ភ្នំពេញៈ ជនសង្ស័យ​ចំនួន​ ១៨ ​នាក់ ​ត្រូវ​សមត្ថកិច្ច​បង្ហាញមុខ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃនេះ ក្រោយពី​ចាប់ខ្លួនបាន​ ៣ ​ថ្ងៃ​ ពាក់ព័ន្ធ​នឹង​ការស្លៀក​ស្បង់ចីពរ​ក្លែង​ជា​សង្ឃ​ដើរ​រៃអង្គាស លុយ​ពី​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​ ឈឹម សាវុទ្ធ អធិការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ប្រាប់​នៅ​ថ្ងៃទី​ ១៤ ខែកក្កដា ថា នគរបាល​ខណ្ឌ​កំបូល​របស់លោក​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃទី​ ១៥ កក្កដា​នេះ ដើម្បី​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ១៨ ​នាក់​នេះ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​ពួកគេ​ដែល​បាន​ក្លែង​ជា​សង្ឃ​ដើរ​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ក្រុម​ជនល្មើស​បាន​ក្លែង​ធ្វើជា​សង្ឃ​ហើយ​ដើរ​រៃអង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​។ ពួកគេ​ជា​អ្នក​ជាន់ពន្លិច​ព្រះពុទ្ធសាសនា ខណៈ​ខ្លួន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​»​។

បើតាម​លោក​ ឈឹម សាវុទ្ធ កាលពី​ថ្ងៃទី​ ១២ កក្កដា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ដោយ​រៀបរាប់​ថា មាន​មនុស្ស​ ១ ​ក្រុម​បានមក​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុង​បុរីពិភពថ្មី​ (​ទឹកដី​ខណ្ឌ​កំបូល​)​។

លោក​ថា នៅពេល​ព្រឹក​គេ​តែង​ឃើញ​សង្ឃ​ជាច្រើន​អង្គ​ចេញពី​ផ្ទះជួល​នោះ​ទៅ​បិណ្ឌបាត​រៀងរាល់ថ្ងៃ​។ បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ លោក​ ហង្ស មុនី អធិការ​នគរបាល​ខណ្ឌ​កំបូល​បញ្ជា​ឱ្យ​លោក​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​នៅតាម​គោលដៅ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​។

លុះ​នៅវេលា​ម៉ោងជាង​ ១១ ​ថ្ងៃត្រង់​ថ្ងៃទី​ ១២ កក្កដា សមត្ថកិច្ច​របស់លោក​បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ ៩ ​នាក់​ជា​សង្ឃ​គ្រងស្បង់​ចីពរ​ហើយ​មាន​បុរស​ម្នាក់​ជា​អ្នកបើករថយន្ត​ម៉ាក​កូរ៉ូឡា​ ១ ​គ្រឿង​ចាំ​ដើរ​ប្រមូល​ពួកគេ​នៅ​ភូមិ​ព្រៃបឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។

បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ពួកគេ​បាន​ ១០ ​នាក់​ហើយ ក៏​បន្ត​ឃាត់ខ្លួន​បក្ខពួក​គេ​បាន​ ៨ ​នាក់​បន្ថែមទៀត​។ លោក​បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​គឺ​លោក​បាន​យក​ពួកគេ​ទៅ​ប្រគល់​ឱ្យ​ព្រះអនុគណ​ខណ្ឌ​កំបូល​ចាប់​ដោះ​ស្បង់ចីពរ និង​ដឹក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរចម្លើយ​។ ក្នុង​ចំណោម​ជន​ក្លែង​ជា​សង្ឃ​ទាំង​ ១៨ ​នាក់ មាន​ ៧ ​នាក់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

បើតាម​លោក​ ឈឹម សាវុទ្ធ តាម​ចម្លើយសារភាព​របស់​ក្រុម​ជនសង្ស័យ​បាន​ប្រាប់ថា ពួកគេ​ក្លែង​ជា​សង្ឃ​ដើរ​បិណ្ឌបាត​នេះ​បាន​ធ្វើ​រយៈពេល​ជាយូរ​មកហើយ និង​មាន​បុរស​ជា​មេខ្យល់​ម្នាក់ ឈ្មោះ ម៉េង អាយុ​ ២៥ ​ឆ្នាំ​ជា​អ្នក​មេគំនិត​។

ពាក់ព័ន្ធ​នឹង​ការដើរ​រៃអង្គាស​លុយ​នេះ គឺ​ក្នុង​ ១ ​ថ្ងៃៗ​ពួកគេ​រកលុយ​បាន​ពី​ ៨ ​ម៉ឺន​ទៅ​ ១០ ​ម៉ឺន​រៀល ប៉ុន្តែ​មេខ្យល់​ឱ្យ​ពួកគេ​បង់​ម្នាក់ៗ​ពី​ ៣០ ០០០ ទៅ​ ៣៥ ០០០ ​រៀល​។ ចំពោះ​លុយ​នៅសល់ ពួកគេ​យកទៅ​ចាយវាយ​ផ្ទាល់ខ្លួន​។ ចំណែក​មេខ្យល់​កំពុង​ត្រូវបាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​៕

វីដេអូ៖