ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោមឱវាទ​ដាក់បញ្ចូល​វិធានការ​បង្ក្រាប និង​ការពារ​កុមារ​ពី​ការរំលោភបំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ​ទៅក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​ប្រចាំថ្ងៃ​របស់ខ្លួន ស្របពេល​រូបភាព​នៃ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នេះ មាន​ការកើនឡើង​ខ្លាំង​។

ការជំរុញ​បែបនេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៤ កក្កដា ក្នុង​ព្រឹត្តិការណ៍​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ ឆ្នាំ​ ២០២១-២០២៥ តាមរយៈ​កម្មវិធី​អនឡាញ ZOOM​។

ក្នុង​ឱកាស​នោះ លោក ស ខេង ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​ថា ស្របពេល​នឹង​វិបត្តិ​កូវីដ​ ១៩ កំពុង​រាតត្បាត​ទូទាំង​ពិភពលោក ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន រឹតតែ​មាន​សារៈសំខាន់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ និង​ដោះស្រាយ​គ្រប់​បញ្ហា រួមទាំង​ការសិក្សា​អប់រំ​របស់​កុមារ និង​យុវជន​ទាំង​នៅ​ទីក្រុង​ទាំង​ជនបទ​។ ការងារ​នេះ​ធ្វើឱ្យ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន រឹតតែ​ទទួលបាន​នូវ​ការពេញនិយម​សម្រាប់​ទំនាក់ទំនង និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​។

ទោះជា​យ៉ាងណា លោក​លើកឡើង​ថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ក៏មាន​ជ្រុង​អវិជ្ជមាន​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ខុស​គោលដៅ​។ មាន​ការជ្រៀតចូល​ពី​ក្រុម​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​ទាញយក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​ប្រាសចាក​ពី​គន្លង​សីលធម៌ និង​ការអភិវឌ្ឍ​។ បង្កើត​ឱ្យ​មាន​ការកេងប្រវ័ញ្ច និង​ឧក្រិដ្ឋកម្ម​គ្រប់​រូបភាព រួមទាំង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ដែលជា​ទម្រង់​ថ្មី​មួយ​កំពុង​រាលដាល និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កុមារ​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។

ដូច្នេះ​លោក​បង្ហាញ​នូវ​ការជឿជាក់​ថា មន្ត្រី​អ្នកអនុវត្ត​ច្បាប់ ទាំងអស់​នឹង​ដាក់​បញ្ចូល​វិធានការ​បង្ការ ទប់ស្កាត់ និង​ស្តារនីតិសម្បទា​ជនរងគ្រោះ​ ដោយ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ ទៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ការពារ​កុមារ​កម្ពុជា​ពី​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​។

លោក ស ខេង បញ្ជាក់ថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គប្បី​យកចិត្តទុកដាក់​បញ្ចូល​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អនឡាញ​ទៅក្នុង​ផែនការ​ប្រតិបត្តិ​ប្រចាំថ្ងៃ​របស់​អង្គភាព​សាមី​។ នេះ​គឺជា​ការសំខាន់​ណាស់ ដែល​បញ្ជាក់​ពី​ការគាំទ្រ និង​ការចូលរួម​គ្រប់​ក្រសួង​ស្ថាប័ន​»​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ការវិភាគ​ស្ថានភាព​ដំបូង​នៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​តាម​អនឡាញ​នៅ​កម្ពុជា​ឆ្នាំ​ ២០២០ ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក.ជ.ក.) បាន​ដឹកនាំ និង​សម្របសម្រួល គឺ​ប្រមាណ​ ៦០% នៃ​កុមារ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​អង្កេត​ត្រូវ​បាន​រាយការណ៍​ថា ធ្លាប់បាន​ជួបប្រទះ​ហានិភ័យ​នៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​តាម​អនឡាញ នៅពេល​ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត​ដូចជា​ការលួងលោម​ក្នុង​គោលបំណង​ផ្លូវភេទ និង​ការបង្ខំ​ផ្ញើ​រូបអាក្រាត​របស់​កុមារ​ជាដើម​។

បន្ថែម​ពីនេះ តាមរយៈ​ការរាយការណ៍​ពី​សាធារណជន​មកកាន់​សមត្ថកិច្ច និង​បណ្តាញ​រាយការណ៍​តាម​អ៊ីនធឺណិត​ (Internet Hotline) ជា​មធ្យម​មាន​ចំនួន​រាយការណ៍​ជាង​ ១៥០ ​ករណី ក្នុង​ ១ ​ឆ្នាំៗ ដែលជា​ករណី​សង្ស័យ​ទាក់ទង​នឹង​ការ​លួងលោម​កុមារ​តាម​អន​ឡាញ ការផលិត និង​ចែកចាយ​រូបភាព សម្ភារ​អាសអាភាស​កុមារ និង​ការគំរាម​ខាង​ផ្លូវភេទ​ជាដើម​។

លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើកឡើងថា ការចូលរួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​តួអង្គ យុត្តិធម៌​ព្រហ្មទណ្ឌ អ្នក​អនុវត្តន៍​ច្បាប់ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ តាមរយៈ​ផែនការ​សកម្មភាព​ថ្មី​នេះ​នឹង​នាំឱ្យ​កុមារ​កម្ពុជា ទទួល​បាន​នូវ​ការការពារ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​កុមារ​ក៏ត្រូវ​តែ​ទទួលបាន​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ដែលជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​ស្តារនីតិសម្បទា​កុមារ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ ឱ្យមាន​ភាពរលូន និង​ឆាប់​ជាសះស្បើយ ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺជា​ទម្រង់​នៃ​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​លើ​កុមារ​គួរឱ្យ​ភ័យខ្លាច​»​។

តាម​ផែនការ​សកម្មភាព​ថ្មី​នេះ​បាន​កំណត់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ ដូចជា ការពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ និង​អភិបាលកិច្ច​។ ការលើកកម្ពស់​យុត្តិធម៌​ព្រហ្មទណ្ឌ ការលើកកម្ពស់​វិធានការ​បង្ការ ទប់ស្កាត់​និង​ស្តារនីតិសម្បទា​ជនរងគ្រោះ​ដោយ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ និង​ការពង្រឹង​សុវត្ថិភាព​សហគមន៍​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ផងដែរ​។

តាម​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា និង​អង្គការ​ជា​ដៃគូ​ឱ្យ​ដឹងថា ចំនួន​ថវិកា​ប៉ាន់ស្មាន​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នេះ គឺ​ប្រមាណ​ជាង​ ៣,៨ ​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​ជាង​ ៥ ​ឆ្នាំ ដែល​គ្របដណ្តប់​ទៅលើ​វិស័យ​យុទ្ធសាស្ត្រ​ទាំង​ ៦​។ ថវិកា​ចំនួន​ ៣៦ ​ភាគរយ គឺជា​ថវិកា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល និង​ថវិកា ៦៤ ​ភាគរយ​ទៀត​គឺជា​ការចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​៕