ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយចំនួន​បង្ហាញ ការពេញចិត្ត​ចំពោះ​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ថ្មី ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ខណៈ​ពួកគេ​នៅតែ​ទទូច​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ បន្ត​យក​ចិត្ត​ទុកដាក់​ក្នុងការ​ប្រមូល​សំរាម​ឱ្យបាន​ល្អ​ជាង​នេះ​បន្ថែមទៀត កុំ​ធ្វើ​បានតែ​ដំបូង​។

ប្រតិបត្តិករ​ប្រមូល​សំរាម​ថ្មី​ចំនួន​ ៣ បានចាប់ផ្តើម​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅតាម​តំបន់​ចំនួន​ ៣ នៃ​ខណ្ឌ​ទាំង​ ១៤ របស់​រាជធានី-ភ្នំពេញ ដោយឡែក​ពីគ្នា​ចាប់​តាំងពី​ថ្ងៃ​ទី​ ១ កក្កដា បន្ទាប់ពី​ពួកគេ​បានឈ្នះ​ការដេញថ្លៃ និង​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ វាយតម្លៃ​ពី​កម្រិត​គុណភាព​ក្នុង​ចំណោម​ក្រុមហ៊ុន ដែល​បាន​ចូលរួម​ដេញថ្លៃ​ដទៃទៀត​។

ប្រតិបត្តិករ​ថ្មី​ទាំង​ ៣ ​នេះ រួមមាន ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited ត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​ ១ ដែលមាន​ ៥ ​ខណ្ឌ គឺ​ខណ្ឌ​ទួលគោក ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ​។

ក្រុមហ៊ុន Mizuda Group Co, Ltd ត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​ ២ ដែលមាន​ ៥ ​ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧មករា ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល​។ រីឯ​ក្រុមហ៊ុន CINTRI (Cambodia/Everbright (China) ត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​ ៣ មាន​ ៤ ​ខណ្ឌ​គឺ​ខណ្ឌ​ចំការមន ខណ្ឌ​បឹងកេងកង ខណ្ឌ​មានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។

ក្នុង​រយៈពេល​ប្រតិបត្តិការ​ប្រមាណ​ ២ ​សប្តាហ៍​មកនេះ លោក​ មករា ដែលជា​អាជីវករ​បើក​លក់​ហ្គាស​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៤ កក្កដា​ថា ការ​ចូលមក​បម្រើសេវា​របស់​ក្រុមហ៊ុន​ថ្មី គឺ​មាន​លក្ខណៈ​ល្អ និង​មិនល្អ​ខ្លះៗ​។

ចំណុច​ល្អ​នោះ គឺ​លោក​សង្កេតឃើញ​ថា ក្រុមហ៊ុន Mizuda នេះ បាន​ប្រមូល​សំរាម​ស្អាត​ជាង​មុន ដោយ​មិន​បង្ក​ឱ្យ​សំរាម​ធ្លាក់​រាយប៉ាយ​ពេញមុខ​ផ្ទះ និង​ផ្លូវ​សាធារណៈ​នោះទេ​។ បន្ថែម​ពីនេះ លោក​ថា ចំពោះ​រថយន្ត​ដឹក​សំរាម​ក៏​ថ្មីៗ ដែល​មិន​បង្ក​ឱ្យ​ទឹកស្អុយ​នៃ​សំរាម សាច​រាយប៉ាយ​ពេញ​ផ្លូវ បណ្តាល​ឱ្យ​ស្អុយ​នោះដែរ​។

ប៉ុន្តែ​លោក​ហាក់​មិន​ពេញចិត្ត​ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ថ្មី​នេះ ត្រង់​ថា តំបន់​ដែល​លោក​រស់នៅ​មាន​កម្មករ​ច្រើន ហើយ​ការបញ្ចេញ​សំរាម​ក៏​ច្រើន​ផងដែរ ប៉ុន្តែ​ប្រតិបត្តិការ​នៃ​ការ​មក​យក​សំរាម​របស់​ក្រុមហ៊ុន​បែរជា​យឺតយ៉ាវ​ទៅវិញ​ធ្វើឱ្យ​សំរាម​កកស្ទះ​ពេញមុខ​ផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ថ្មី​នេះ មិនសូវ​ឃើញ​មក​យក​សំរាម​នៅ​តំបន់​ខ្ញុំ​ញឹក​នោះទេ ដល់​ពេល​ក្រ​មក​យក​បែប​នេះ វា​កក​ពេញ​មុខផ្ទះ​ធ្វើ​អ្វី​មិនកើត​។ ព្រោះ​តំបន់​ខ្ញុំ​ធ្លាប់តែ​ឡាន​សំរាម​មក​យក​សឹង​រាល់ថ្ងៃ ដល់​ពេល​នេះ​សំរាម​ដល់​តែ​ ៣ ទៅ​ ៤ ​ធុងសំរាម បាន​ឡាន​សំរាម​មក​យក​ម្តង​។ យើង​រកស៊ី​លំបាក​ដែរ​ដល់​អ៊ីចឹង​»​។

ចំណែក​អ្នកស្រី​ ធុល អក្ខរ៉ា ជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ខណ្ឌ​ឫស្សីកែវ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ កក្កដា​ដែរ​ថា ចំពោះ​ក្រុមហ៊ុន​ថ្មី ដែល​មក​ប្រមូល​សំរាម​នៅ​តំបន់​អ្នកស្រី​ក៏​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ជាមួយ​នឹង​ប្រតិបត្តិករ​ចាស់​នោះដែរ​។

ប៉ុន្តែ​បើតាម​ស្ត្រី​រូបនេះ គ្រាន់តែ​អ្នកស្រី​សង្កេតឃើញ​មាន​ចំណុច​ល្អៗ​មួយ​ចំនួន​ច្រើនជាង​មុន ដូចជាការប្រើប្រាស់​យានយន្ត​ថ្មី ការប្រមូល​សំរាម​បាន​ស្អាត​ជាង​មុន​។ ប៉ុន្តែ​អ្នកស្រី​បារម្ភ​ថា ថ្ងៃមុខ​ទៅ​ក៏​មិន​ច្បាស់​ថា​ក្រុមហ៊ុន​នេះ​អាច​នៅតែ​បន្ត​ប្រតិបត្តិការ​ល្អ​ជាង​មុន ឬ​យ៉ាប់​ជាង​មុន​នោះទេ​។

អ្នកស្រី​បន្តថា​៖ «​ទៅ​ថ្ងៃមុខ​ទៀត​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​។ ព្រោះ​អី​គេ​ទើប​ប្រមូល​អ៊ីចឹង ដូច​មក​ដំបូង​អ៊ីចឹង​ឃើញថា​គ្រាន់បើ​ជាង​។ មក​ប្រមូល​ទៀងទាត់​។ ដល់​ទៅ​ថ្ងៃក្រោយ​ទៀត​ខ្ញុំ​មិន​ហ៊ាន​និយាយ ថា​ម៉េច​ទេ ព្រោះ​ខ្លាច​បានតែ​ដំបូង មាន​តែ​ចាំមើល​បន្តទៀត​»​។

រីឯ​អ្នកស្រី​ មួយ គា ដែលជា​ម្ចាស់​ផ្ទះជួល​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ដែលមាន​ក្រុមហ៊ុន ស៊ីនទ្រី ជា​អ្នក​បម្រើសេវា​ប្រមូល​សំរាម ដដែល​និយាយថា ពីមុន និង​ពេលនេះ គឺ​មិន​ខុសគ្នា​ទេ ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មួយ​នេះ​។

អ្នកស្រី​ថា ក្រុមហ៊ុន​នៅតែ​មក​យក​សំរាម​តាម​ការកំណត់​របស់​ខ្លួន​ដូច​ពេល​កន្លងទៅ​ដដែល​។ អ្នកស្រី​បន្តថា​៖ «​មិនមាន​អ្វី​ខុសគ្នា គឺ​ឡាន​ និង​មនុស្ស​ដដែល មក​យក​សំរាម​ពី​មុខ​ផ្ទះ​ខ្ញុំ​។ មិនមាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ទេ​។ គាត់​ប្រមូល​សំរាម​អស់ៗ​ពី​មុខ​ផ្ទះ​ដូច​តែ​ពី​មុន​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា កុំឱ្យ​ជួប​បញ្ហា​ដូច​មុន​ទៀត នៅពេល​កម្មករ​គាត់​ធ្វើបាតុកម្ម កម្មករ អត់​មក​យក​សំរាម​តែមួយ​រយៈ ស្អុយ​ពេញ​ហ្នឹង​»​។

យោងតាម​ការបញ្ចេញ​ទស្សនៈ​របស់​អ្នកប្រើប្រាស់​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹងរាវ​នៃ​សាលា​រាជធានី​ភ្នំពេញ មួយរយៈ​ចុងក្រោយ​នេះ​សង្កេតឃើញ​ថា​មាន​ការបង្ហាញ​ការពេញចិត្ត​ចំពោះ ប្រតិបត្តិការ​ប្រមូល​សំរាម​ទាំងនេះ ច្រើន​ជាង​ការរិះគន់​ បន្ទាប់ពី​ពេល​កន្លងទៅ បញ្ហា​សំរាម គឺ​តែងតែ​មាន​ប្រតិកម្ម និង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។

លោក​ សន ជ័យ ប្រធាន​អង្គការ សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើត​សេវាកម្ម​កាយ​សំរាម​ក្នុង​លូ ប្រឡាយ​ទឹកស្អុយ ជាប្រចាំ​បន្ថែម​ទៀត ព្រោះ​បញ្ហា​នេះ​ក៏​ជា​រឿង​ល្អ​មួយ​នាំឱ្យ​កាត់បន្ថយ​ការកកស្ទះ​ទឹក​ជន់​លិច​ទីក្រុង​បានដែរ​។

លោក​បាន​ថ្លែងថា​៖ «​ក្រៅពីនោះ ការបង្កើត​ជន​បង្គោល​នៅតាម​ភូមិ​ដើម្បី​ត្រួតពិនិត្យ​ការគ្រប់គ្រង​សំរាម និង​ផ្លាស់ប្តូរ​ឥរិយាបថ​ពលរដ្ឋ​ ដើម្បី​បរិស្ថាន​ស្អាត បរិស្ថាន​បៃតង​ជា​ជម្រើស​នៅ​ថ្ងៃ​អនាគត ដែល​យើង​ចង់ឱ្យ​កើតមាន​នៅ​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​»៕

វីដេអូ៖