ភ្នំពេញៈ មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​ការពា​រ​ទឹក​ជំនន់​ ​និង​កែលម្អ​ប្រឡាយ​លូ​ជំហាន​ទី​៤ ​ចាប់ពី​ថ្ងៃទី​ ១៦ ​ខែ កក្កដា ​ឆ្នាំ​ ២០២១ ​នេះ​តទៅ​ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិ​បាល​ជប៉ុន​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ ៣៦ ​លាន​ដុល្លារ​នេះ​ ត្រូវ​បាន​សាងសង់​រួច​ប្រមាណ​ ៩៨ ​ភាគរយ​ហើយ​។​ ​យោង​តាម​Facebook​ ផ្លូវ​ការ​របស់​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ ​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​នៅ​​ថ្ងៃទី​ ១៣ ខែ កក្កដា ​ឆ្នាំ​ ២០២១។

​ការ​ប្រកាស​អំពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​គម្រោង​ ​និង​ផែន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គម្រោង​ការពា​រ​ទឹក​ជំនន់ ​និង​កែ​លម្អ​ប្រឡាយ​ លូ​ជំហាន​ទី​៤ ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ​(MIKAMI Masahiro) ឯក​អគ្គរាជ​ទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​គម្រោង​នេះ​រួមគ្នានៅ​ព្រឹក​ថ្ងៃទី​ ១៣ ​ខែ ​កក្កដា​ ​ឆ្នាំ​ ២០២១​។​

គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​អនុវត្ត​ ​ពី​ថ្ងៃ​ទី​ ១ ​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨ ​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ​ខែ​ តុលា​ ឆ្នាំ​ ២០២១ ​ជា​មួយ​ទំហំ​ការងារ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​សាង​សង់​ប្រព័ន្ធ​បណ្ដាញ​លូ​មេ​នៅក្នុង​ភូមិ​សាស្ត្រ​នៃ​ខណ្ឌ​​ខណ្ឌ​ដូន​ពេញ​ និង​ខណ្ឌ​ទួលគោក​មាន​ប្រវែង​សរុប​ ១២,៦​ គីឡូ​ម៉ែត្រ​។​ លូ​មេនោះ​ជា​ប្រភេទ​លូ​បេតុង​ខ្នាត​ធំ​មាន​រាង​មូល​ និង​រាង​ប្រអប់ ​៤ ​ជ្រុង ​ដែល​មាន​ផ្ទៃមុខ​កាត់​ចាប់ពី​ ១,៥​ ម៉ែត្រ​ដល់ ​២,៣ ​ម៉ែត្រ​។​

ទន្ទឹម​នឹង​ការ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូ​មេ ​គម្រោង​នេះ ក៏មា​ន​ការ​សាងសង់​រ​តម្លើង​របារ​មេកា​និច​ស្វ័យ​ប្រវត្តិ​ ដើម្បី​ប្រមូល​សម្រាម​នៅ​ស្ថា​នី​យ៏​បូម​ទឹក​ចតុ​មុខ​ព្រះ​គ​ម្លង់ ១ ព្រះ​គ​ម្លង់​ ២ និង​ផ្សារ​ចាស់ ​និង​ការ​សាងសង់​អាង​ត្រង​កំណក​ភក់​ក្រោម​ដី​នៅ​ក្រោម​សួន​ច្បារ​មាត់​ទន្លេ​ ទល់​មុខ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ ​(CDC) ​​ផង​ដែរ​។​​

អាង​ក្រោម​ដី​នេះ​មាន​បណ្តោយ ​១៤២,៥​​ ម៉ែត្រ ​ទទឹង​ ១៤​ ម៉ែត្រ​ ​និង​ជម្រៅ​ ៤ ​ម៉ែត្រ ដែល​មាន​សមត្ថ​ភាព​ស្តុក​បរិមាណ​ទឹកបាន​ ​៦ ៥០០​ ម៉ែត្រ​គូប​ ​និង​បំពាក់​ដោយ​ស្ថានីយ៍​បូម​ទឹក​ដែល​មាន​សមត្ថ​ភាព​បូម​ទឹក​បាន​ចំនួន ​១,៤​ ម៉ែត្រ​គូប​ក្នុង​១​វិនាទី​។​ នេះ​បើតាម​ការ​អះអាង​របស់​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​។​

តាម​រយៈ​ការចុះ​ត្រួត​ពិនិត្យ​ពី​វឌ្ឍន​ភាព​នៃការ​អនុវត្ត​គម្រោង​​នេះ​ ក្រុម​ជំនាញ​ការ​បច្ចេក​ទេស​នៃ​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ ក៏​ដូច​ជា​ជំនាញ​ការ​បច្ចេក​ទេស​នៃ​ទីភ្នាក់​ងារ​ JICA​ បាន​សម្ដែង​ក្ដី​រីករាយ​ និង​វាយ​តម្លៃ​លើ​ការងារ​ អនុវត្ត​គម្រោង​នេះ​ថា​ ​«​មាន​ល្បឿន​លឿន​ជាង​ការគ្រោង​ទុក ​និង​ប្រកប​ដោយ​សុវត្ថិភាព​ និងគុណ​ភាព​»​។​

ជា​មួយ​គ្នា​នេះ​ ក្រុម​អ្នក​បច្ចេក​ទេស​នៃ​មន្ទីរ​សាធារ​ណៈ​ការ​និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ ​និង ​JICA​ ក៏​បាន​បង្ហាញ​នូវ​ភាព​ចក្ខុ​វិស័យ ​ប្រកប​ដោយ​គំនិត​សុទិដ្ឋិ​និយម​ថា​៖​ «​ក្រោយ​ការ​សាង​សង់​បាន​ចប់សព្វ​គ្រប់​ជា​ស្ថាពរ ​១០០​ ភាគរយ​នោះ​ គម្រោង​នេះ​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ​ ​និង​ខាង​ជើង​វត្តភ្នំ​ រួម​មាន​ផ្លូវ​លេខ​ ៤៧​ ​ផ្លូវ​លេខ​ ៩០​ ​ផ្លូវ​លេខ​៩២»​៕​​