ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៣ ខែ កក្កដា ឆ្នាំ​ ២០២១ បាន​បើក​សវនាការ ជំនុំជម្រះ​ទោស ប្ដី​ប្រពន្ធ​ជនជាតិ​ចិន និង​មីយ៉ាន់ម៉ា​ ២ ​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃសកាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ ​ក្នុង​បទល្មើស​ផលិត និង​ជួញដូរ​គ្រឿងញៀន​ជាង​ ៥៧ ​គីឡូក្រោម​។

បន្ទាប់ពី​ជំនុំជម្រះ ចៅក្រម​បានប្រកាស​ថា សាលក្រម​នៃ​សំណុំរឿង​គ្រឿងញៀន​របស់​ជនបរទេស​ទាំង​ ២ ​នាក់​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០២១​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ជនជាប់ចោទ​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​សំណុំរឿង​គ្រឿងញៀន​នេះ រួមមាន​ឈ្មោះ LEE KWAN FUK អាយុ ៦០ ​ឆ្នាំ ជា​ជនជាតិ​ចិន ត្រូវ​ជា​ប្ដី​របស់​ជនសង្ស័យ​ឈ្មោះ THET HLAING អាយុ​ ៥២ ​ឆ្នាំ ជា​ជនជាតិ​មីយ៉ាន់ម៉ា​។

អ្នក​ទាំង​ ២ ​ត្រូវបាន​កម្លាំង​ការិយាល័យ​ (​ក១១) ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​នៅ​ពី​ថ្ងៃទី​ ២៩ ខែ មេសា ឆ្នាំ​ ២០២១ នៅ​ចំណុច​ទីតាំង​ផ្ទះ​គ្មាន​លេខ​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ក្រោយពី​ឆែកឆេរ​រកឃើញ​គ្រឿន​ញៀន​ប្រភេទ ecstasy សរុប​ជាង​ ៥៧ ​គីឡូក្រាម និង​ម៉ាស៊ីន​ផលិត​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​ ២ ​គ្រឿង​។

លោក អ៊ី រិន្ទ បាន​បញ្ជាក់ថា​៖ «​ក្រោយ​បញ្ចប់​សវនាការ​សួរ​ដេញដោល និង​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការស្នើសុំ​ឱ្យមាន​ការបន្ធូរបន្ថយ​ទោស​របស់​ជនជាប់ចោទ​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ រួច​លោក​ សេង សុជាតិ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​ ១២ ​សីហា ឆ្នាំ​ ២០២១»​។

បើតាម​លោក អ៊ី រិន្ទ ជនជាប់ចោទ​ប្ដី​ប្រពន្ធ​ទាំង​ ២ ​នាក់​នោះ​ត្រូវ​បាន​លោក ចែ សុង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​រក្សា​ការចោទប្រកាន់​ពី​បទ​ «​ផលិត​កែច្នៃ និង​ជួញដូរ​សារធាតុ​ញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​គ្រឿងញៀន​»​។

យោងតាម​បទចោទ និង​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​គ្រឿងញៀន ជនជាប់ចោទ​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ​នេះ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​៕