នាក់​ខេត្ត​រួមជាមួយ​មន្ត្រី​អន្តរក្រសួង​បាន​ចុះ​វាស់វែង និង​ចេញ​បង្កាន់​ដៃ​បញ្ជាក់​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៣២៦ ​គ្រួសារ ស្មើនឹង​ចំនួន ៤១៩ ​ក្បាលដី​រួចហើយ​។

លោក​ថា ពលរដ្ឋ​ដែល​តវ៉ា​ដីចម្ការ​បារាំង​នេះ​បានទទួល​គ្រប់គ្នា​អស់​ហើយ និង​មិនមាន​ការតវ៉ា​ទៀត​នោះ​ទេ ដោយ​ពួកគាត់​កំពុង​រង់ចាំ​ការដោះស្រាយ​បន្តទៀត​ពី​ថ្នាក់​ខេត្ត​ក៏ដូចជា​មន្ត្រី​អន្តរក្រសួង​តាម​នីតិវិធី ឬ​គោលការណ៍​ផ្សេងទៀត​។

លោក​ ជីក សុភា ថ្លែងថា​៖ «​ឃើញ​ក្រុមសុរិយោដី គាត់​ចុះទៅ​វាស់វែង និង​ឆ្វៀល​ដី​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​នៅ​ហ្នឹង ប៉ុន្តែ​មិនទាន់​ដឹង ឬ​មាន​សំណង​ក្នុង​តម្លៃ​គោលការណ៍​ណាមួយ​អី​អត់​ទាន់​មាន​ទេ​»​។

លោក​ គាំ រិទ្ធ ពលរដ្ឋ​នៅ​ភូមិ​អង្គតាសិត​នៃ​ឃុំ​ទួលព្រេជ​ឱ្យ​ដឹង​ថា មកដល់​ពេល​នេះ អាជ្ញាធរខេត្ត​មិនទាន់​បាន​កាត់​ដី ឬក៏​ចេញ​ជា​សំណង​ជូន​ពលរដ្ឋ​នៅឡើយ​ទេ​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​នេះ​។ ប៉ុន្តែ គ្រាន់តែ​ថ្នាក់​ខេត្ត​បាន​ចុះមក​វាស់វែង និង​ចេញ​បណ្ណ​បង្កាន់ដៃ​សម្គាល់​បាន​គ្រប់គ្នា​អស់ហើយ​។

លោក​ថា បណ្ណ​បង្កាន់ដៃ​ដែល​ចេញ​ឱ្យ​ពលរដ្ឋ​នេះ ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក​មេភូមិ និង​មេឃុំ និង​ស្រុក​ផងដែរ ប៉ុន្តែ មិនបាន​ប្រាប់​ពលរដ្ឋ​ថា​យ៉ាងម៉េច​ទេ​។ ប៉ុន្តែ បើទោះបី​មាន​បណ្ណសម្គាល់​ក៏ដោយ ក៏​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល​ចូល​ទៅ​ធ្វើ​កសិកម្ម ឬ​ប្រកបមុខរបរ​ផ្សេងៗ​បានទេ​។

លោក​ គាំ រិទ្ធ បន្តថា​៖ «​ចាប់ពី​ធ្វើ​ហើយ​មក​ស្ងាត់ឈឹង ហើយ​អ្នកផ្សេងទៀត​ក៏​អត់​ដឹង​ដែរ​។ ខ្ញុំ​កំពុងតែ​ឆ្ងល់​ដែរ​ហ្នឹង​។ យ៉ាងហោច​ណាស់​ក៏​ប្រាប់​ប្រធានភូមិ​ឱ្យ​ដឹងឮ និង​ជួយ​ប្រាប់​ពលរដ្ឋ​ដែរ​។ ប៉ុន្តែ​នេះ ទាំង​ភូមិ និង​ឃុំ​អត់​ដឹង​ដែរ​ហ្នឹង​»​។

បើតាម​លោក​ គាំ រិទ្ធ តាមរយៈ​បណ្ណ​សម្គាល់​នេះ ពលរដ្ឋ​ខ្លះ​ក៏​ទទួល​បាន​ដី​ទំហំ​ធំ ចន្លោះ​ពី​ ១- ២ ​ហិកតា និង​អ្នកខ្លះ​ទទួលបាន​ទំហំ​តូច ពី​ ១០-៧០ ​អា ទៅតាម​ប្រភេទ​ដី​ដែល​ខ្លួន​បាន​កាន់កាប់ និង​អាស្រ័យផល​កន្លងមកនេះ​។

លោក គង់ សោភណ្ឌ អភិបាល​ខេត្តកណ្តាល​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ចេញ​បណ្ណ​បង្កាន់ដៃ​ជូន​ពលរដ្ឋ មិនមែន​សម្គាល់​ជា​ម្ចាស់​ដី​នេះ​នោះទេ​។ ប៉ុន្តែ​ជា​បណ្ណ​សម្គាល់ថា ពួកគាត់​បានមក​ចូល​រុករាន​យក​ដី​នេះ​ធ្វើ​កសិកម្ម​ផ្សេងៗ​។ ជាមួយ​គ្នានេះ​ពលរដ្ឋ​មួយចំនួន​បាន​យល់ច្រឡំ​ចំពោះ​បណ្ណ​បង្កាន់ដៃ​សម្គាល់​ដី​នេះ ដោយ​យក​ទៅ​លក់​បន្ត និង​មាន​ឈ្មួញ​ចូល​ទៅ​ទិញ​។ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ករណី​នេះ​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​ជនល្មើស​។

លោក​បញ្ជាក់ថា ដីចម្ការ​បារាំង​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​យក​ពី​ពលរដ្ឋ​វិញ​នេះ ដើម្បី​បម្រើ​ឱ្យ​រដ្ឋ​ក្នុង​ការអភិវឌ្ឍ​គម្រោង​ផ្សេងៗ ដោយ​មិនមែន​យក​ទៅ​បម្រើឱ្យ​វិស័យ​ឯកជន​នោះទេ​។ ដូច្នេះ​បាន​ជា​អន្តរក្រសួង​ព្យាយាម​ដោះស្រាយ​គោលនយោបាយ​សមស្រប​ណាមួយ​ជូន​ពលរដ្ឋ ដើម្បី​បាន​ដី​នេះ​មកវិញ​។ ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល​ក្នុង​ដីចម្ការ​បារាំង​នេះ​មិនមាន​បណ្ណ​កម្មសិទ្ធិ​ទេ ពួកគាត់​បាន​កាប់ឆ្ការ និង​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខ្លួនឯង​។

លោក​ គង់ សោភណ្ឌ ថ្លែងថា​៖ «​នៅពេលដែល​ទទួលបាន​បង្កាន់ដៃ​នេះ គេ​តាមមើល​ [​អន្តរក្រសួង​] ​ថា តើ​ត្រូវ​ដោះស្រាយ​បែប​ម៉េច​។ យើង​មិនអាច​ធ្វើទៅ​តាមចិត្ត​របស់​គាត់​ចង់បាន​ភ្លាម​ទេ​។ ទោះជា​យ៉ាងណា អន្តរក្រសួង​នឹង​ចុះទៅ​ដោះស្រាយ​គោលនយោបាយ​ឆាប់ៗ​នេះ​»​។

យោងតាម​លិខិត​លេខ​ ៧៥៥ សជណ/មយ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១៣ សីហា ឆ្នាំ​ ២០២០ បាន​យល់ព្រម​ជាគោលការណ៍​ផ្តល់​ដី​ទំហំ​ ២,៨ ​លាន​ម៉ែត្រការ៉េ ដែល​មាន​ទីតាំងនៅ​ភូមិ​ចំនួន ​៥ នៃ​ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥១ ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នៃ​ក្រសួង​ការពារ​ជាតិ​៕