ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែងថា មានតែ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ពហុភាគី​និយម​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ​ ដែល​សហគមន៍​អន្តរជាតិ អាច​នឹង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​បាន​ក្នុង​អំឡុងពេល​បញ្ហា​ប្រឈម​សំខាន់ៗ កំពុង​ញាំញី​ពិភពលោក ២ ឆ្នាំ​ចុងក្រោយ​នេះ​គឺជា​ដំណាក់កាល​ដ៏អាក្រក់​បំផុត​នៃ​វិបត្តិ​ផ្នែក​សុខភាព សេដ្ឋកិច្ច​សង្គមកិច្ច និង​មនុស្សធម៌​។

លោក ប្រាក់ សុខុន បាន​ថ្លែងការណ៍​បែបនេះ​នៅក្នុង​សន្និសីទ​រដ្ឋមន្ត្រី​ពាក់កណ្តាល​ឆមាស​នៃ​ចលនា​មិន​ចូលបក្សសម្ព័ន្ធ​ស្តីពី​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ចំណុច​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពហុភាគី​ក្នុង​ការឆ្លើយតប​ទៅនឹង​ការប្រឈម​ពិភពលោក តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ១៣-១៤ ខែ កក្កដា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា នាពេល​បច្ចុប្បន្ន​ក្នុង​ចំណោម​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​កំពុង​ញាំញី​ពិភពលោក​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ រួម​នឹង​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ដ៏កាចសាហាវ គឺជា​ដំណាក់កាល​ដ៏អាក្រក់​បំផុត​នៃ​វិបត្តិ​ផ្នែក​សុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និង​មនុស្សធម៌​។

ចំណែក​ការរើប​កាន់តែខ្លាំង​ឡើងវិញ​នៃ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ និង​ពី​អាកាសធាតុ និង​ការផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​ឌីជីថល​ដែល​អាច​នឹង​កើតមានឡើង​នាពេល​បន្ទាប់​។

លោក​បាន​បន្តថា​៖ «​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​សកល​ទាំងនេះ ការខិតខំ​ប្រឹងប្រែង កិច្ចសហប្រតិបត្តិការ​ពហុភាគី គួរតែ​ត្រូវបាន​បញ្ចូល​ជា​មូលដ្ឋាន​នៅក្នុង​ប្រព័ន្ធ​បទប្បញ្ញត្តិ​នានា ដោយ​ស្របតាម​គោលការណ៍​បានឌុង សេចក្តី​ថ្លែងការណ៍​បាគូ ឆ្នាំ​ ២០១៩ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។

លោក សុខុន បញ្ជាក់ថា​៖ «​ចំពោះ​កម្ពុជា​មាន​តែ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ពហុភាគី​និយម​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ ដែល​សហគមន៍​អន្តរជាតិ​នឹង​អាច​​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​ទាំងនេះ​បាន​។ ការគ្រាន់តែ​រៀបរាប់​ពី​ពហុភាគី​និយម​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ដោយ​មិន​ទទួលស្គាល់​ពហុនិយម​នៃ​ពិភពលោក​នោះ​គ្រាន់តែ​ជាការ​និយាយ​តែ​មាត់​ប៉ុណ្ណោះ​»​។

លោក​បាន​លើកឡើងថា ពហុភាគី​និយម​ពិត​មានន័យថា ការទទួល​យក​ភាពខុសគ្នា និង​ការប្រែក្លាយ​គូប្រជែង​ឱ្យ​ទៅ​ជា​ការប្រកួតប្រជែង​ដោយ​សន្តិវិធី និង​ភាពស្មោះត្រង់​។ បើសិនជា​គ្មាន​ចំណុច​ទាំងនេះ​ទេ នឹង​មិន​អាច​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន និង​អនាគត​បានទេ​។

ខណៈ​ដែល​សហគមន៍​អន្តរជាតិ​ព្យាយាម​ជម្នះ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត គឺ​ត្រូវ​ពង្រឹង​គុណតម្លៃ​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ធានា​ឱ្យ​ប្រទេស​ទាំងអស់​ទទួលបាន​វ៉ាក់សាំង និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដោយ​គ្មាន​ការរារាំង និង​ប្រកប​ដោយ​សមភាព​។

ភាពចាំបាច់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើឱ្យ​ប្រទេស​ជា​សមាជិក​ចលនា​មិន​ចូល​បក្សសម្ព័ន្ឋ​ដើរ​លើ​មាគ៌ា​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ វិធីសាស្ត្រ​ទិសដៅ​ពី​បច្ចុប្បន្ន​របស់​ប្រទេស​អភិវឌ្ឍន៍​ប្រឆាំងនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍​អាចនឹង​ទទួល​បរាជ័យ​ដោយ​ខ្លួនឯង​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ថ្លែង​ថា​ការចូលរួម​ក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​របស់​កម្ពុជា គឺជា​ភាពចាំបាច់​ក្នុង​ការសម្រប ដើម្បី​រក្សា​វត្ដមាន​របស់ខ្លួន​នៅក្នុង​ចលនា​នេះ ពីព្រោះ​ពិភពលោក​បច្ចុប្បន្ន​បាន​វិលត្រឡប់​មក​ចន្លោះ​នៃ​សង្គ្រាមត្រជាក់​ដែល​បាន​ប្រទាញប្រទង់​គ្នា ដើម្បី​បង្កើត​សម្ព័ន្ធមិត្ដ​។

លោក​ថ្លែងថា​៖ «​ប្រទេស​តូច​ដូច​កម្ពុជា​ជម្រើស​ក្នុង​ការរក្សា​នូវ​អព្យាក្រឹតភាព​របស់ខ្លួន​នៅក្នុង​គោលនយោបាយ​ការបរទេស​ជា​ជម្រើស​មួយ​ដែល​ល្អ​ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​។ ប៉ុន្ដែ​មិនមែន​កម្ពុជា​ត្រូវ​បដិសេធ​មិនមាន​ចំណង​មិត្ដភាព​ជាមួយ​ប្រទេស​ ឬ​តំបន់​ណាមួយ​នោះទេ គឺ​ត្រូវ​មានតែ​ត្រូវ​ឈរលើ​ជំហរ​អព្យាក្រឹត​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា​»៕