ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ជាង​ ៤ ​លាន​ ៧ ​សែន​ដុល្លារ​ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ​នេះ ខណៈ​មូលនិធិ បន្ត​លើកទឹកចិត្ត​ដល់​សប្បុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ចូលរួម​បរិច្ចាគ ដើម្បី​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចុះ​ថ្ងៃទី​ ១៤ ខែកក្កដា បានឱ្យដឹងថា ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​មាន​ចំនួន ៤ ៧១៧ ០៤០ ដុល្លារ​ក្នុង​នោះ​ថវិកា​បរិច្ចាគ​ចំនួន ៨៦៩ ៧៩៩ ​ដុល្លារ​បាន​មកពី​សប្បុរសជន ដែល​បាន​បរិច្ចាគ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​), ៤០ ​ប៊ីលាន​រៀល​ពី​វិភាគទាន​ប្រចាំឆ្នាំ​ ២០២១ ​របស់​រាជរដ្ឋាភិបាល​, ១ ​លាន​ដុល្លារ​ពី​វិភាគទាន​ប្រចាំឆ្នាំ​លើក​ទី​៤ ពី​កាកបាទ​ក្រហម​កម្ពុជា​, ១ ២០០ ០០០ ០០០ ​រៀល (​មួយ​ពាន់​ពីរ​រយ​លាន​រៀល​) ពី​ការបរិច្ចាគ​ប្រចាំឆ្នាំ​ ២០២១ របស់​ធនាគារ​អេស៊ីលីដា​។

ចំណែក​ថវិកា​ចំនួន ៨ ៩៦៤ ដុល្លារ​អាមេរិក​បាន​មកពី​ការកាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ពី​គ្រឹះស្ថាន​អង្គរ សម្រាប់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ​នេះ និង​ពី​សប្បុរសជន​សរុប​ចំនួន ៦២ ២៨៥ ​រូប ដែល​រួមមាន​សមាជិក​កិត្តិយស ៣៦ ​រូប​, សមាជិក​គាំទ្រ ៤ ២៦៤ ​រូប និង​សប្បុរសជន​ផ្សេងៗ​ទៀត​ចំនួន ៧១៦ ​រូប ព្រមទាំង​ថវិកា​ដែល​បានមកពី​ហិប​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅតាម​គោលដៅ​នានា​ផងដែរ​។

ស្របពេល​ជាមួយ​គ្នា​នេះដែរ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏​បាន​ផ្ទេរ​ថវិកា​ចំនួន ៤ ០១៨ ២៦០ ដុល្លារ និង ២០០ ០០០ ០០០ (​ពីរ​រយ​លាន​) ​រៀល​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ទាំងអស់ ចំពោះ​ការបន្ត​គាំទ្រ និង​ចូលរួម​ចលនា​កៀរគរ​អំណាយ ឧបត្ថម្ភធន និង​វិភាគទាន ដើម្បី​ធានា​ចីរភាព​នៃ​ប្រភព​ចំណូល សម្រាប់​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ទីតាំង​ឱ្យ​អាច​ដំណើរការ​ជា​ប្រក្រតី ប្រកប​ដោយ​និរន្តរភាព ក្នុង​ការបន្ត​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ ដោយ​ឥត​គិតថ្លៃ និង​ប្រកបដោយ​គុណភាព ដែល​បម្រើ​ដល់​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល ជាពិសេស​សុខភាព​របស់​កុមារ និង​ទារក​នៅ​កម្ពុជា​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជា​សមាជិក​ដែល​រួមមាន ១ សមាជិក​កិត្តិយស បរិច្ចាគ​ចាប់ពី ៥ ​ពាន់​ដុល្លារ​អាមេរិក ក្នុង​ ១ ​ឆ្នាំ​ឬ សមាជិក​គាំទ្រ បរិច្ចាគ​ចាប់ពី ៥ ០០០ រៀល ក្នុង ១ ​ខែ ស្មើនឹង​ ៦ ​ម៉ឺន​រៀល ក្នុង​ ១ ​ឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​» ។

សេចក្តី​ប្រកាស​បន្តថា សប្បុរជន​អាច​បរិច្ចាគ តាមរយៈ​មធ្យោបាយ​ដោយ​ឥតគិតថ្លៃ​សេវា ជាមួយ​បណ្តា​ធនាគារ​ដៃគូ​ដូចជា ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust និង​ភ្នាក់ងារ True Money ឬ​តាមរយៈ​ការបរិច្ចាគ​ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខទូរស័ព្ទ ០៦១ ៧០ ១១១១៕

វីដេអូ៖