ភ្នំពេញៈ កម្ពុជា​សម្រេច​ផ្អាក​ការធ្វើដំណើរ​ចេញ-ចូល ឆ្លងកាត់​ព្រំដែន​កម្ពុជា និង​វៀតណាម​ជា​បណ្តោះអាសន្ន​រយៈពេល​ ១ ​ខែ គិត​ចាប់ពី​ថ្ងៃទី​ ១៨ ​ខែ​កក្កដា​ ខាងមុខ​នេះ​តទៅ​ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ចូលមក​កម្ពុជា​។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ចាយ ណាវុធ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ ក្រសួង​ការបរទេស​បានលើកឡើង​ថា​៖ «​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ចម្លង​ចូលមក​ព្រះរាជាណាចក្រ-កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​​ សម្រាប់​ការធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​របស់​កម្មករ​ជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុន​នានា​របស់​វៀតណាម​»​។

យ៉ាងណាក្ដី ក្រសួង​បញ្ជាក់ថា ការធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ ២ ​ត្រូវបាន​លើកលែង​ ចំពោះ​តែ​អ្នកជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​វៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមាន​បេសកកម្ម​តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ ២ រួមទាំង​និស្សិត សិក្ខាកាម ដែល​បានបញ្ចប់​វគ្គសិក្សា ឬ​ករណី​មានការ​អនុញ្ញាត​ពិសេស​ពី​រាជរដ្ឋាភិបាល​។

ក្រសួង​បន្ថែមទៀតថា ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់​ក្រុមហ៊ុន​វៀតណាម​ដែល​បាន​ចូលមក​កម្ពុជា​រួចហើយ ទាំង​អ្នកបាន​ធ្វើ​ចត្តាឡីស័ក​រួច និង​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក មិនត្រូវ​បាន​​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ​ក្នុង​អំឡុងពេល​នៃ​ការផ្អាក​ការចេញ-ចូល​បណ្តោះអាសន្ន​នេះ​។

ជាមួយ​នេះ​ដែរ​ក្រសួង​ការបរទេស​បានឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ស្នើឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ ២ ​ជួយ​សម្របសម្រួល​កិច្ចដំណើរការ​នៃ​ការដឹកជញ្ជូន នាំចេញ និង​នាំចូល​ទំនិញ​នានា​ដោយ​អនុវត្ត «​ឱ្យបាន​ម៉ឺងម៉ាត់​» ​តាម​វិធាន​សុខាភិបាល​នៃ​ប្រទេស​ទាំង​ ២​។

ក្រសួង​បន្តថា វិធានការ​បណ្តោះអាសន្ន​នៃ​ការរឹតត្បិត​ការចូលមក​កម្ពុជា​ដូចដែល​មានចែង​ក្នុង​កំណត់​ទូត កាលពី​ឆ្នាំ​ ២០២០ របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​វិធានការ​ផ្សេងៗ ដែលមាន​ស្រាប់​របស់​កម្ពុជា​នៅ​ជា​ធរមាន​នៅឡើយ​។

លោក កុយ គួង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​កាលពី​ម្សិលមិញ​។

ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​អនឡាញ​ (Zoom) កាលពី​ថ្ងៃទី​ ៩ ខែ​​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា យោងតាម​របាយការណ៍​នៅតាម​​ព្រំដែន​កម្ពុជា-វៀតណាម​អាណិកជន​វៀតណាម​នៅតែ​ចេញ ចូល​ប្រទេស​កម្ពុជា​។

ករណី​នេះ​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឱ្យ​ណែនាំ​ដល់​ខេត្ត​នៅជាប់​ព្រំដែន​​កម្ពុជា-វៀតណាម​ឱ្យ​ផ្អាក​ការធ្វើ​ដំណើរ​ចេញ ចូល​របស់​អាណិកជន​វៀតណាម​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​អ៊ីចឹង​នៅតាម​ទល់ដែន​របស់​យើង​គួរ​ត្រូវបាន​ហាមឃាត់​​នៅពេលនេះ​...​។ អាណិកជន​វៀតណាម​ឆ្លង​ចុះ ឆ្លង​ឡើង​នេះ​ជា​បញ្ហា​»​។

លោក លី សាវេត អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​តាកែវ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា រដ្ឋបាលខេត្ត​របស់​លោក​បានចេញ​ជា​លិខិត​ដាស់តឿន​ដល់​អភិបាលស្រុក​ទាំង​ ៤ និង​ប្រធាន​ច្រកទ្វារ​​ព្រំដែន​ទាំង​ ៣ ដែល​នៅជាប់​ព្រំដែន​វៀតណាម និង​កងកម្លាំង​​សមត្ថកិច្ច​ទាំងអស់​ឱ្យ​រឹតបន្តឹង​វិធានការ​ដែលមាន​កន្លងមក ជាពិសេស​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លិខិត​របស់​ក្រសួងកសិកម្ម​។

លោក សាវេត បាន​បញ្ជាក់ថា​៖ «​យើង​មាន​យន្តការ​ត្រួតពិនិត្យ​ច្បាស់លាស់​របស់​យើង ដែល​មាន​ក្រុមការងារ​របស់​យើង​​ពិសេស​គឺ​ឯកឧត្តម​អភិបាល [​ខេត្ត​] គឺ​លោក​បាន​ត្រួតពិនិត្យ​ការងារ​ហ្នឹង​ជាប់​ជាប្រចាំ​»៕