មណ្ឌលគិរីៈ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូស្រា ស្រុក​​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី​ចំនួន​ ៩៧ ​គ្រួសារ បានចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​ការខកចិត្ត​ចំពោះ​ចៅក្រម​នៃ​តុលាការ​នៅ​ណង់ទែរ​នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដែល​បានសម្រេច​ច្រានចោល​បណ្តឹង​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២ ខែកក្កដា ឆ្នាំ​ ២០២១ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមធ្យម ៣ ​ហិកតា ក្នុងមួយគ្រួសារ ជាមួយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ បូឡូរ៉េ​។

លោក គ្រើង តុលា តំណាង​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​បារាំង​ដែលមាន​ឈ្មោះ​​ថា បូឡូរ៉េ តាមរយៈ​ក្រុមហ៊ុន​សុកហ្វឺន​បាន​ឈូសឆាយ និង​ដាំ​កៅស៊ូ​នៅ​លើដី​របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ​មក​ម្ល៉េះ ហើយ​​ពលរដ្ឋ​បាន​តវ៉ា តាមរយៈ​ភូមិ​ឃុំ ស្រុក ខេត្ត និង​តុលាការ​ថ្នាក់ជាតិ មិន​ទទួល​បាន​ជោគជ័យ​នោះទេ​។

លោក​បន្តថា ដូច្នេះហើយ​ទើបបាន​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ទាំងនោះ​បានសម្រេច​ចិត្ត​តវ៉ា និង​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​នៅ​ប្រទេស​បារាំង​ដោយ​រំពឹងថា នឹង​ទទួលបាន​យុត្តិធម៌ ដោយសារ​ប្រទេស​បារាំង​មាន​ការគោរព​ច្បាប់​ច្រើនជាង​នៅ​កម្ពុជា ប៉ុន្តែ​នៅតែ​មិនទាន់​ទទួល​បាន​យុត្តិធម៌​។

លោក គ្រើង តុលា ថ្លែងថា​៖ «​យើង​តវ៉ា​នៅពេលនោះ ប្រជាពលរដ្ឋ​បាន​លក់​មាន់ លក់​ជ្រូក និង​លក់​គោ លក់​ក្របី​អស់ហើយ ដើម្បី​បាន​ទទួល​យុត្តិធម៌​។ តវ៉ា​ឆ្អែតឆ្អន់​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​បាន​យុត្តិធម៌ ទើប​លើក​ចុងក្រោយ​នេះ ដាក់​ទៅ​បារាំង ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន​រំលោភសិទ្ធិ​​របស់​ពលរដ្ឋ ដែល​ជា​ជនជាតិដើម​ភាគតិច ប៉ុន្តែ​ឥឡូវ​តុលាការ​បារាំង​​ក៏​រំលោភសិទ្ធិ​ពលរដ្ឋ​ដែរ​»​។

បើតាម លោក គ្រើង តុលា សម្រាប់​បណ្តឹង​ទៅ​តុលាការ​បារាំង​នេះ ដាក់​ទៅ​តែ​ ១ ​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវបាន​ចៅក្រម​បែងចែក​ជា ២ ​ករណី ដោយ​ករណី​ទី​១ តុលាការ​បារាំង​បាន​បដិសេធ​ចំពោះ​ពលរដ្ឋ​ដែល​​រស់នៅក្នុង​ឃុំ​ប៊ូស្រា​នេះ​ថា​ជា​ជន​ចំណាកស្រុក​មិនមែន​ជា​ជន​ដើម​ភាគតិច បើទោះជា​ពលរដ្ឋ​ទាំងនោះ​មាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​ក៏ដោយ​។

រីឯ​ករណី​ទី​២ អះអាង​ថា ពលរដ្ឋ​បានដាក់​ភ័ស្តុតាង​មិនទាន់​ដល់​ពេលវេលា​ទៅ​តុលាការ និង​ជាពិសេស​នោះ​​តុលាការ​បាន​សម្រេច​ឱ្យ​ពលរដ្ឋ​​បង់ប្រាក់​ទៅ​ក្រុមហ៊ុន​ចំនួន ២ ​ម៉ឺន​អឺរ៉ូ បន្ថែមទៀត​។

ទោះជា​យ៉ាងណា លោក គ្រើង តុលា បញ្ជាក់​ថា ពលរដ្ឋ​បាន​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​របស់​បារាំង​បន្ថែមទៀត​ដោយ​រំពឹងថា​នឹង​ទទួលបាន​យុត្តិធម៌​ពី​ស្ថាប័ន​នេះ​ដល់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ដែល​ខំប្រឹង​តវ៉ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្តិតមេដៃ​តំណាង​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ថ្ងៃទី​ ១៤ ខែ កក្កដា ឆ្នាំ​ ២០២១ បាន​បញ្ជាក់ថា ពលរដ្ឋ​ទាំង ៩៧ ​គ្រួសារ មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​នេះឡើយ ហើយនឹង​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​របស់​ពួកគេ​នៅ​បារាំង​បន្តទៀត​តាម​បែបបទ និង​នីតិវិធី​ដែល​ច្បាប់​បារាំង​អនុញ្ញាត​ឱ្យ​ប្ដឹង​ឧទ្ធរណ៍​។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​ថា «​ជាថ្មី​ម្ដងទៀត​យើងខ្ញុំ​មានការ​ខកចិត្ត និង​ខឹង​ចំពោះ​សេចក្តីសម្រេច​ពិន័យ​ឱ្យ​យើង​បង់​ការខូចខាត​នីតិវិធី​ដល់​ទៅ​ ២ ​ម៉ឺន​អឺរ៉ូ ក្នុង​ពេល​ដែល​យើង​​បាន​បាត់បង់​ដី បាត់បង់​ការអាស្រ័យផល​លើ​ព្រៃ និង​សេដ្ឋកិច្ច​ប្រពៃណី ព្រមទាំង​រង​នូវ​បណ្ដឹង​នៅ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ទៀតផង​»​។

សេចក្តី​ថ្លែងការណ៍​បាន​ថ្លែង​​បន្តថា​ «​យើងខ្ញុំ​បាន​តវ៉ា​កន្លងមក​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ហើយ​មិនមាន​ដំណោះស្រាយ ទើប​យើងខ្ញុំ​សម្រេច​ប្ដឹងទៅ​តុលាការ​បារាំង​ដើម្បី​ឱ្យ​ក្រុមហ៊ុន​បូឡូរ៉េ ទទួល​ខុសត្រូវ​សង​ការខូចខាត​លើ​ការសម្រេច​របស់ខ្លួន តាមរយៈ​ក្រុមហ៊ុន​សុកហ្វឺន​នៅ​តុលាការ​ប្រទេស​បារាំង​»​។

លោក នាង វណ្ណៈ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​​ថ្លែង​កាលពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​លោក​មិនសូវ​ជា​ទទួលបាន​ព័ត៌មាន​ច្បាស់​នោះទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ពលរដ្ឋ​ដែល​អះអាង​ថា​ជា​ជនជាតិដើម​ភាគតិច​ព្នង​នេះ​​បាន​ទៅ​ឈូសឆាយដី​នៅតាម​​ដី​ចំណី​អូរ ឬ​ប្រឡាយ​ផ្សេងៗ ដើម្បី​បាន​ធ្វើ​កសិកម្ម ឬ​ដាំដុះ​ដំណាំ​ផ្សេង​។ ​តាមពិត​ដី​ទាំងអស់​នេះ ជា​ដី​របស់​រដ្ឋ​ទេ​។

ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​តុលាការ​ប្រទេស​​បារាំង​នេះ លោក នាង វណ្ណៈ ​បាន​បញ្ជាក់ថា គឺជា​ការសម្រេច​មួយ​ដ៏ត្រឹមត្រូវ ហើយ​តុលាការ​កម្ពុជា​ក៏សម្រេច​ដូចគ្នានេះដែរ ព្រោះ​គេ​មាន​ហេតុផល​ច្បាស់លាស់​របស់គេ មុន​នឹង​សម្រេច​ថា យ៉ាង​ម៉េច​នោះ​៕