ក្រចេះ: អាជ្ញាធរ​ខេត្តក្រចេះ កំពុង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​វិនិយោគ និង​ដាំដុះ ខណៈ​ភាគី​ទាំង​ ២ ​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​រៀងៗ​ខ្លួន​លើ​ដី​មានទំនាស់​នោះ​។

អភិបាលរង​ខេត្តក្រចេះ​លោក គង់ គឹមនី កាលពី​ថ្ងៃទី​ ១៣ ខែ​កក្កដា បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន មេហ្គាស្តារ អ៊ីនវេសមេន ហ័ររេស្ទ្រី ឌីវេឡុបមេន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ខេត្តក្រចេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមួយ​។

យោង​របាយការណ៍​ស្តីពី​ការចុះ​ពិនិត្យ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ​ឱ្យដឹងថា ខណៈ​ពេល​ដំណើរ​ការចុះពិនិត្យ​នោះដែរ ក៏​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ ១៦០ ​នាក់ ដែល​បាន​ចូលមក​ស្នើសុំ​យោបល់ និង​លើក​ជា​បញ្ហា​សំណូមពរ​មួយចំនួន​ដល់​អាជ្ញាធរ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​។

របាយការណ៍​បន្តថា ជា​លទ្ធផល​ប្រជាពលរដ្ឋ​បាន​ទទួល​យក​តាម​ការកំណត់​របស់​អាជ្ញាធរ ដោយ​តម្រូវឱ្យ​បញ្ឈប់​សកម្មភាព​ចូល​កាប់​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន​ត្រឹមនេះ ហើយ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន ដែល​មាន​អាជ្ញាធរ​ជា​អ្នកសម្របសម្រួល​ដោះស្រាយ​។

របាយការណ៍​បញ្ជាក់ថា​៖ «​ចំពោះ​សំណូមពរ​ដែល​ពលរដ្ឋ​បាន​លើកឡើង ក្រុមការងារ​បាន​ទទួល​យក​ដើម្បី​ពិនិត្យ​ពិភាក្សា​បន្ត​រក​ដំណោះស្រាយ និង​អនុវត្ត​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ ឱ្យ​ស្រប​ទៅតាម​នីតិវិធី និង​ការយោគយល់ ដើម្បី​បន្តដំណើរ​ការដាំដុះ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​»​។

អភិបាលស្រុក​ចិត្របុរី លោក យិន វណ្ណៈ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ក្រុមការងារ​ថ្នាក់​ខេត្ត​កំពុង​សិក្សា និង​ស្រាវជ្រាវ​រក​ពលរដ្ឋ ដែល​រងគ្រោះ​ពិតប្រាកដ​។

លោក​បាន​ថ្លែងថា​៖ «​ចន្លោះ​ពេលនេះ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​ទេ ឥឡូវនេះ​យើង​កំពុង​សិក្សា​ថា ​តើ​ពិតជា​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ​ដែរឬទេ ហើយ​មាន​ប៉ុន្មាន​គ្រួសារ ដែល​ទៅ​ទន្ទ្រាន​ដី​ខុសច្បាប់ ហើយ​បងប្អូន​ប៉ុន្មាន​នាក់​ដែល​ចាញ់បោក​មេខ្យល់ ដូច្នេះ​ក្រុមការងារ​នឹង​ពិនិត្យមើល រក​មូលហេតុ​ឱ្យឃើញ​ច្បាស់លាស់​សិន​ទើប​យើង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ដោះស្រាយ​»​។

លោក​បានឱ្យដឹងថា តាម​ការសិក្សា​បឋម​មាន​ពលរដ្ឋ​តិចតួច ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​ជាមួយ​ក្រុមហ៊ុន ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច ខណៈ​ពលរដ្ឋ​មួយ​ផ្នែកធំ មកពី​ស្រុក​ផ្សេង​បាន​កាប់​ទន្ទ្រាន​ដី​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនោះ​ប្រជាពលរដ្ឋ​មួយចំនួន​អះអាង​ថា មាន​ដីស្រែ​នៅ​ទីនោះ ប៉ុន្តែ​បងប្អូន​ដែលជា​ពលរដ្ឋ​ក្នុង​ភូមិ​នោះ​មាន​ចំនួន​តិចតួច​ទេ ប៉ុន្តែ​មាន​បងប្អូន​ក្នុង​ចំនួន​ច្រើន មកពី​ខាង​ស្រុក​សម្បូរ ហើយ​គាត់​លើកឡើងថា ដោយសារ​អត់​មាន​ដីធ្លី​សម្រាប់​ធ្វើស្រែ​តកូន តចៅ​។ នេះ​ជា​ហេតុផល​ពួកគាត់​មក​កាប់​ទន្ទ្រាន​»​។

លោក​បាន​បញ្ជក់​ថា​៖ «​តាម​ការចុះពិនិត្យ​ជាក់ស្តែង​ក៏​មាន​មេខ្យល់​លក់​ដី​នោះ​ឱ្យ​ប្រជាពលរដ្ឋ​គឺ​មេខ្យល់​ចុះទៅ​វាស់វែង​ដី​លក់​ឱ្យ​ពលរដ្ឋ​ក្នុង​តម្លៃថោក ហើយ​ពលរដ្ឋ​គាត់​គិតថា ធូរ​ថ្លៃ​ទៅ​កាប់ឆ្ការ​តាម​គេ​ចង្អុល​បង្ហាញ ទាំងនេះ​ជា​បញ្ហា​ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​»​។

លោក​បានលើកឡើង​ទៀតថា៖ «​បងប្អូន​ប្រជាពលរដ្ឋ​គាត់​អត់​យល់​ពី​ផ្លូវច្បាប់ ឱ្យតែ​ឃើញ​ដី​ទំនេរ គាត់​ចេះតែ​ចូល​កាប់ឆ្ការ​រស់នៅ​ដល់​ពេល​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការវិនិយោគ​គាត់​កាយ​ធ្វើ​របង ធ្វើ​ផ្លូវ ក៏មាន​ប្រជាពលរដ្ឋ​មក​រារាំង​ដល់ពេល​មាន​ចលនា​រាំងខ្ទប់ មិន​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ ដោយសារ​ក្រុមហ៊ុន​មិនមាន​លទ្ធភាព​ការពារ​បាន គាត់​ស្នើសុំ​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​»​។

មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្តក្រចេះ​លោក ធីម ហ៊ន បាន​ថ្លែងថា លោក​ពុំទាន់​បាន​ប្រមូល​ទិន្នន័យ​នេះ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ដោយ​លោក​នឹង​ចុះ​អង្កេត​ដោយផ្ទាល់​បន្ថែមទៀត នៅ​ឆាប់ៗ​ខាងមុខ​។

យ៉ាងណាក្តី​លោក​ថា យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជា​រឿង​ល្អប្រសើរ​។ ប៉ុន្តែ​លោក​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​សូម​ពន្លឿន​ដំណើរការ​ដោះស្រាយ ដើម្បី​ឱ្យ​ពលរដ្ឋ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​អាច​ប្រកបរបរ​ដាំដុះ​បាន​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ពលរដ្ឋ​ទទួល​ការដោះស្រាយ​ដោយ​សន្តិវិធី និង​ការ​សម្របសម្រួល​ពី​អាជ្ញាធរ គឺជា​យន្តការ​មួយ​ក្នុង​ការដោះស្រាយ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើ​អំពើហិង្សា​។ ប៉ុន្តែ​អាជ្ញាធរ​គួរតែ​មាន​ការអនុវត្ត​ច្បាប់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​»​។

តំណាង​សហគមន៍​នៅ​ឃុំ​ចង្ក្រង់​លោក ព្រំ ឌឿន បាន​ថ្លែងថា ជម្លោះដីធ្លី​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ ទើប​នាំឱ្យមាន​ការតវ៉ា​ជាថ្មី​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​គេ​ដាក់​គ្រឿងចក្រ​ឈូសឆាយ ក្រោយ​ដីចម្ការ ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​ ២០១២ ​មក​។ ក្រោយមក​មាន​សភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​អាជ្ញាធរ​ថា ដោះស្រាយ​រហូត​ផ្ទុះ​ការតវ៉ា​ជាថ្មី​នៅពេលនេះ​»៕

វីដេអូ៖