ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​កិច្ចសម្របសម្រួល​ពី​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម កំពុង​អនុវត្ដ​កម្មវិធី​ចែក​ស្បៀង​ជា​អង្ករ​ដល់​សិស្សានុសិស្ស​ចំនួន​ ១៣ ៧១១ ​នាក់ និង​អ្នក​ចម្អិន​អាហារ​ចំនួន ៥៤៣ ​នាក់ មកពី​សាលា​បឋមសិក្សា​ចំនួន​ ២០៥ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៦ ដើម្បី​សម្រាល​បញ្ហា​ដែល​កើត​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា បានឱ្យដឹងថា ការចែក​ស្បៀង​ជា​អង្ករ​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ និង​អ្នកចម្អិន​នេះ ធ្វើឡើង​ក្រោម «​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ឆ្នាំ​ ២០២១»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ការផ្តល់​ស្បៀង​ជា​អង្ករ​ដល់​ក្រុមសិស្ស​ដែល​រស់នៅក្នុង​គ្រួសារ​ទាំងនោះ ព្រមទាំង​អ្នក​ចម្អិន​អាហារ​នៅតាម​ខេត្ត​គោលដៅ​ចំនួន​ ៦ ​នេះ​រួមមាន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង និង​កំពង់ចាម ដែល​គ្របដណ្តប់​លើ​ស្រុក​ចំនួន ១៦ ឃុំ​ចំនួន​ ៨៣ ភូមិ​ចំនួន​ ២០៤ និង​សាលាបឋមសិក្សា​ចំនួន​ ២០៥ ។

សិស្សានុសិស្ស​ចំនួន ១៣ ៧១១ ​នាក់ និង​អ្នក​ចម្អិន​អាហារ​ចំនួន ៥៤៣ ​នាក់ មកពី​សាលាបឋមសិក្សា ចំនួន ២០៥ ក្រោម​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ចាប់ពី​ថ្ងៃទី​ ១២ ​ដល់​ថ្ងៃទី​ ១៧ ខែកក្កដា​ដោយ​ក្នុង​ម្នាក់ៗ​នឹង​​ទទួលបាន​អង្ករ​ចំនួន​ ២៥ ​គីឡូក្រាម ។ ដោយឡែក​គ្រួសារ​មានកូន​លើសពី​ ១ ​នាក់ និង​កំពុង​រៀន​ក្នុង​សាលា​បឋមសិក្សា​គោលដៅ​តែមួយ​នឹង​ទទួលបាន​របប​ជា​អង្ករ​ ៥០ ​គីឡូក្រាម​។ នេះ​បើតាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

សេចក្ដី​ប្រកាស​ដដែល​បាន​បញ្ជាក់ថា កម្មវិធី​នេះ​ផ្តល់​អាទិភាព​ដល់​ក្រុមសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល និង​ក្រុមសិស្ស​មកពី​គ្រួសារ​មាន​បណ្ណ​សមធម៌​ (​កម្រិត​ ១ កម្រិត​ ២) និង​បណ្ណ​អាទិភាព​ដែលមាន​សុពលភាព ក៏មាន​សិទ្ធិ​ទទួលបាន​ការផ្ដល់ជូន​ជា​ស្បៀង​ជា​អង្ករ​នេះ​ផងដែរ​។

លោក រស់ សុវាចា មន្ដ្រី​នាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​នេះ ជា​ការចូលរួម​លើកកម្ពស់​អាហារូបត្ថម្ភ​សិស្ស​នៃ​គ្រួសារ​ក្រីក្រ និង​អ្នក​ចម្អិន ដែល​ស្រប​នឹង​កិច្ចសហការ​របស់​ក្រសួង​អប់រំ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​គុណភាព​អាហារូបត្ថម្ភ និង​សុខភាព​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​តាម​គ្រប់​រូបភាព​។

លោក​ថ្លែងថា​៖ «​ជារួម​ក្រសួង​អប់រំ បាន​និង​បន្ត​លើកកម្ពស់​ជីវភាព​មាតាបិតា និង​កុមារ​តូច​ជាពិសេស​ដើម្បី​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​កុមារ​មួយចំនួន​តូច ដោយ​ធ្វើការ​អនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​ ២ ​ឆ្នាំ​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​អាទិភាព​»​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ​សហការ​ជាមួយ​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ក៏បាន​ចែក​ស្បៀង​ដល់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ចំនួន ៣៩ ៦៥០ ​គ្រួសារ​ ក្នុង​នោះ​មាន​ពលរដ្ឋ​សរុប​ដែល​ទទួលបាន​ជំនួយ​នេះ​ប្រមាណ ២០០ ០០០ ​នាក់​ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៥ គឺ​សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង​ពោធិ៍សាត់​ផងដែរ​។ ​នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WFP​។

លោកស្រី ក្លែរ កូណាន់ តំណាង WFP ប្រចាំ​នៅ​កម្ពុជា ថ្លែង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ក្នុងអំឡុងពេល​មាន​តម្រូវការ​ខ្ពស់​ជំនួយ​ស្បៀង​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​អប់រំ​គឺជា​ការរួមចំណែក​បំពេញ​បន្ថែម​ដល់​ជំនួយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

ជំនួយ​នេះ​នឹង​រួមចំណែក​ក្នុង​ការបំពេញ​តម្រូវការ​របស់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ ជាពិសេស​និង​ធានាថា កុមារ​នឹង​មាន​អាហារ​ទទួលទាន​ក្នុងពេល​មាន​វិបត្តិ​។

បើតាម​ WFP ប្រចាំ​កម្ពុជា ជាធម្មតា​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​អប់រំ​បាន​ផ្តល់នូវ​អាហារ​សុខភាព និង​មាន​ជីវជាតិ​ដល់​កុមារ ២២៣ ០០០ ​នាក់ នៅតាម​សាលា​គោលដៅ​ចំនួន​ ៩០៨ ក្នុង​ខេត្ត​ចំនួន​ ៥ គឺ​ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​៕