ភ្នំពេញៈ ថ្ងៃទី​ ១៤ ខែកក្កដា គឺជា​ខួប​លើក​ទី​២៨ ​ឆ្នាំ​នៃ​ការបង្កើត​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (១៩៩៣-២០២១) ប៉ុន្តែ​ស្ថាប័ន​កងកម្លាំង​មាន​សមត្ថកិច្ច​ដែលមាន​កងកម្លាំង​សរុប​ជាង​ ១ ​ម៉ឺន​នាក់​នេះ​មិន​បាន​រៀបចំ​ពិធី​ប្រារព្ធ​ខួប​ដូច​រៀងរាល់ឆ្នាំ​ឡើយ​ ដោយសារ​តែមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើតាម​ការថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​នេះ​។

ក្នុង​សារលិខិត​ជូនពរ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ និង​ទិវា​កំណើត​កងរាជអាវុធហត្ថ​ (១៩៩៣-២០២១) កាលពី​ថ្ងៃទី​ ៩ ខែកក្កដា លោក សៅ សុខា មេបញ្ជាការ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងថា ការរំឭក​ខួប​អនុស្សាវរីយ៍​នេះ ស្រប​ទៅ​នឹង​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ នៅ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់​មិនទាន់​មាន​ការធូរស្បើយ​នៅឡើយ ហើយ​វីរុស​នេះ​បាន​បំប្លែង​ថ្មី មាន​សភាព​ធ្ងន់ធ្ងរ រីឯ​ការចម្លង និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅតែ​បន្ត​មាននៅ​ឡើយ​។

លោក សៅ សុខា បន្តថា ចំណែក​ប្រទេស​កម្ពុជា​ក៏​ទទួលរង​នូវ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នេះដែរ ជាពិសេស​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេលមុនៗ ដែល​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ដល់​អាយុជីវិត ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​សង្គម​ទៀតផង​។

លោក​លើកឡើង​ថា ដោយសារ​តែ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ឆ្នាំនេះ កងរាជអាវុធហត្ថ មិន​អាច​រៀបចំ​ប្រារព្វ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍ ដូច​រៀងរាល់ឆ្នាំ​បាន​ឡើយ ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​រស់នៅ​ស្របតាម​បរិបទ​ថ្មី​។

ទោះយ៉ាងណា​លោក​ សៅ សុខា ​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ជាមួយ​នឹង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មេបញ្ជាការ ប្រធាន​ស្ថាប័ន នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង តស៊ូ លះបង់​នូវ​អ្វីៗ​គ្រប់បែបយ៉ាង ប្រកប​ដោយ​ឆន្ទៈ មោះមុត ក្លាហាន ភក្តីភាព និង​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី ភារកិច្ច​របស់ខ្លួន​»​។

លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកក្កដា​ថា ក្នុង​រយៈពេល ២៨ ​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ រហូតដល់​បច្ចុប្បន្ននេះ​កងរាជ​អាវុធហត្ថ​សម្រេចបាន​នូវ​សមិទ្ធផល និង​ស្នាដៃ​សំខាន់​ជាច្រើន និង​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ដោយ​ក្នុងនោះ​បាន​សាងសង់​បន្ទាយ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

លោក អេង ហ៊ី បន្ត​ថា ក្រៅពីនេះ​ក៏​មាន​ការសាងសង់​វិទ្យាស្ថាន​កងរាជ​អាវុធហត្ថ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឹន និង​នៅតាម​បណ្តា​ខេត្ត​នានា​ក៏​មាន​សាងសង់​អគារ​របស់​កងរាជអាវុធហត្ថ ដែល​មាន​ប្លង់ និង​គំរូ​ដូចគ្នា ដោយ​ប្តូរ​ពី​ទីតាំង​ចាស់​ទៅ​កាន់​ទីតាំង​ថ្មី​ផងដែរ​។ ដោយឡែក​ចំពោះ​ធនធាន​មនុស្ស​ក៏មាន​ការបណ្តុះបណ្តាល​ជំនាញ​យោធា និង​កងរាជអាវុធហត្ថ​។

លោក អេង ហ៊ី បញ្ជាក់ថា​៖ «​យើង​បាន​បណ្តុះបណ្តាល​ទៅតាម​តួនាទី​ភារកិច្ច​របស់​កងរាជ​អាវុធហត្ថ ស្រប​ជាមួយ​នឹង​សភាពការណ៍​ជាតិ និង​អន្តរជាតិ ធ្វើការ​អប់រំ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា ដែល​ពាក់ព័ន្ធ ដោយសារ​តែ​កងរាជអាវុធហត្ថ​របស់​យើង​មាន​តួនាទី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​»​។

លើសពីនេះ កងរាជអាវុធហត្ថ​ក៏​បាន​បង្ក្រាប​រាល់​បទល្មើស និង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​មាន​គ្រោះមហន្តរាយ និង​ផ្តល់​កម្លាំង​ទៅ​ស្ថាប័ន​ផ្សេងៗ​ដូចជា គយ រដ្ឋបាល​ព្រៃឈើ និង​ជលផល ដើម្បី​ចូលរួម​សហការ​ចុះបង្ក្រាប​បទល្មើស​។

បើតាម​លោក អេង ហ៊ី ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​កងរាជអាវុធហត្ថ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ស្ថាប័ន​កងរាជ​អាវុធហត្ថ​មាន​កងកម្លាំង​សរុប​នៅ​ទូទាំង​ប្រទេស​ជាង ១ ម៉ឺន​នាក់​។ នៅពេល​ត្រូវបាន​បង្កើតឡើង​ដំបូង កងកម្លាំង​កងរាជ​អាវុធហត្ថ ត្រូវ​បាន​ជ្រើសរើស​ចេញពី​កងទ័ព​ក្នុង​វគ្គ​ទី​ ១ ដែលមាន​ចំនួន​ត្រឹមតែ​ ១០០ ​នាក់​ប៉ុណ្ណោះ​៕